ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែង​ពេក​ហើយ​… រន្ធត់​២​ដង​ឆេះ​ហាង​ឥណ្ឌា​ម្សិលមិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់ និង​បុគ្គលិក​ប្រុស​-ស្រី​ទាំង​ខ្មែរ និង​បរទេស​៤​នាក់​ទៀត​ រង​របួស​រលាក​ខ្លួនប្រាណ​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គា​ស ​នៅ​ក្នុង​ភោជ​នីយដ្ឋាន​ឥណ្ឌា​មួយ​កន្លែង​ ដែល​មាន​យីហោ​ស៊ែរ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់ និង​បុគ្គលិក​ប្រុស​-ស្រី​ទាំង​ខ្មែរ និង​បរទេស​៤​នាក់​ទៀត​ រង​របួស​រលាក​ខ្លួនប្រាណ​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គា​ស ​នៅ​ក្នុង​ភោជ​នីយដ្ឋាន​ឥណ្ឌា​មួយ​កន្លែង​ ដែល​មាន​យីហោ​ស៊ែរ អុ​ី ប៉ាន់​យ៉ាប ។ ការ​ផ្ទុះធុង​ហ្គា​ស​នោះ​ បណ្តាល​ឱ្យ​ឆាបឆេះ និង​ផ្ទុះ​បែក​កញ្ចក់​ចេញ​មក​ខាងក្រៅ​លាន់ឮ​កក្រើក​អាកាស ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៩​ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៨ ឧសភា នៅ​ចំណុច​ភោជនីយដ្ឋាន​យីហោ ស៊ែរ អុ​ី ប៉ាន់​យ៉ាប ផ្ទះ​លេខ​១៦E0 ផ្លូវ​លេខ​១៣០ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

កញ្ញា ម៉ា​លី អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ភោជនីយដ្ឋាន​បរទេស​មួយ​កន្លែង​ទៀត ​ដែល​មា​ន​ទី​តាំងនៅ​ក្បែរ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​នាង​រួម​ទាំង​បុគ្គលិក​ចំនួន​៣​នាក់​ទៀត​ កំពុង​តែ​នាំ​គ្នា​អង្គុយ​លេង​ទូរស័ព្ទ​នោះ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ធុង​ហ្គា​ស​ឡើង​កក្រើក ។ ភ្លាម​ៗ​នោះ ​នាង​បានរ​ត់ទៅ​កាច់​បា​រ៉ែត​ភ្លើង និង​បិទ​ហ្គា​ស​ក្នុង​ហាង​របស់​នាង ហើយ​នាំ​គ្នា​ស្ទុះ​រត់​ចេញ​ទៅ​ខាងក្រៅ​យ៉ាង​ប្រញាប់ ។ នៅ​ពេល​ដែល​នាង​រត់​ចេញ​ផុត​ពី​ហាង​មក​ដល់​ខាងក្រៅ ​ក៏​បាន​ប្រទះ​ឃើញ​បុរស​ជនជាតិ​ឥណ្ឌា​២​នាក់ ​បាន​រត់​ចេញ​មក​ខាងក្រៅ​ហាង​ដែរ ដោយនៅ​លើ​ដងខ្លួន​ពួក​គេ​សុទ្ធតែ​មាន​ស្នាម​ឆេះ​រលាកភ្លើង​ពេញ​ខ្លួនប្រាណ និង
​មាន​ទាំង​​អំបែង​កញ្ចក់​បែក​ខ្ទាត​ហោះ​បាចសាច​មក​ខាងក្រៅ ធ្វើ​ឱ្យ​នាង​មានការ​តក់ស្លុត ភ័យ​ខ្លាច​ញ័រ​ខ្លួន​ប្រាណ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​អំពី​ការ​ផ្ទុះ​ធុង​ហ្គា​ស​បង្ក​ជា​អ​គិ្គ​ភ័យ​នៅ​ក្នុង​ហាង​យីហោ ស៊ែរ​អុ​ី​ប៉ាន់​យ៉ាប ​រួច​មក កម្លាំង​សមត្ថកិច្ច​របស់​លោក​ក៏​បាន​នាំ​គ្នា​ប្រញាប់​ចេញ​​មក​ធ្វើ​អន្តា​រាគ​មន៍​ជា​ច្រើន​នាក់ ដោយ​មាន​ទាំង​រ៉ឺ​ម៉ក​ម៉ូតូ​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌដូនពេញ​ចំនួន​៣​គ្រឿង​ចេញ​មក​បាញ់​ទឹក​ពន្លត់​ជាបឋម និង​ហៅ​រថយន្ត​ពន្លត់​មក​បន្តបន្ទាប់​គ្នា ។ ហេតុការណ៍​ផ្ទុះ​ធុង​ហ្គា​ស​នេះ បាន​បណ្តាល​ឱ្យ​បុរស​៤​នាក់​រង​របួសធ្ងន់​ និង​ស្រាល ក្នុង​នោះ​មាន​ខ្មែរ​ពីរ​នាក់​(​ស្រី​១​ប្រុស​១) បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ និង​បុរស​នេ​ប៉ា​ល់​ម្នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។ តាម​ការ​បញ្ជាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​ធុង​ហ្គា​ស​នៅ​ក្នុង​ហាង​បរទេស​នេះ​ ទំនងជា​អាច​កើតឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស និង​ប្រើប្រាស់​ធុង​ហ្គា​ស​ដោយ​ខុស​បច្ចេកទេស ។

