ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាបណ្តោះ​អាសន្ន​ ដាច់ខាត​កុំ​ងូត បោកគក់ លាងដៃក្នុងព្រែក​ទេនេះ​ឱ្យសោះ…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៦ ​ឧសភា អ្នក​ស្លាប់​ដែល​សង្ស័យ​ថា​ បណ្តាល​មក​ពី​ពុល​ទឹក​ព្រែក​ទេរ​នៅ​ស្រុក​ចិត្រ​បុរី​បាន​ឡើង​ដល់​ចំនួន​១១​នាក់​ហើយ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខា​ភិ​បាល​​ខេត្ត ​នៅ​ថ្ងៃ​៦ឧសភា ។…

ខេត្តក្រចេះ ៖ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៦ ​ឧសភា អ្នក​ស្លាប់​ដែល​សង្ស័យ​ថា​ បណ្តាល​មក​ពី​ពុល​ទឹក​ព្រែក​ទេរ​នៅ​ស្រុក​ចិត្រ​បុរី​បាន​ឡើង​ដល់​ចំនួន​១១​នាក់​ហើយ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខា​ភិ​បាល​​ខេត្ត ​នៅ​ថ្ងៃ​៦ឧសភា ។ ចំណែក​ចំនួន​អ្នក​ធ្លាក់ខ្លួន​ឈឺ​ ក៏​ឡើង​ដល់​ជាង​១០០​នាក់​​ដែរ និង​ត្រូវ​បាន​អាជ្ញា​ធរ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ខ្លះ​បញ្ជូន​មក​រាជធានី​ភ្នំពេញ ក្រោម​ការ​ព្យាបាល​របស់​​ក្រុម​គ្រូពេទ្យ​ដែល​ក្រសួងសុខាភិបាល បាន​ចាត់​បញ្ជូន​ទៅ​កាន់​តំបន់​ដែល​ផ្ទុះ​បាតុភាព​ពុល​ទឹក​មិន​ធ្លាប់​កើត​មាន​កន្លង​មកនេះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាលខេត្ត លោក វ៉ា ថន ។

លោក​អភិបាលខេត្ត​បានឱ្យ​ដឹង​ថា អាជ្ញាធរ​នៅ​មិន​ទាន់​សន្និដ្ឋាន​ឱ្យ​បាន​ជាក់ច្បាស់ ​ពី​ដើមចម​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្លាក់ខ្លួន​ឈឺ និង​ស្លាប់ក្នុង​បរិមាណ​ច្រើន​ គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដូច្នេះ​នៅឡើយទេ ដោយសារ​តែ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សុខា​ភិបាល​ នៅ​មិន​ទាន់​បង្ហាញ​លទ្ធផល​ពី​ការ​ពិសោធន៍​ជា​ផ្លូវការ ។ ប៉ុន្តែ ភ្លាម​ៗ​ក្រោយ​កើត​មាន​ហេតុការណ៍​នេះ អាជ្ញាធរ​បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​ឈប់​ប្រើប្រាស់​ទឹក ​ដែល​ដង​ពី​ក្នុង​ព្រែក​នោះ ​មក​ប្រើ​ជា​បណ្ដោះអាសន្ន​សិន ដោយ​មិន​ត្រូវ​ងូត បោកគក់ លាងដៃ និង​បរិភោគ​ឡើយ ។ ជាមួយនឹង​ការ​ហាម​មិន​ឱ្យ​អ្នក​ភូមិ​ប្រើ​ទឹក​ព្រែក​​ខាង​លើ ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ជំនួស​វិញ​នូវ​ទឹក​ដែល​ផ្ដល់​ជូន​ដោយ​អាជ្ញាធរ​
ខេត្ត ។

សូម​បញ្ជាក់​ថា ហេតុការណ៍​ពុល​ដែល​សង្ស័យបណ្តាល​មក​ពី​ទឹក​ព្រែក​នេះ បាន​កើតឡើង​នៅ​ភូមិ​ស្រែ​ន​ន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ។ បើ​តាម​លោក​អភិបាលខេត្ត មាន​ពលរដ្ឋ​ជាង​១០០​នាក់​កំពុង​ធ្លាក់ខ្លួន​ឈឺ លើកលែងតែ​១០​គ្រួសារ​ប៉ុណ្ណោះ​មិន​ប៉ះពាល់ ។ អាជ្ញាធរ​បានសន្និដ្ឋាន​ជំហាន​ដំបូង​ថា បញ្ហា​អាច​មក​ពី​ពលរដ្ឋ​យក​ទឹក​ព្រែក​មក​ប្រើប្រាស់​ដោយ​មិន​បាន​ឆ្លងកាត់​ប្រព័ន្ធ​ចម្រោះ ដោយ​គ្រាន់តែ​កូរ​សាច់ជូររួច​យក​មក​ប្រើប្រាស់​តែ​ម្ដង ។បើ​តាម​ការ​សង្ស័យ​របស់​អាជ្ញាធរ សារធាតុពុល​ដែល​មាននៅ​ក្នុង​ទឹក​ព្រែក​ហូរ​ចេញពី​ខេត្តមណ្ឌលគិរី កាត់​តាម​ខេត្តក្រចេះ អាច​មាន​សារធាតុពុល​ខ្លាំង បើ​ទោះបីជា​ពលរដ្ឋ​យក​ទឹក​នោះ​មក​ដាំ​ឱ្យ​ពុះ​នៅ​ក្នុង​កម្រិត​ណា​ក៏​ដោយ ក៏​នៅ​តែ​អាច​ពុល​ដដែល ។

