ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​មាន​ប្រតិកម្ម​សាំង​ឡើងថ្លៃ ពេល​នេះ​ក្រសួងពាណិជ្ជកម្ម​បកស្រាយហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ខ្មែរ​មក តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នានា​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​រអ៊ូរទាំ និង​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស ក្រសួងពាណិជ្ជកម្ម មេត្តា​ពិនិត្យ​មើល និង​ស្វែងរក​ដំណោះស្រាយ​បញ្ចុះតម្លៃ​ប្រេងសាំង​ឲ្យ​នៅ​ទាប​វិញ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ខ្មែរ​មក តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នានា​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​រអ៊ូរទាំ និង​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស ក្រសួងពាណិជ្ជកម្ម មេត្តា​ពិនិត្យ​មើល និង​ស្វែងរក​ដំណោះស្រាយ​បញ្ចុះតម្លៃ​ប្រេងសាំង​ឲ្យ​នៅ​ទាប​វិញ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។

ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រេងសាំង​នេះ​ដែរ ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​តម្លៃ​ជា​រៀង​រាល់​១០​ថ្ងៃ​ម្ដង និង​តាមដាន​តម្លៃ​ប្រេងសាំង​នៅ​តាម​ស្ថានីយ​នានា​ជា​ប្រចាំ​ផង​ដែរ ក៏​ប៉ុន្តែ​នៅ​តែ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា តម្លៃ​ប្រេងសាំង​នៅ​តែ​ខ្ពស់ មិន​ស្រប​តាម​ការ​កំណត់​របស់​ក្រសួង​ឡើយ ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ជា​ទូទៅ ក្រសួងពាណិជ្ជ​កម្ម​តែងតែ​តាមដាន​លើ​ទីផ្សារ​តម្លៃ​ប្រេង​អន្តរជាតិ ហើយ​សម្រេច​កំណត់​តម្លៃ​ជូន​អ្នក​លក់រាយ​ជា​រៀង​រាល់​១០​ថ្ងៃ​ម្ដង​ដោយ​យោង​តាម​ការ​ពិភាក្សា​អន្តរក្រសួង រួម​មាន ក្រសួង​សេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ​និង​ថាមពល ។

លោក​ថា ៖« កាលពីមុន យើង​បាន​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​គ្រប់​ប្រភេទ​ជូន​ដល់​ម្ចាស់​ស្ថានីយ​ឲ្យ​អនុវត្ត​តាម តែ​ក្រោយមក​យើង​ក៏​បាន​កំណត់​តម្លៃ​ត្រឹមតែ​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត​ប៉ុណ្ណោះ ហើយ​ក៏​ឃើញ​ថា​នៅ​តាម​បណ្ដា​ស្ថានីយ​នានា​បាន​អនុវត្ត​តាម​យ៉ាង​ល្អ​ផង​ដែរ » ។

លោក​បន្ត​ថា លោក​ក៏​បានឮ និង​ដឹង​ពី​ការ​រិះគន់​ចំពោះ​តម្លៃ​សាំង​ឡើងថ្លៃ​ដែរ ហើយ​មាន​អ្នកខ្លះ​និយាយ​ថា ម្ចាស់​ស្ថានីយ​មិន​អនុវត្ត​តាម​ការ​កំណត់​របស់​ក្រសួង ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រសួង​កំណត់​តម្លៃ​ចំពោះតែ​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត​ប៉ុណ្ណោះ ចំពោះ​សាំង​ស៊ុប​ពែរ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តម្លៃ​របស់​ក្រសួង​ឡើយ ។ ដូចនេះ ម្ចាស់​ស្ថានីយ​អាច​ដំឡើង​ថ្លៃ​តាម​ទីផ្សារ​ប្រកួតប្រជែង​​តាម​ចិត្ត​របស់​គេ សូម​ឲ្យ​មហាជន​ជ្រាប​ពី​បញ្ហា​នេះ ។

លោក​បន្ថែម​ថា ការ​កំណត់​តម្លៃ​តែ​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត ដោយសារ​តែ​ក្រសួង​ចង់​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប ឬ​អាច​និយាយ​ថា សម្រួល​ដល់​អ្នកក្រ ចំណែក​សាំង​ស៊ុប​ពែរ ជា​ប្រភេទ​សាំង​ដែល​គេ​ប្រើប្រាស់​សម្រាប់​រថយន្ត​ទំនើប អីចឹង ស៊ុប​ពែរ​ចង់​ឡើង​ប៉ុន្មាន ក៏​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប​ដែរ ។

លោក​ថា ៖« ការ​កំណត់​តម្លៃ​សាំង​ធម្មតា​នៅ​លើ​ទីផ្សារ គឺជា​យុទ្ធសាស្ត្រ​សម្រាប់​ជួយ​អ្នកក្រ ព្រោះ​អ្នកក្រ​ភាគច្រើន​ប្រើ​ប្រេងសាំង​ធម្មតា ចំណែក​អ្នកមាន​ឡាន​ទំនើប​ៗ គេ​ចាក់​សាំង​ល្អ ដើម្បី​ឲ្យ​ម៉ាស៊ីន​ឡាន​ដំណើរការ​ល្អ ដូចនេះ យើង​មិន​ព្រួយ​ពី​ការ​ឡើងថ្លៃ​លើ​ប្រភេទ​សាំង​ស៊ុប​ពែរ​ទេ » ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ ឧសភា ២០១៨ នេះ​ដែរ ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ពាក់ព័ន្ធ​នឹង​តម្លៃ​សាំង​ឡើងថ្លៃ​នៅ​លើ​ទីផ្សារ​កម្ពុជា​ផង​ដែរ ។ នៅ​ក្នុង​សេចក្តី​បំភ្លឺ​របស់​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា ដោយសារ​តែ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ពិភពលោក​បាន​កើនឡើង​ដែរ ។ ក៏​ប៉ុន្តែ​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា មាន​សមាមាត្រ​តិច​ជាង​ការ​កើនឡើង​នៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

ជាក់ស្ដែង តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា នៅ​ដើម​ខែមេសា ឆ្នាំ​២០១៦ មាន​តម្លៃ​០,៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​លី​ត្រ បាន​កើនឡើង​ដល់​១,០២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​លី​ត្រ​នៅ​ដើម​ខែមេសា ឆ្នាំ​២០១៨ ពោល​គឺ​បាន​កើនឡើង​ត្រឹមតែ​២៧% ខណៈ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ បាន​កើនឡើង​រហូត​ដល់​៦៣%​ឯណោះ ។

បើ​តាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ផលិតផល​ប្រេងសាំង​ដែល​ប្រើប្រាស់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​សិង្ហ​បុរី ហើយ​ប្រទេស​ផ្សេង​ទៀត ដូច​ជា ប្រទេស​ថៃ និង​វៀតណាម ក៏​បាន​នាំ​ចូល​ផង​ដែរ ក៏​ប៉ុន្តែ​ក្នុង​បរិមាណ​តិចតួច ។

គួរ​បញ្ជាក់​ថា នៅ​ដើមខែ​ឧសភា ឆ្នាំ​២០១៨​នេះ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ ខែឧសភា ក្រសួង​ក៏​បាន​កំណត់​តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ដែរ ក្នុង​នោះ ប្រេងសាំង​ធម្មតា​មាន​តម្លៃ​៤.១០០​រៀល​ក្នុង​១​លី​ត្រ និង​ប្រេងម៉ាស៊ូត​តម្លៃ​៣.៩០០​រៀល​ក្នុង​១​លី​ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