ក្រោយ​ការ​ភ្ញាក់ផ្អើល ​ជុំវិញ​ហេតុការណ៍​គួរ​ឱ្យ​តក់ស្លុត​នេះ រហូត​ដល់​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ម្តងទៀត នៅ​ក្នុង​ហាង​ដដែល​នេះ ដោយ​គេ​បាន​ប្រទះ​ឃើញ​សាកសព​ក្មេង​ស្រី​ម្នាក់​ ជា​បុគ្គលិក​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ឡៅតឿ​ក្នុង​ហាង​នោះ ខណៈ​មានការ​ឆេះ​ឡើង​សា​ជា​ថ្មី​ម្តងទៀត ។ សមត្ថកិច្ច​បាន​ចុះ​មក​កន្លែង​កើតហេតុ​ ដោយ​យក​រ៉ឺ​ម៉ក​ម៉ូតូ​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ម្តងទៀត​ ដោយសារ​មាន​ភ្លើង​ឆេះ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញពី​ក្នុង​ហាង​នោះ​ជា​ថ្មី​ ។ ការ​ប្រទះ​ឃើញ​សព​បុគ្គលិក​ស្រី​ម្នាក់​នោះ ខណៈ​កម្លាំង​សមត្ថកិច្ច​បាន​ទម្លាយ​ជញ្ជាំង​ចូល​ទៅ​ក្នុង​បន្ទប់​ឡៅតឿ​ ក៏​ប្រទះ​ឃើញ​សព​ឆេះ​ខ្លោច​ស្លាប់​នៅ​ក្នុង​បន្ទប់​ឡៅ​តឿន និង​បាន​លើកសព​យក​ចេញ​មក​ខាងក្រៅ​ភ្លាមៗ ។

ជុំវិញ​ការ​ស្លាប់​បុគ្គលិក​ស្រី​ម្នាក់​នេះ ​ត្រូវ​បាន​ស្ត្រី​ដែល​ត្រូវជា​ម្តាយធំ រួម​ទាំង​សាច់ញាតិ​ជា​ច្រើន​ទៀត​បាន​មក​ដល់​កន្លែង​កើតហេតុ​ និង​បាន​ប្រាប់​ថា នារី​រង​គ្រោះ​ឈ្មោះ អុ​ិ​ន ស្រី​ម៉ៅ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គាត់​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ និង​មានស្រុក​កំណើត​នៅ​ភូមិ​អង្ក្រង ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ នាង​ទើបតែ​មក​ចូល​ធ្វើ​ការងារ​នៅ​ក្នុង​ហាង​ខាងលើ​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​កើតឡើង ។

ករណី​ផ្ទុះ​ធុង​ហ្គា​ស​នៅ​ក្នុង​ហាង​ម្ហូប​ឥណ្ឌា ​ដែល​បាន​បណ្តាល​ឱ្យ​នារី​វ័យក្មេង​ជា​បុគ្គលិក​ម្នាក់​ស្លាប់​នេះ ដោយសារ​តែ​ការ​ថប់ដង្ហើម ។ ករណី​ផ្ទុះ​ធុង​ហ្គា​ស​នេះ​ដែរ បាន​ឆេះ​បំផ្លាញ​អស់ទ្រព្យ​សម្បត្តិ និង​សម្ភារ​ប្រើប្រាស់​អស់​មួយ​ចំនួន ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ទឹក​សរុប​ចំនួន​៩​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌដូនពេញ​អស់​ទឹកជា​ច្រើន​ធុង​ផង​ដែរ​ ។ ចំណែក​សព​នារី​ជា​បុគ្គលិក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​តម្កល់​នៅ​វត្ត​ទួល​សង្កែ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

មក​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណាមួយ​ឱ្យ​ដឹង​ថា ការ​ផ្ទុះ​ធុង​ហ្គា​ស​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឡើយ រីឯ​អ្នក​រង​គ្រោះ​រលាក​ខ្លួនប្រាណ​ទាំង​៤​នាក់​ ក៏​បាន​ត្រឹមតែ​ដឹង​ថា ​ជា​បុគ្គលិក​ហាង
ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