រាជធានីភ្នំពេញ ៖ មន្ត្រីសាលាឧទ្ធរណ៍បានបញ្ជាក់នៅថ្ងៃទី៦ ខែឧសភាថា បណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីជនជាប់ចោទឈ្មោះ អឿត អាង ហៅជួបសម្លាប់សាលាឧទ្ធរណ៍បានបញ្ចប់សវនាការសួរដេញដោលនឹងប្រកាសសាដីកានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ខាងមុខ ។
គួរបញ្ជាក់ថា ចៅក្រមសាលាឧទ្ធរណ៍កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកសវនាការបណ្តឹងប្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ដែលសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។
យោងតាមការបញ្ជាក់របស់លោកមេធាវី ឡោ គីមហ្កិច ការពារក្តីឲ្យជនជាប់ចោទជួប សម្លាប់ បាននិយាយថា នៅពេលសវនាការកូនក្តីរបស់លោកបានសារភាពតាំងពីតុលាការថ្នាក់ក្រោមមកម្ល៉េះ ។ ក្នុងនាមជាមេធាវីបានធ្វើសេចក្តីសន្និដ្ឋានសូមឲ្យលោកចៅក្រមជួយបន្ធូបន្ថយទោសទៅលើកូនក្តីតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងសំណុំរឿងក្តីនេះលោកចៅក្រមបានសម្រេចលើពេលទៅប្រកាសសាដីកានៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ ។
គួររំលឹកផងដែលថា កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៧លោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ដាក់ពន្ធនាគារអស់មួយជីវិតក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ និងបទ ការកាន់កាប់អាវុធដោយខុសច្បាប់។
នៅពេលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១ខែមិនាឆ្នាំ២០១៧ «ជួប សម្លាប់» បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ ប្រាក់មិនសង ហើយ អះអាងថាគ្មានអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះនោះទេ ។
គួរបញ្ជាក់ថា អឿត អាង ហៅជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោក បណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