ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីសារព័ត៌មាននៅក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយពីទង្វើអាក្រក់របស់ សង្ឃកំហូចមួយអង្គឈ្មោះ សូរ រិទ្ធី ជាអតីតចៅអធិការវត្តវិបស្សនាជ្រោះព្រះគន្លោង បានលួចចេញ ចូលក្នុងវត្តលួចលាក់មកស្រោចទឹកបោកប្រាស់ពុទ្ធបរិស័ទមកពីទីឆ្ងាយៗមិនបានដឹងរឿងរួចមកនោះ។ ព្រះអនុគណស្រុកសំរោងទង ព្រះនាម លាង ប៊ុនហាក់ បានមានសង្ឃដីកាថា បុគ្គល សូរ រិទ្ធី ដែលលួចចេញចូលក្នុងវត្តវិបស្សនាជ្រោះព្រះគន្លោងដោយលួចលាក់នោះខុសនឹងវិន័យសង្ឃ ដែលព្រះពុទ្ធបរមគ្រូនៃយើង ដោយមិនដឹងថាបុគ្គលរូបនោះបានបួសនៅទីណានោះទេ ឬក៏លួចស្លៀកស្បង់ចីពរដោយខ្លួនឯងក៏មិនដឹង។ ទើបនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលចំថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ(ចំថ្ងៃបុណ្យវិសាខបូជា)ផងនោះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីពុទ្ធបរិស័ទ បានឃើញវត្តមានរបស់អតីត ចៅអធិការវត្តវិបស្សនាជ្រោះព្រះគន្លោងមួយអង្គនេះ (ព្រះនាម សូរ រិទ្ធី) ដែលត្រូវបានសមត្ថកិច្ច ខេត្តកណ្តាល និងខាងធម្មការចាប់ផ្សឹករឿងដេកជាមួយស្រីរោងចក្រនៅបន្ទប់ជួលមួយកន្លែង ក្នុងងភូមិពោធិ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧កន្លងទៅនោះ។
វត្តមានរបស់បុគ្គលរូបនេះបង្កឲ្យកើតមានចម្ងល់ជាច្រើនពាក់ព័ន្ធវត្តមានរបស់លោក ដែលត្រូវខាងអនុគណស្រុកសំរោងទង បានចូលរួមចាប់ផ្សឹកតាមវិន័យព្រះពុទ្ធសាសនា នៃអាបត្តិបារាជិកនោះ។ ពេលនេះបានមកគ្រងតំណែងជាចៅអធិការវត្តដូចដើម ហើយថែមទាំងធ្វើហោទស្សន៍ទាយ និងស្រោចទឹកឲ្យពុទ្ធបរិស័ទថែមទៀតផង។ ដោយចង់ដឹងរឿងនេះឲ្យបានច្បាស់ ថាតើអ្នកណាជាអ្នកអនុញាត្តឲ្យលោក សូរ រិទ្ធី នេះបានបួសជាសង្ឃជាថ្មីនេះ អ្នកយកព័ត៌មានយើងបានព្យាមសុំជួបព្រះតេគណ សូរ រិទ្ធី ដើម្បីបកស្រាយដែរ តែលោកបានបដិសេធមិនឲ្យជួបហើយថែម ទាំងរត់ឡើងឡានឡង់គ្រីស័រមួយគ្រឿង ពណ៌ស្លែចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2J-1346 ជិះគេចចេញពីវត្តបាត់ទៅ។ ដែលឡាននោះត្រូវបានដឹងថា ជាឡានរបស់លោកផ្កាយ២ និងលោកជំទាវមួយរូប ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញជាអ្នកកាងឲ្យលោកបានបួសហើយគ្រងដំណែងចៅអធិការដូចដើមវិញ លួចលាក់ចេញចូលក្នុងវត្តដោយសេរីផងដែរ មិនមានអ្នកណាម្នាក់ហ៊ានជាមួយលោកផ្កាយ២ម្នាក់នោះឡើយ សូម្បីតែអាជ្ញាធរមូលដ្ឋាន អនុគណស្រុក និងមន្ទីរធម្មការខេត្តកំពង់ស្ពឺ។ មានការលើកឡើងថា “ជាធម្មតាទោសនៃអាបត្តិបារាជិកតាមវិន័យគឺមិនអនុញាត្តឲ្យសាងផ្នួសម្តងទៀតបានឡើយ ចុះហេតុអ្វីបានជាបុគ្គលរូបនេះបួសបានហើយគ្រងតំណែងជាចៅអធិការដូចមុនបានទៀត?

