ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពពុលស្រានិងទឹក… ធូរស្រាលជាង១០០នាក់ចូលភូមិ​វិញ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ការ​ពុលដែល​បាន​វាយលុក​អ្នកស្រុក​ស្ទើរ​ពេញ​មួយ​ភូមិពេល​នេះ ​អាជ្ញាធរ​ត្រួតត្រា​ស្ថាន ការណ៍​បាន​ហើយ ដោយ​គ្មាន​អ្នក​ពុល​កើនឡើង​ទៀត​ទេ ឯ​អ្នក​រង​គ្រោះ​ដែល​បាន​បញ្ជូនមក​ព្យាបាល​ក៏​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ខ្លួន​វិញ​ជា​បណ្តើរ​ៗ​ដែរ ។ ចំពោះ​ការ​ពុល​ដែល​អាជ្ញាធរ​កំណត់​ថា ដើមចម​បណ្តាល​មក​ពី​ពុល​ស្រា​…

ខេត្តក្រចេះ ៖ ការ​ពុលដែល​បាន​វាយលុក​អ្នកស្រុក​ស្ទើរ​ពេញ​មួយ​ភូមិពេល​នេះ ​អាជ្ញាធរ​ត្រួតត្រា​ស្ថាន ការណ៍​បាន​ហើយ ដោយ​គ្មាន​អ្នក​ពុល​កើនឡើង​ទៀត​ទេ ឯ​អ្នក​រង​គ្រោះ​ដែល​បាន​បញ្ជូនមក​ព្យាបាល​ក៏​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ខ្លួន​វិញ​ជា​បណ្តើរ​ៗ​ដែរ ។ ចំពោះ​ការ​ពុល​ដែល​អាជ្ញាធរ​កំណត់​ថា ដើមចម​បណ្តាល​មក​ពី​ពុល​ស្រា​ និង​ទឹក​ព្រែក បាន​ផ្ទុះ​ជាបាតុភាព​យ៉ាង​គំហុក​វាយលុក​លើ​អ្នកស្រុក​ក្មេង​ចាស់​ពេញ​មួយ​ភូមិ​ស្រែ​ន​ន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ក្នុង​នោះ​បាន​បង្ក​ឱ្យ​មាន​អ្នក​ភូមិ​ប្រុស​ស្រី​យ៉ាងតិច​១៣​ស្លាប់ និង​ច្រើន​រយ​នាក់​ទៀត​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ ។

នៅ​ថ្ងៃ​ទី​៨ ខែឧសភា ស្ថានភាព​នៃ​ការ​ពុល​បាន​ធូរស្រាល​មក​វិញ​ហើយ ឯ​ចំនួន​អ្នក​ភូមិ​ដែល​រង​គ្រោះ​ដោយ សារ​ពុល​មិន​មាន​តួលេខ​កើនឡើង​ទេ ចំណែក​អ្នក​ភូមិ​រង​គ្រោះ​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​ក៏​មាន​ភាព​ធូរ ស្រាល និង​បាន​ត្រឡប់​ទៅ​កាន់​ភូមិឋាន​វិញ  ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ឈ្នាង សុ​វត្ថា ។

ថ្លែងប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨  ឧសភា លោកប្រធាន​មន្ទីរ​សុខាភិបាលមាន​ប្រសាសន៍​ថា អ្នក​ភូមិ​ដែល​រង​គ្រោះ​ និង​បាន​មក​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​២៣៧​នាក់​(​ស្រី​១៧១​នាក់​) ។ យោង​តាម​ការ​សិក្សា​របស់​ក្រុម​ជំនាញ​មក​ពី​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា​មន្ទីរ​សុខាភិបាល​ខេត្ត​បានរក​ឃើញ​ថា អ្នក​ដែល​មាន​រោគ​សញ្ញា​ទាក់ទង​នឹង​ការ​ពុល​ចំនួន​៥៨​នាក់​(​ស្រី​៣៥​នាក់​) ស្លាប់​ចំនួន​១៣​នាក់​(​ស្រី​៨​នាក់​) ។ រហូត​មក​ទល់​នឹង​ពេល​នេះ ស្ថានភាព​អ្នកជំងឺ​សម្រាក​ពេទ្យ​ដែល​ធូរស្រាល ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ចំនួន​១២៣​នាក់ ក្នុង​នោះ​ស្រី្ត​៤៩​នាក់ កុមារ​៥៨​នាក់។

បើ​តាម​លោក ឈ្នាង សុ​វត្ថា បាន​បញ្ជាក់​ថា អាការ​របស់​អ្នកជំងឺ​ទាំង​ស្លាប់​និង​ឈឺ​កំពុង​ជួយ​សង្គ្រោះ គឺ​មាន​អាការ​ពុល​ដូច​ៗ​គ្នា​ដូច​ជា ងងឹតមុខ ស្រវាំងភ្នែក ហេវ​ហត់ ណែន​ដើមទ្រូង ទន់​ដៃជើង ។ លោក​ប្រធាន​មន្ទីរ​លើក​ឡើង​ថា ក្រុម​គ្រូពេទ្យ​បាន​ពន្យល់​ណែនាំ​ពលរដ្ឋ ពេល​ទៅ​ដល់​ភូមិវិញ​ឱ្យ​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​អាហារ​ប្រចាំ​ថ្ងៃ ពិសេស​ហាម​មិន​ឱ្យ​ពួក​គាត់ទទួលទាន​ស្រា​.​ស និង​ទឹក​ព្រែក អូរ នោះ​ទៀត​ទេ ។ក្រុម​អាជ្ញាធរ​ដែល​មាន​វត្តមាន​ជួយ​សង្គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ភូមិ​ប្រុស​ស្រី​ក្មេង​ចាស់​ត្រូវ​បាន​អាជ្ញាធរ​ដឹក​បញ្ជូន​ពួក​គាត់​តាម​រថយន្ត​ធំ​ៗ​របស់​អង្គភាព​កងកម្លាំង ចេញពី​មន្ទីរពេទ្យ នាំ​ឆ្ពោះទៅ​កាន់​លំនៅ​ឋាន​ក្នុងភូមិ​វិញ ។