ក្រៅពី​ដាក់​ការ​សង្ស័យ​ទៅ​លើ​ទឹក​ព្រែក អាជ្ញាធរ​ក៏​មិន​បោះបង់​ចោល​ទាំងស្រុង​ដែរ លើ​ការ​សង្ស័យ​ថា​ជា​ករណី​ពុល​ស្រា ។ ក្រសួងសុខាភិបាល បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ប្រាប់​ទៅ​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​លក់​និង​ផលិត​ស្រា រួម​នឹង​ការ​ទទួលទាន​ស្រា​ជា​បណ្ដោះអាសន្ន ព្រោះថា​ស្រា​អាច​ជា​ចំណែក​មួយ​រួម​ផ្សំ​ដែរ ។ ក្នុង​នោះ ក្រសួងសុខាភិបាល​បាន​ដាក់​រថយន្ត​សង្គ្រោះ​បន្ទាន់​ឱ្យប្រចាំការ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ដើម្បី​អន្តរាគមន៍​ទាន់​ពេលវេលា​ក្នុង​ករណី​ពលរដ្ឋ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង នៅ​តែ​បង្កើនសកម្មភាព​ដឹក​បញ្ជូន​អ្នក​ភូមិ ចេញពី​ភូមិ​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ក៏​មានការ​ដឹក​សព​ពី​មន្ទីរពេទ្យ​ត្រឡប់​មក​ភូមិ​វិញ ខណៈ​ដែល​ការ​ផ្ទុះ​បាតុភាព​អ្នក​ភូមិ​ពុល​ទឹក​នៅ​មិន​ទាន់ត្រូវ​បាន​កំណត់​ថា បណ្តាល​មក​ពី​ពុល​អ្វី​ឱ្យ​ប្រាក​ដ ហើយ​បាតុភាព​នេះ​នៅ​តែ​មិន​ទាន់​ថមថយ​នៅឡើយ ។

ដោយ​ផ្អែក​លើ​ខ្មោច​ព្រាយ​បិសាច​ទៅ​តាម​ជំនឿ​របស់​ជនជាតិភាគតិច​ព្នង ក្រោយ​ពី​មាន​បាតុភាព​ពុល​បណ្តាល​ឱ្យ​មាន​អ្នក​ភូមិ​ប្រុស​ស្រី​ក្មេង​ចាស់​ស្លាប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​គួរ​ឲ្យ​តក់ស្លុត​បែប​នេះ ធ្វើ​ឱ្យ​អ្នក​ភូមិ​​ខ្លះ​សម្រេចចិត្ត​បិទទ្វារ​ផ្ទះ​ចាក់សោ​ចោល និង​បាន​ដុត​ភ្នក់ភ្លើង ធ្វើ​រូប​ទីងមោង​ដាក់​នៅ​មុខ​ផ្ទះ និង​ជម្លៀស​ខ្លួន​ទៅ​រស់នៅ​តំបន់​ផ្សេង​មួយ​រយៈ ។ អ្នក​ភូមិ​ទាំងនោះ​និយាយ​ថា ពួក​គាត់​នឹង​វិល​មក​លំនៅ​ឋាន​វិញ ក្រោយ​ពី​អាជ្ញាធរ​រក​មូលហេតុ​នៃ​ការ​ពុល​នេះ​បាន​ជាក់លាក់ ។

គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៦ ឧសភា ចំនួន​អ្នក​រង​គ្រោះ​ដែល​អាជ្ញាធរ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ដោយសារ​ពុល​ទឹក​ព្រែក ដែល​កើនឡើង​រហូត​ដល់​១១​នាក់ ក្នុង​នោះ​មាន​ស្រី​៧​នាក់ និង​ម្នាក់​មាន​ផ្ទៃពោះ​៤​ខែ​ទៀត​ផង ។ ចំណែកឯ​អ្នក​រង​គ្រោះ​ដោយ​មាន​អាការ​មិន​ស្រួល​មាន​រហូត​ដល់​ជាង​១០០​នាក់ ហើយ​អ្នក​ភូមិ​ទាំងនោះ​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឈា្ន​ង សុ​វត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ។លោក​ប្រធាន​មន្ទីរ​បានឱ្យ​ដឹង​ទៀត​ថា ការពុល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​នេះ គឺ​បាន​កើត
ឡើង​តាំងពី​ថ្ងៃ​ទី​៣ ខែឧសភា​មក​ម្លេ​៉ះ តែ​បា​តុភាព​ពុល​នេះ​បាន​កើតឡើង​កាន់តែ​ធ្ងន់​ខ្លាំង​ឡើង​ក្នុង​អំឡុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ។អភិបាលខេត្ត លោក វ៉ា ថន ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​តែ​បង្កើន​សកម្ម​ភាព​យ៉ាង​សស្រាក់សស្រាំ លើ​កិច្ច​ការងារ​ដឹកនាំ​មន្ត្រី​តាម​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ទៅ​ដល់​ភូមិ​កើត​ហេតុ​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ភូមិ ក៏​ដូច​ជា​បង្កើន​ការស្រាវជ្រាវ​រក​មូលហេតុ ។ ក្នុង​ការ​ដឹកនាំ​ក្រុម​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​យ៉ាង​ដុតដៃដុតជើង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា លោក​អភិបាលខេត្ត​ក៏​បាន​នាំ​យក​ទឹក​ស្អាត ថវិកា និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ទៀត​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​នៅ​ក្នុងភូមិ​នោះ​សម្រាប់​ប្រើប្រាស់​ជា​បណ្​តោះអាសន្ន ។

ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តលោក នី ឆុ​ន បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​កំណត់​លើ​ការ​ពុល​នេះ​ថា អាច​ផ្តើម​ចេញពី​ទឹកអូរ​និង​ទឹក​ព្រែក​ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ ហើយ​ពលរដ្ឋ​បាន​ដងទឹក​យក​មក​ទទួលទាន ។ លោក​ថ្លែង​ថា ទឹកអូរ​និង​ទឹក​ព្រែក​ទាំងនេះ​អាច​មាន​សារធាតុពុល​ដោយ​ថ្នាំ​គីមី​បាញ់​សម្លាប់​ស្មៅ​ដែល
ហូរ​តាម​ទឹកភ្លៀង​ចូល​ក្នុង​ព្រែក​ទេរ​និង​អូរ​ជា​ដៃ​ព្រែក ។ មួយវិញទៀត សារធាតុពុល​ក្នុង​ទឹក​អាច​មានការ​ប្រើ​ថ្នាំពុល​សម្លាប់​ត្រី​ផង​ដែរ ។ស្ត្រី​ជា​អ្នក​ភូមិ​ម្នាក់​ដែល​រង​ការ​ពុល​នេះ​ឈ្មោះភឿន រាំ​អី អាយុ​៣៨​ឆ្នាំ ហើយ​ដែល​ម្តាយ​អាយុ​ជាង​៧០​ឆ្នាំ បាន​ស្លាប់​ដោយសារ​តែ​ការ​ពុល​នេះ​និយាយ​ថា អាការ​របស់​អ្នក​ភូមិ​គឺ​កើតឡើង​ស្រ​ដៀង​គ្នា​ដូច​ជា វិលមុខ ស្រវាំងភ្នែក ឈឺក្បាល តឹង​ណែន​ដើមទ្រូង ។ មុន​នឹង​កើត​អាការ​ពុល អ្នក​ភូមិ​បាន​ទៅ​ដងទឹក​ពី​ព្រែក​«​ទេរ​»​មក​ប្រើ និងបានឃើញ​មាន​ត្រី​ពុល​ងាប់​អណ្តែត​ពេញ​ក្នុង​ព្រែក
ហើយ​អ្នក​ភូមិ​បាន​យក​ត្រី​ទាំងនោះ​មក​ហូប ដោយ​ខ្លះ​យក​មក​ប្រឡាក់ ឬ​ធ្វើ​ប្រហុក​និង​ផ្អក ។ ក្រោយ
ពី​នាំ​គ្នា​ហូប​ទឹក​និង​ហូប​ត្រី​នោះ​មក ធ្វើ​ឱ្យ​អ្នក​ភូមិ​កើត​អាការ​បែប​នេះ ។

ប្រសិនបើ​ទឹក​ព្រែក​មាន​ជាតិពុល​ពិតមែន​នោះ គឺ​ច្បាស់​ណាស់​ថា សារធាតុ​ដែល​បំពុល​នោះ​ខ្លាំង​ណាស់​ដែល​អាច​សម្លាប់​មនុស្ស​បាន ។ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បានឱ្យ​ដឹង​ថា នគរ​បាល​ក្រោមការ​ដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ បាន​ចុះ​ស្រាវជ្រាវ​រុករក​នៅ​តំបន់​ប៉ែក​ខាងលើ​ព្រែក​និង​អូរ​លើ​ទីតាំង​ក្រុមហ៊ុន​កៅស៊ូ និង​ថ្ម​ម៉ា​ប​មួយ​ចំនួន ដើម្បី​ស្រាវជ្រាវ​ក្រែង​អាច​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ពុល​នេះ ។ ចំណែកឯ​លទ្ធផល​យ៉ាងណា​នោះ នៅ​មិន​ទាន់​បាន​កំណត់​នៅឡើយ​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃ​៦ ខែឧសភា ។

គួរបញ្ជាក់ទៀតថា ៖

https://kohsantepheapdaily.com.kh/article/633143.html

អត្ថបទសរសេរ ដោយ