រាជធានីភ្នំពេញ ៖ ផ្ទះលក់សំបកបាវធ្វើអំពីឈើប្រក់សង្ក័សីមួយខ្នងមានទំហំ៦ម៉ែត្រគុណនឹង១១ម៉ែត្រត្រូវ
អគ្គីភ័យលេបត្របាក់ ខណៈម្ចាស់កំពុងតែសំរាន្តលង់លក់ ហើយបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ៤៦២C ផ្លូវព្រះមុនីវង្សកែងនិងផ្លូវលេ៧០ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ចាប រ៉េត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់សំបកបាវ ស្នាក់នៅផ្ទះកើតហេតុខាង ។
តាមសម្តីម្ចាស់ផ្ទះបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានសំរានលង់លក់ លុះមកដល់ម៉ោងកើតហេតុ ក៍ស្រាប់តែឃើញភ្លើងឆាបឆេះចេញពីបន្ទប់ជាន់ក្រោមដែលមានផ្ទុកសំបកបាវជាច្រើន ឃើញដូច្នេះពួកគាត់បាននាំគ្នារត់ចេញមកក្រៅស្រែកហៅឱ្យគេជួយ និងបានប្រមូលបានយកសំបកបាវខ្លះចេញមកក្រៅ ហើយពេលនោះភ្លើងកាន់តែឆាបឆេះខ្លាំងទៅៗ ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ទំរាំតែសមត្ថកិច្ចនិងរថយន្តពន្លត់អគី្គភ័យបានមកដល់ គឺភ្លើងបានឆេះរាលដាលពេញទំហឹងតែម្តង ។
ក្នុងហេតុការណ៍នេះដែរ រថយន្តពន្លត់អគី្គភ័យបានចេញមកជួយអន្តរាគមន៍ជាច្រើនគ្រឿង និងបាញ់ទឹកអស់ចំនួន៤គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគី្គភ័យរបស់ស្រាបៀរកម្ពុជាមកបាញ់ទឹកអស់១គ្រឿង និងរថយន្តពន្លត់អគី្គភ័យរបស់ក្រសួងមហាផ្ទៃបាញ់ទឹកអស់ចំនួន៣គ្រឿង ទើបភ្លើងរលត់អស់ទៅវិញនៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃដដែល ។

ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានអគ្គីភ័យឆេះផ្ទះខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយក្នុងហេតុការណ៍ខាងលើមិនបណ្តាលអោយមានអ្នករងរបួសអ្វីដែរ ចំណែកសម្ភារក្នុងផ្ទះគឺខូចខាតស្ទើរទាំងស្រុង ៕

ចែករំលែកព័តមាននេះ