ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ឧសភា ២០១៨ មានការភ្ញាក់ផ្អើលនៅចំណុចក្នុងសាលាឆទានវត្តរតនៈបុប្ផារាម ភូមិក្រោមឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយគេបានប្រទះឃើញ បុរសជាមនុស្សវិកលចរិតម្នាក់ដេកស្លាប់ ក្នុងស្ថានភាពស្រាតននលគោក។ អ្នកស្រុកនៅទីនោះបាននិយាយថា ជនវិកលចរិតទៅដេកស្លាប់ ក្នុងសាលាឆទាននោះ មិនមានអ្នកណាស្គាល់អត្តសញ្ញាណទេ គេគ្រាន់តែដឹងថា ជនវិកលចរិតនោះបានមកស្នាក់នៅក្នុងសាលាឆទានវត្តរតនៈបុប្ផារាមនេះមានរយៈពេលកន្លះខែហើយ គឺតាំងពីថ្ងៃទី២៤ មេសា មកម្លេះ។

អ្នកស្រុកនិយាយថា ក្នុងការស្នាក់អាស្រ័យពីសំណាក់ជនវិកលចរិត នៅសាលាឆទាននោះ មានពេលខ្លះគេបានឃើញជននោះដើរទៅរកបាយហូបនៅក្នុងវត្ត និង មានពេលខ្លះទៀត ឈ្មោះ ឡុង ជាអ្នកស្រុកភូមិឃើញអាណិតក៏យកបាយទៅឲ្យទទួលទានដែរ។ លុះនៅថ្ងៃទី០៧ ឧសភា ២០១៨ វេលាម៉ោងប្រហែល០៦ព្រឹក ឈ្មោះ ឡុង ជាអ្នកបោសសំរាម ស្នាក់នៅក្នុងវត្តរតនៈបុប្ផារាម បានដើរទៅកន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះដេកយកផួយគ្របមុខ ពេលនោះឈ្មោះ ឡុង មិនបានដាស់គេទេ និងបានដើរចេញត្រឡប់ចូលក្នុងវត្តវិញ។ ស្រាប់តែម៉ោង១រសៀល ឈ្មោះ ឡុង បានយកបាយសម្លទៅឲ្យជនរងគ្រោះហូប ក៏ឃើញជនរងគ្រោះនៅដេកដណ្តប់ផួយដដែល ពេលនោះឈ្មោះ ឡុង បានដើរទៅប្រាប់ព្រះសង្ឃក្នុងវត្តដើម្បីបានជ្រាប ហើយក៏នាំគ្នាទៅមើល ជនរងគ្រោះ និង បានបើកផួយចេញទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ដោយពុំមានសម្លៀកបំពាក់នៅនឹង ខ្លួនទៀតផង។

ឃើញដូច្នោះអ្នករួមព្រះសង្ឃគង់ក្នុងវត្តបានរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអញ្ចាញ ឲ្យចុះទៅពិនិត្យសាកសព ជនវិកលចរិតនោះ ដោយបានឃើញនៅក្បែរខ្លួន មានពេទ្យ២ប្រភេទអាចមានអ្នកស្រុកឲ្យទុកលេបនៅពេលគេមិនស្រួលខ្លួន។ ថ្នាំនោះ១.ថ្នាំប៉ារ៉ា MS500 ចំនួន០១បន្ទះ ប្រើអស់០៨គ្រាប់។ ២.ថ្នាំFERROVIT(B12) ចំនួន០២បន្ទះ ប្រើអស់០១គ្រាប់។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះ អាចស្លាប់ដោយសារខ្យល់គរ បន្ទាប់មកសពត្រូវបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/B8a43dRXFVs
ចែករំលែកព័តមាននេះ