ខេត្តកំពង់ឆ្នាំង ៖ កសិករដាំម្ទេសផ្លោកនៅឃុំប្រឡាយមាស ស្រុកកំពង់លែង បានឲ្យដឹងថា ឆ្នាំនេះ ដំណាំម្ទេសរបស់ពួកគាត់ទទួលបានទិន្នផលគួរជាទីគាប់ចិត្ត តែបានត្អូញត្អែរពីតម្លៃចុះថោកយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់ខាតបង់ និងកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ។
កសិករឈ្មោះ ឌុច រស់នៅភូមិកោះឫស្សី ឃុំប្រឡាយមាស បានឲ្យដឹងថា លោកបានចំណាយទុនអស់ជាង៣,៥លានរៀលទៅលើការដាំដំណាំម្ទេសផ្លោក ។ ដោយសារតែឆ្នាំនេះ តម្លៃធ្លាក់ចុះខ្លាំង លោកកំពុងប្រឈមនឹងការខាតបង់ ខណៈទិន្នផលទទួលបានខ្ពស់ជាងឆ្នាំមុនៗ ។
លោកថា ៖« ឆ្នាំនេះ ម្ទេសទទួលបានផលខ្ពស់ តែតម្លៃចុះថោកជាខ្លាំង ហើយបើឡើងថ្លៃបានតែមួយភ្លែតប៉ុណ្ណោះ គឺនៅពេលអត់ម្ទេស។ បើនៅតែថោកម្លឹងៗ ខ្ញុំមិនដឹងថាអាចរួចថ្លៃចំណាយដែរឬអត់ទេ ! » ។
លើកឡើងស្រដៀងគ្នានេះដែរ កសិករឈ្មោះ ហៃ ដែលបានដឹកម្ទេសទៅលក់នៅកំពង់ផែផ្សារក្រោម បានឲ្យដឹងថា លោកបានប្រកបរបរដាំផ្លែម្ទេសជាង១០ឆ្នាំហើយ ។ ឆ្នាំនេះ ម្ទេសពិតជាទទួលបានផលច្រើនគួរសម ប៉ុន្តែគួរឲ្យសោកស្តាយ តម្លៃបានចុះថោកជាងឆ្នាំមុនៗ ។
លោកហៃ និយាយថា ៖« ឆ្នាំនេះ ម្ទេសផ្លោកបានត្រឹមតែ១ពាន់ ទៅ១.១០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ។ តម្លៃនេះគឺថោកណាស់ មិនអាចទប់ទល់នឹងការចំណាយបានទេ ហើយបើនៅតែថោកបែបនេះ ខ្ញុំមិនអាចបន្តដាំម្ទេសបានទៀតទេ ព្រោះការចំណាយច្រើន បើគិតទាំងថ្លៃពលកម្ម ថ្លៃស្រោចទឹក និងថ្លៃថ្នាំ ជី ជាដើមនោះ គឺមិនអាចរួចខ្លួនទេ » ។
ចំណែកអ្នកស្រី សន ចន្ថា ឈ្មួញទិញម្ទេសផ្លោកវិញក៏បានឲ្យដឹងដែរថា ប្រជាកសិករឆ្នាំនេះដាំម្ទេសបានច្រើនណាស់ ជាមធ្យម អ្នកស្រីទិញបានក្នុង១ថ្ងៃ ជាង៥តោនឯណោះ ប៉ុន្តែគួរឲ្យស្តាយ និងអាណិតកសិករដែរ ព្រោះឆ្នាំនេះ តម្លៃម្ទេសនៅលើទីផ្សារចុះថោកខ្លាំងពេក ហើយអ្នកស្រីក៏ទិញតាមហាងឆេងទីផ្សារដែរ ។
អ្នកស្រីបានបន្ដថា ៖« ឆ្នាំនេះ បងប្អូនកសិករផលិតម្ទេសបានច្រើនលើសតម្រូវការ ។ សូម្បីតែខ្ញុំទទួលទិញម្ទេសក៏សល់ច្រើនដែរ លក់មិនទាន់អស់ផង ពេលខ្លះត្រូវបង្ខំលក់ ព្រោះម្ទេសស្រស់បែបហ្នឹង ក៏ឆាប់ខូចដែរ » ។
អ្នកស្រីបញ្ជាក់ថា ៖« ឆ្លងកាត់បទពិសោធន៍ទទួលទិញកសិផលពីកសិករជាង១០ឆ្នាំមក នេះ ខ្ញុំដឹងច្បាស់ណាស់ពីទីផ្សារ មិនថាត ែម្ទេសទេ កសិផលអីក៏ដោយ ឲ្យតែប្រជាពលរដ្ឋដាំបានច្រើន គឺតម្លៃទីផ្សារចុះថោកជា
មិនខាន » ។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បាននិយាយថា នេះជាសេដ្ឋកិច្ចទីផ្សារ នៅពេលការផ្គត់ផ្គង់លើសតម្រូវការនោះធ្វើឲ្យតម្លៃចុះថោក។ តួយ៉ាង ឆ្នាំនេះ បងប្អូនផលិតម្ទេសបានច្រើន បែរជាតម្លៃចុះថោកខ្លាំង ប៉ុន្តែក៏មានឆ្នាំខ្លះ ប្រជាកសិករដាំដំណាំណាដែលមិនសូវសម្បូរលើទីផ្សារ ក៏លក់បានថ្លៃច្រើនដែរ ៕
ចែករំលែកព័តមាននេះ