តើលោកប្រធានការិយាល័យធម្មការស្រុក និងលោកប្រធានមន្ទីរធម្មការរខេត្តបានដឹងរឿងនេះដែរឬទេ? ឬមួយដឹងដែរតែធ្វើមិនដឹង? “មានការលើកឡើងទៀតថា តើនៅខេត្តកំពង់ស្ពឺខ្វះព្រះសង្ឃបរិសុទ្ធ និងមានចំណេះក្នុងការដឹកនាំកសាងវត្តមែនទេ? ទើបបានជាបណ្តោយឲ្យបុគ្គលដែលមានទោស អាបត្តិបារាជិក (ទោសធ្ងន់) ដែលជាទោសមួយក្នុងចំណោមទោសទាំង០៧របស់ភិក្ខុសង្ឃ ត្រឡប់មកក្នុងសមណៈភេទ ហើយគ្រងដំណែងជាចៅអធិការបែបនេះទៅកើត?”ពុទ្ធបរិស័ទចំណុះជើងវត្ត បានលើឡើងថា រាល់ថ្ងៃឃើញតែអ្នកមកពីចម្ងាយមករកលោក ចំណែកអ្នកនៅក្បែរវត្តមិនសូវចេញចូលនោះទេ សព្វថ្ងៃនេះនៅក្នុងវត្តមានលោកនេន០៣អង្គ និងបុគ្គល សូរ រិទ្ធី នេះម្នាក់។ ក្នុងនោះផងដែរគេតែងសង្កេតឃើញរថយន្តឡង់គ្រីស័រមួយគ្រឿង ដែលតែងតែចេញចូលយប់ព្រលប់ទៅមករកបុគ្គលខាងលើ តែមិនមានអ្នកណាអាចដឹងទេថា រាល់យប់នៅពេលដែលឡានឡង់គ្រីស័រនោះចេញពីវត្ត តើបុគ្គលរូបនោះទៅជាមួយ ឬយ៉ាងណាទេ។ បើបណ្តែតបណ្តោយតទៅទៀត តើសាសនារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង តើនឹងអាចគង់វង្សគ្រប់៥០០០ឆ្នាំដែរឬយ៉ាងណា? បើសមណៈរបស់ព្រះអង្គមានទោសបារាជិក រហូតដល់ចាប់ផ្សឹកទៅហើយ តែនៅអាចត្រឡប់មកបួសបានវិញបែបនេះ?
ពាក់ព័ន្ធករណីខាងលើ ប្រជា ពុទ្ធបរិស័ទជាច្រើនបានសំណូមពរដល់លោក រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាមេត្តាចាត់វិធានការ ទប់ស្កាត់បុគ្គលខាងលើ ហើយជ្រើសរើសរកព្រះសង្ឃអង្គណាដែលបរិសុទ្ធ និងមានចំណេះមកបន្តការ ដឹកនាំក្នុងវត្ត ដើម្បីឲ្យពុទ្ធបរិស័ទមានជំនឿលើសាសនារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូរូនៃយើងផង បើបណ្តោយឲ្យបុគ្គលខិលខូចនៅបន្តគ្រប់គ្រងវត្តនេះតទៅថ្ងៃក្រោយជំនឿលើព្រះពុទ្ធសាសនា និងសាបរលាបបន្តិចម្តងៗជាក់ជាមិនខានឡើយ។ ពាក់ព័ន្ធករណីនេះដែលព្រះអនុគណស្រុកសំរោងទង ព្រះនាម លាង ប៊ុនហាក់ បានមានសង្ឃដីកាថា ព្រះអង្គមិនបានដឹងថាសង្ឃអង្គនោះ (សូរ រិទ្ធី) បួសនៅឯណានោះទេ “ករណីបុគ្គល សូរ រិទ្ធី លួចបួសនៅណាក៏គ្មានអ្នកដឹងដែរ។ បន្ទាប់ពីព្រះអង្គជាអនុគណស្រុកបានចូលរួមផ្សឹកបុគ្គល សូរ រិទ្ធី នោះរួចមក ខាងអនុគណ និងមន្ទីរធម្មការខេត្ត បានជ្រើសព្រះសង្ឃអង្គថ្មីមកធ្វើជាចៅអធិការហើយ “ប៉ុន្តែលោកបានលាចាកសិក្ខាបទមុនចូលឆ្នាំទៅហើយ)។

