រាជធានីភ្នំពេញ ៖ បុរស២នាក់ស្រវឹងជោកជាំបើករថយន្តរេចង្កូតទៅបុកទម្លុះទ្វាររបងផ្ទះវីឡាមួយកន្លែងបណ្តាលឲ្យរងការខូចខាត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះវីឡាអត់លេខមួយកន្លែង ក្បែរនឹងចក្រចូលមណ្ឌលសុខភាពភ្នំពេញថ្មី តាមបណ្តោយផ្លូវបេតុងកែងនឹងផ្លូវ២៨គ្រួសារ ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់បើករថយន្តមួយគ្រឿងម៉ាក អាល់តូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២P-០៨១៥ បើកបរក្នុងស្ថានភាពស្រវឹងជោកជាំ ឈប់រថយន្តតាមបណ្តោយផ្លូវបេតុងនិយាយគ្នាជាមួយនឹងបុរសម្នាក់ទៀតដែលជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក នៅក្បែរផ្ទះកើតហេតុប្រមាណ៣០ម៉ែត្រ ។ មួយស្ទុះក្រោយមករថយន្តបង្កខាងលើក៏បានបញ្ឆេះបើករថយន្តក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ។

លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅខាងស្តាំទៅបុកទ្វារទម្លុះដែករបងផ្ទះវីឡាកើតហេតុខាងលើបណ្តាលឱ្យបាក់អស់មួយផ្ទាំង និងជ្រុលទៅបុកថូរផ្កានៅក្នុងផ្ទះបែកអស់ចំនួនមួយ ចំណែកឯរថយន្តរងការខូចខាតបន្តិចបន្តួច ។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តទៅលើជិះម៉ូតូមួយគ្រឿងដែលឈប់និយាយគ្នាជិះចេញទៅបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ ។ ក្នុងហេតុការណ៍ខាងលើមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុក៏ឃើញមានតំណាងភាគីខាងរថយន្តបង្កបានជិះចេញមុខមកធ្វើការដោះស្រាយគ្នាជាមួយនឹងម្ចាស់ផ្ទះតែដោយធ្វើការចរចាគ្នាមិនត្រូវក៏បានប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយគ្នាជាមួយនឹងម្ចាស់ផ្ទះនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