រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះលាន់ឮកក្រើកអាកាស ខណៈគ្រឿងចក្រប៊ុលដូហ្សែ៊រ១គ្រឿង កំពុងធ្វើការឈូសឆាយពង្រាបដី ។ សំឡេងផ្ទុះនោះ គឺការកិនគ្រាប់់នៅក្នុងដីឡូត៍មួយកន្លែង ។ ក្រោយពេលស្ងប់ស្ងាត់សំឡេងផ្ទុះខាងលើ ប្រជាពលរដ្ឋបាននាំគ្នារត់ទៅមើលក៏ឃើញគ្រឿងចក្រប៉ើងខ្ទាតទៅទើរនៅលើរបងវត្ត និងដាច់ជាបំណែកៗផងដែរ។ ចំណែកអ្នកបើកបរបានដួលដេកលើដីសន្លប់ស្ដូកស្ដឹង និងត្រូវបានប្រជាពលរដ្ឋនាំគ្នាសែងយកទៅដាក់នៅក្នុងវត្ត រួចហៅរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗផងដែរ ។

ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី៦ ឧសភា នៅក្នុងដីឡូត៍មួយកន្លែងដែលមានទីតាំងស្ថិតនៅខាងក្រោយវត្តទួលសុភាឃួន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនរងគ្រោះដែលជាអ្នកបើកបរគ្រឿងចក្រខាងលើនោះឈ្មោះ ហេង ហ៊ី អាយុ២១ឆ្នាំ រងរបួសបាក់ជើងសន្លប់ស្ដូកស្ដឹងកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកគ្រាប់ដែលផ្ទុះបង្កឲ្យមានគ្រោះថ្នាក់នេះមិនទាន់ដឹងថា ជាប្រភេទមីនតោន ឬក៏គ្រាប់អ្វីឱ្យពិតប្រាកដនៅឡើយទេ ហើយសង្ស័យថាគ្រាប់នោះអាចមកតាមអាចម៍ដី ដែលរថយន្តដឹកពីកន្លែងផ្សេងយកទៅចាក់នៅទីនោះ ។ ទោះជាបែបណា រង់ចាំខាងមន្ត្រីកម្ចាត់មីន CMAC ចុះទៅពិនិត្យ និងវាយតម្លៃជាក់ស្ដែងទើបដឹងបាន ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនរងគ្រោះបានស៊ីឈ្នួលបើកគ្រឿងចក្រឈូសឆាយដីឲ្យគេ ហើយនៅមុនពេលកើតហេតុ បន្ទាប់ពីរថយន្តដឹកដីចាក់រួច យុវជនរងគ្រោះបានបើកបរគ្រឿងចក្រនោះធ្វើការឈូសឆាយពង្រាប ។ ខណៈពេលកំពុងឈូសឆាយដីត្រឡប់ចុះត្រឡប់ឡើង ស្រាប់តែកិនចំគ្រាប់បណ្ដាលឲ្យផ្ទុះលាន់ឮកក្រើកមេឃតែម្ដង ។ បន្ទាប់ពីស្ងាត់ស្នូរផ្ទុះ គេបាននាំគ្នារត់ទៅមើលក៏ឃើញគ្រឿងចក្រឈូសឆាយដីនោះប៉ើងខ្ទាតទៅទើរនៅលើរបងវត្តទួលសុភាឃួន និងច្រវាក់កង់គ្រឿងចក្រដាច់ជាបំណែកៗ រងការខូចខាតទាំងស្រុង រីឯយុវជនដែលជាអ្នកបើកបររងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ
ភ្លាមៗផងដែរ ៕

ចែករំលែកព័តមាននេះ