ព្រះអង្គ លាង ប៊ុនហាក់ អនុគណស្រុកបានបន្តថា បុគ្គល សូរ រិទ្ធី ធ្វើទង្វើបែបនេះខុសវិន័យសង្ឃធ្ងន់ធ្ងរណាស់តាមវិន័យនោះ ហើយប្រសិនបើបុគ្គល សូរ រិទ្ធី ហ៊ានចេញចូលក្នុងវត្តវិបស្សនាជ្រោះព្រះគន្លោងដោយលួចលាក់ទៀត ព្រះអង្គនឹងឲ្យអាជ្ញាធរធ្វើការឃាត់ខ្លួនបុគ្គលនោះជាក់ជាមិនខានឡើយ ដែលបុគ្គលរូបនោះហ៊ានលួចចូលវត្តគ្មានការអនុញ្ញាត ហើយក្នុងនាមព្រះអង្គជាព្រះអនុគណស្រុកសំរោងទង នឹងធ្វើការជ្រើសរើសរក ព្រះសង្ឃអង្គណាដែលបានកាន់ធម៌វិន័យខ្ជាប់ខ្ជួនមកគង់ក្នុងវត្តវិបស្សនាជ្រោះព្រះគន្លោងនេះយ៉ាងយូរ១សប្តាហ៍ទៀតប៉ុណ្ណោះ។ ពាក់ពន្ធ័នឹងការលេចមុខលោកសង្ឃក្លាយក្លាយ សូរ រិទ្ធី អតីតចៅអធិការវត្ត វិបស្សនាជ្រោះព្រះកន្លោងមានវត្តមាននៅក្នុងវត្តនេះដែរ មិនដឹងថាលួចបួសនៅវត្តណា ឬក៏លួចស្លៀកស្បង់ចីពរលួចលាក់ចេញចូលក្នុងវត្តខាងលើនេះ លោក សម សោភាន់ ប្រធានមន្ទីរធម្មការខេត្តកំពង់ស្ពឺមិនបានដឹងរឿងនេះឡើយ ដោយលោកថានឹងដាក់កម្លាំងតាមដាន ឃ្លាំមើលបុគ្គល សូរ រិទ្ធី នេះដែលធ្វើទង្វើផ្តេសផ្តាស ធ្វើឲ្យប៉ះពាល់សាសនាព្រះពុទ្ធខ្លាំងណាស់ ប្រសិនបើស៊ើបដឹងថាបុគ្គល សូរ រិទ្ធី នេះចេញចូលអមដោយលោកផ្កាយ២ទៀតនោះ លោកនឹងឲ្យអាជ្ញាធរធ្វើការឃាត់ខ្លួន ដើម្បីសួរនាំសិនរួចទើបមានចំណាត់ការតាមក្រោយ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បាននិយាយឲ្យដឹងតាមទូរសព្ទ័ថា នៅក្នុងវត្តវិបស្សនាជ្រោះព្រះគន្លោងនេះ ឃើញមានវត្តមានលោកសង្ឃកំហូច សូរ រិទ្ធី បុគ្គលរូបនេះចេញចូលក្នុងវត្តនេះដដែល បើអាជ្ញាធរមូលដ្ឋាន ព្រះអនុគណស្រុក មន្ទីរធម្មការខេត្តកំពង់ស្ពឺ បណ្តែតបណ្តោយឲ្យបុគ្គល សូរ រិទ្ធីរូបនេះនៅតែចេញចូលលួចលាក់ស្រោចទឹក ឲ្យពុទ្ធបរិស័ទបន្តទៅទៀត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ ធ្វើខូចសាសនាដែលជាសាសនារបស់រដ្ឋ។ ក្នុងនេះផងដែលគួរណាស់តែលោកប្រធានមន្ទីរធម្មការខេត្ត និងព្រះតេជគណអនុគណស្រុកសំរោងទង មានវិធានការឲ្យបានគត់មត់ចំពោះបុគ្គលខាងលើ ចៀសវាងបុគ្គលរូបនេះ និងបក្ខពួកបន្តសកម្មភាពរបស់ខ្លួន ដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទដែលមានជំនឿលើព្រះពុទ្ធសាសនាបានតទៅទៀត៕
ចែករំលែកព័តមាននេះ