រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ឧសភា ២០១៨ បានបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប ដែលក្នុងនោះមានអាវុធខ្លី១ដើម ប្រាក់មួយចំនួន និងសម្ភារពាក់ព័ន្ធផ្សងទៀត។ ជនសង្ស័យឈ្មោះ លឹម សុខគា ហៅលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងពិធីបង្ហាញមុខជនសង្ស័យ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី០៦ ឧសភា ២០១៨ មានករណីចោរឆក់កាបូបពណ៌ខ្មៅពីបុរសម្នាក់កំពុងធ្វើតាមផ្លូវ នៅត្រង់ចំណុចមហាវិថីព្រះមុនីវង្ស កែវផ្លូវលេខ១៤៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះត្រូវចោរឆក់កាបូបនោះ ឈ្មោះ ឯក រដ្ឋ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាប្រធាននាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ១ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អំពើឆក់នោះជនសង្ស័យមានគ្នាតែម្នាក់ឯងគត់ បានជិះម៉ូតូ១គ្រឿងម៉ាក SUZUKI NIX ពណ៌ស លាយខៀវ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GX-៣៥៣០ បានធ្វើសកម្មភាពឆក់កាបូបពី ជនរងគ្រោះកំពុងធ្វើដំណើរតាមដងផ្លូវយកទៅបាត់។

ក្រោយហេតុការណ៍នោះកើតឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ដើម្បីឲ្យសមត្ថកិច្ចជួយអត្តរាគមន៍ លើករណីនេះ ដែលក្នុងនោះជនរងគ្រោះបានរៀបរាប់ប្រាប់សមតត្ថកិច្ចថា ក្នុងកាបូបដែលចោរឆក់យកទៅ មានដូចជា កាបូបដៃពណ៌ខ្មៅ១ អាវុធខ្លីម៉ាកឡុក១ដើម បង់២ គ្រាប់ចំនួន១៥គ្រាប់ វិក្កយបត្រប្រេងក្រុមហ៊ុនសូគីម៉ិច១០០លីត្រ វីសាកាត០១ បណ្ណ័សម្គាល់យានយន្តស្លាកលេខរដ្ឋ ៨៥៦៨ ០១ អត្តសញ្ញាណប័ណ្ណសញ្ញជាតិខ្មែរ០២ និងប្រាក់មួយចំនួន។
បន្ទាប់ពីមានសភាពការណ៍នោះ នៅវេលាម៉ោង១១យប់ថ្ងៃដដែល(ខុសគ្នា២ម៉ោង)កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក់ស្តែង នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ព្រមទាំងដកហូតបានកាបូបរបស់ជនរងគ្រោះ ដែលមានសម្ភារដូចរៀបរាប់ខាងលើមកវិញផងដែរ។ ពេលឃាត់ខ្លួនជនសង្ស័យវត្ថុតាងមួយចំនួនត្រូវបាន ប្រគល់ឲ្យទៅជនរងគ្រោះវិញ និង សម្ភារមួយចំនួនពាក់ព័ន្ធត្រូវបានសមតត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

ចែករំលែកព័តមាននេះ