រាជធានីភ្នំពេញ ៖ រថយន្តតាកូម៉ា១បាំងកន្លះមួយគ្រឿងបើកចុះស្ពានព្រះមុន្នីវង្សថ្មីក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលផ្ទាំងថ្មសម្គាល់ឈ្មោះស្ពានបណ្តាលឱ្យរងការខូចខាតកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចត្រើយខាងកើតស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា មុនកើតហេតុគេសង្គេតឃើញរថយន្តតាកូម៉ាប្រភេទមួយបាំងកន្លះខាងលើ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២N-២៩៧៦ បើកបរធ្វើដំណើរដោយបុរសវ័យជាង៣០ឆ្នាំម្នាក់ រួមដំណើរដោយបុរសម្នាក់ផ្សេងទៀតធ្វើដំណើរចុះពីស្ពានព្រះមុន្នីវង្សថ្មី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចខាងលើមិនដឹងជាមានបញ្ហាអ្វីរថយន្តបានរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ហើយក៏ជ្រុលបុកផ្ទប់ផ្ទាំងថ្មសម្គាល់ឈ្មោះស្ពានពេញទំហឹងបណ្តាលឱ្យរថយន្តត្រូវរងការខូចខាត ចំណែកអ្នកបើកបរត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយត្រូវរងរបួសស្រាល ។

ប្រភពនៅកន្លែងកើតហេតុពីសាក្សីខ្លះបញ្ជាក់ថា មកពីរថយន្តបើកចុះស្ពានលឿនហើយចាប់ហ្វ្រាំងមិនស៊ី ទើបអ្នកបើកបរសម្រេចបង្ខំចិត្តបួងចង្កូតឡើងសួនតែម្តង ។ ដោយឡែកប្រភពសាក្សីខ្លះបញ្ជាក់ថា មកពីអ្នកបើកបររថយន្តបើកបរក្នុងសភាពងងុយដេកទើបងោកមួយភាំងជ្រុលបុកឡើងសួនតែម្តង ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃផ្សេងឡើយ ៕
ចែករំលែកព័តមាននេះ