រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៍មាន ស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ ។
យោងលើការវិវត្ត នៃស្ថានភាពព្រំដែន ដែលភាគីថៃ បានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួស ព្រមទាំងប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន ។
ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្ថិតក្នុងព្រះរាជាណាចក្រថៃ ត្រូវបន្តរស់នៅ និងធ្វើការក្នុងប្រទេសថៃ ជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃ ដែលកំពុងរស់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជា ជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះ គឺដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ កុំឱ្យមានគ្រោះថ្នាក់ ពេលធ្វើដំណើរ ពិសេសការឆ្លងកាត់តាមព្រំដែន ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់ រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ស្នើក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលថៃ ផ្ដល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ ៕



ចែករំលែកព័តមាននេះ