ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ​ប្រមាណ​២០០​នាក់​បាន​ត្រឡប់​មក​ដល់​មាតុភូមិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ ២០១៨ នេះ​ថា បន្ទាប់​ពី​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ា​លី អស់​រយៈពេល​១​ឆ្នាំ ដោយ​ជោគជ័យ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ ២០១៨ នេះ​ថា បន្ទាប់​ពី​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ា​លី អស់​រយៈពេល​១​ឆ្នាំ ដោយ​ជោគជ័យ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ដល់​កម្ពុជា​វិញ ដោយ​សុវត្ថិភាព ។

កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​២​កង មាន​ចំនួន​សរុប​២២៩​នាក់ បាន​បំពេញបេសកកម្ម​រក្សា​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ា​លី​បាន​មក​ដល់​កម្ពុជា​ដោយ​សុវត្ថិភាព​វិញ​ហើយ បន្ទាប់​ពី​កង​ប្តូរ​វេន​បាន​ទៅ​ដល់ ។ នៅ​ក្នុង​ពិធី​ទទួល​ការ​វិល​ត្រឡប់​ដោយ​ជោគជ័យ​បាន​ធ្វើ​ឡើង​នៅ​អធ្រាត្រ​យប់​ថ្ងៃអាទិត្យ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​ពី​សាធារណរដ្ឋ​ម៉ា​លី នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​លោក នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ថ្លែង​ថា ៖ កម្លាំង​ទ័ព​ដែល​បាន​មក​ដល់​នេះ​ចំនួន​២២៩​នាក់ គឺ​ទៅ​គ្រប់​មក​គ្រប់​ដោយ​មិន​មាន​បាត់បង់​កម្លាំង​ណា​ម្នាក់​នោះ​ទេ ។

លោកនាយ​ឧត្តមសេនីយ៍​លើក​ឡើង​ថា ៖ «​កម្លាំង​មកនេះ គឺ​មាន​កង​វិស្វកម្ម​ព្រ​លាន​យន្ដហោះ និង​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​ពួក​គាត់​បំពេញការងារ​បេសកកម្ម​អង្គការសហប្រជាជាតិ សាធារណរដ្ឋ​ម៉ា​លី បាន​ដោយ​ជោគជ័យ​» ។ កម្លាំង​រក្សា​សន្តិភាព​ពេញការ​ងារ​នៅ​ប្រទេស​ម៉ា​លី​នេះ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​លើ​ពិភពលោក ។ កម្ពុជា​បាន​រួមចំណែក​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ដែល​កំពុង​ប្រឈម និង​រង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ កងកម្លាំង​វិស្វកម្ម​ព្រ​លាន​យន្តហោះ គឺ​បំពេញការងារ​នៅ​តំបន់​គី​ដាល់ និង​កង​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គឺ​តំបន់​តេ​សាលី​តនៃ​ប្រទេស​ម៉ា​លី ។

លោក​វរសេនីយ៍ឯក ប៊ុ​ន កប មេញ្ជា​ការ​កង​វិស្វកម្ម​ព្រ​លាន​យន្តហោះ​ឲ្យ​ដឹង​ថា កម្លាំង​ទាំង​ពីរ​កង គឺ​បាន​បំពេញការងារ​នៅ​ម៉ា​លី ទទួល​បាន​ជោគជ័យ​គ្រប់​ការងារ​ទាំងអស់ គឺ​ការងារ​ថែទាំ​ជួសជុល​ព្រ​លាន​យន្តហោះ នៅ​តំបន់​គី​ដាល់ និង​ការងារ​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ត្រូវ​កម្ទេច​ចោល​នៅ​ទីកន្លែង​តែ​ម្តង ហើយ​ក្រុម​ទាំង​ពីរ​នេះ គឺ​បាន​ទទួល​ការ​កោតសរសើរ​ពី​អង្គការសហប្រជាជាតិ​ផង ។ លោក​បាន​បន្ត​ថា​៖ ១​ខែ​កន្លង​ទៅ​នេះ នៅ​ទីបញ្ជាការ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​ម៉ា​លី ត្រូវ​បាន​ក្រុម​ឧទ្ទាម​ផ្លោង​ចូល​បណ្តាល​ឲ្យ​ទី​ស្នាក់​នៅ​ចំនួន​២​ខ្នង​ត្រូវ​បាន​ឆេះ តែ​មិន​បណ្តាល​ឲ្យ​រង​បួស ឬ​បាត់បង់​អាយុជីវិត​ដល់​កម្លាំង​មួក​ខៀវ​កម្ពុជា​នោះ​ទេ ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ចំនួន​សរុប​ប្រមាណ​ជាង​៥២០០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាង​២០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ។ ដែល​បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ជិត​១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ស៊ូ​ដង់ , ស៊ូ​ដង់​ខាងត្បូង​, អាហ្វ្រិក​កណ្តាល​, លី​បង់ និង​ម៉ា​លី ៕

កែសម្រួលដោយ