ដោយ​និយាយ​រដឺន​ៗ​ជា​ជនជាតិភាគតិច​ព្នង ក្នុង​វ័យ​៧៦​ឆ្នាំ បុរស​ឈ្មោះ ហ​ញ ក្លើ​ស ដែលប្រពន្ធ​គាត់​បាន​ស្លាប់​ដោយ​ការ​ពុលរៀបរាប់​ថា អាការ​របស់​គាត់​បាន​ធូរស្រាល​ក្រោយ​ពី​បាន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ គាត់​នឹង​ចូល​ទៅ​រស់នៅ​ក្នុងភូមិ​វិញ ប្រសិនបើ​មាន​អ្នក​ភូមិ​ច្រើន​នាក់​ចូល​ទៅ​ដែរ​នោះ ។ គាត់​ថា អ្នក​ភូមិ​នឹង​មាន​ពិធី​តាម​ប្រពៃណី​ជនជាតិភាគតិច​គឺ កាប់​គោ ក្របី​ដើម្បី​សែន​ដល់​អ្នកតា​ម្ចាស់​ស្រុក ក្រោយ​ពី​ស្ថានភាព​ពុល​នេះ​បាន​ធូរស្រាល ។

លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ អ្នក​ភូមិ​ខ្លះ​និយាយថា ពួក​គាត់​ហាក់ដូចជា​មិន​ហ៊ាន​ចូល​ទៅ​រស់នៅក្នុងភូមិ​វិញ​ទេ នៅ​ពេល​ដែល​ភូមិ​របស់​គាត់​បាន​ជួប​គ្រោះអាក្រក់ ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នាក់​បែប​នេះ​រួច​មក ។ដោយសារ​តែ​ស្ថានភាព​ពុល​បាន​វាយលុក​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​ភូមិ​ស្រែ​ន​ន ដែល​ជា​ភូមិ​មួយ​សម្បូរ​ទៅ​ដោយ​បងប្អូន​ជនជាតិភាគតិច​ព្នងរស់នៅ មា​នទី​តាំងនៅ​ប្រប​នឹង​ដងព្រែក​ទេរ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ភូមិ​ដែល​ធ្លាប់​មាន​អ្នក​ភូមិ​រស់នៅ​យ៉ាង​អ៊ូអរ ឥឡូវ​ប្រែ​ក្លាយទៅជា​ស្ងាត់ជ្រងំ និង​ត្រូវ​បាន​អ្នក​ភូមិ​ប្តូរឈ្មោះ​ថា​ជា​ភូមិ​ខ្មោច ។

សំឡេង​គោ ក្របី ឆ្កែ ជ្រូក មាន់ ទា នៅ​ស្រែកយំរ​ង៉ោង​ពេញ​ភូមិ​លាយឡំ​នឹង​ផ្សែង​ភ្នក់ភ្លើង ដែល​អ្នក​ភូមិ​គរ​ដុត និង​រូប​ទីងមោង​ខាង​មុខ​ផ្ទះ លើ​ជំនឿ​អរូបី​ដែល​ពួក​គាត់​ជឿ​ថា ដើម្បី​បណ្តេញ​ខ្មោច​ព្រាយ​បិសាច​ឱ្យ​ចេញពី​ភូមិ ។ ទិដ្ឋភាព​ក្នុងភូមិ ​គឺ​កាន់តែ​ស្ងាត់ច្រៀប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មើលទៅ​ហាក់​គួរ​ឱ្យ​សង្វេគ​ជា​ពន់ ពេក នៅ​ពេល​មនុស្ស​ស្ទើរ​១​ភូមិ​ បាន​ជួប​រឿងអាក្រក់​មួយ​ដែល​អាជ្ញាធរ​ថា បណ្តាល​មក​ពី​ពុលទឹក​ព្រែក​ទេរ​សម្លាប់​អាយុជីវិត​មនុស្ស​នៅ​នឹង​មុខស្រស់​ៗ ។ ក្រៅពី​នោះ អ្នក​ភូមិ​ដែល​មិន​រងនឹង​ការ​ពុល ក៏​បាន​ចាក់សោ​ផ្ទះ លែងគោ​ក្របីចេញពី​ក្រោល និង​បាន​ជម្លៀស​ខ្លួន ​ទៅ​រស់នៅ​ឆ្ងាយ​ពី​ភូមិ​មួយ​រយៈពេល ៕ ​

អត្ថបទសរសេរ ដោយ