ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​បានជា​រថភ្លើង បើក​បុក​រថយន្ត​ទៅ​វិញ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​ដឹក​អ្នកដំណើរ បើក​មក​បុក បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសស្រាល​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​ដឹក​អ្នកដំណើរ បើក​មក​បុក បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសស្រាល​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨​នេះ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង ខាងជើង​ផ្សារ​ចិន​ណា​ន់ ប្រមាណ​១០០​មែ​ត្រ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-2218 ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវលំ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ប្រសព្វ​ជាមួយនឹង​ផ្លូវ​រថភ្លើង តែ​មិន​មាន​បា​រ៉ា​ស់​សម្រាប់​បាំង​ពេល​មាន​រថភ្លើង​បើក​ឆ្លងកាត់ ម្តង​ៗ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​ពេល​នោះ​រថយន្ត​ខាងលើ​ក៏​មាន​បំណង​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ខណៈ​ពេល​ដែល​ឆ្លង​មិន​ទាន់​បាន​ពាក់​កណ្តាលផ្លូវ​ផង ស្រាប់តែ​មាន​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ ដោយ​ធ្វើ​ដំណើរ​ចេញ​មក​ពី​ស្ថានីយ​រថយន្ត​ភ្លើង​ភ្នំពេញ​ឆ្ពោះទៅ​ទី​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។

រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីមុខ​ចំហៀង​ខាង​ដ​ឆ្វេង ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង យ៉ាងដំណំ រីឯ​អ្នកបើកបរ​រង​របួស​ពក​ក្បាល​បន្តិចបន្តួច ចំណែកឯ​រថភ្លើង​មិន​បាន​ឈប់​នោះ​ទេ គឺ​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​ទៅ​។ បើ​តាម​សម្តី​ពី​អ្នកបើកបរ​រថយន្ត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ខាងលើ បំណង​នឹង​បើក ឆ្លងកាត់​ផ្លូវ​រថភ្លើង​ចំណុច​កើតហេតុ​ខាងលើ តែ​ដោយនៅ​ត្រង់​ចំណុច​កើតហេតុ​មិន​មាន​ដាក់​បា​រ៉ា​ស​បាំង ឬ​ក៏​មាន​អ្នក​ឈរ​ធ្វើ​ជា​សញ្ញា​ប្រាប់​ពេល​ដែល​មាន​រថភ្លើង​បើក​ឆ្លងកាត់​ម្តង​ៗ​នោះ​ទេ បូក​រួម​ផ្សំ​ទាំង​មានព្រៃ​ដុះ​អម​សងខាង​ផ្លូវ​រថភ្លើង​ពិបាក​ដល់​គាត់​មើល​ឆ្វេង​ស្តាំ​មិនឃើញ​ថា មាន​រថភ្លើង​បើក​ឆ្លងកាត់​ឬ​ក៏​អត់​។ បន្ទាប់​មក​ដោយ​បាំង​ព្រៃ​មើល​មិនឃើញ​រថភ្លើង និង​មិន​ឮ​ស៊ី​ប្លេ​របស់​រថភ្លើង ហើយ​គាត់​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​នោះ តែ​ខណៈ​ដែល​ឆ្លង​មិន​ទាន់​បាន​ពាក់កណ្តាល​ផង ស្រាប់តែ​មាន​រថភ្លើង​ដឹក​អ្នកដំណើរ​បើក​មក​បុក​ពេញទំហឹង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ហើយ​បាន​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើ​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ព្រោះ​ដោយ​ភាគី​ខាង​រថយន្ត និង​ភាគី​ខាង​រថភ្លើង​មិន​បាន​ធ្វើការ​ប្តឹងផ្តល់​ទាមទារ​សំណង​អ្វី​ពី​គ្នា​នោះ​ទេ​។ ហើយ​ជា​ចុង​ក្រោយ​ម្ចាស់ រថយន្ត​រង​គ្រោះ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ កន្លែង​កើតហេតុ បាន​សូម​សំណូមពរ​ដល់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន សូម​មេត្តា​កាប់​ព្រៃ​ដែល​ដុះ​អម​សងខាង​ផ្លូវ​រថភ្លើង និង​ដាក់​បា​រ៉ា​ស​បាំង​នៅ​ពេល​ដែល​មាន រថភ្លើង​បើក​ឆ្លងកាត់​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ផ្លូវ​នានា​ដែរ ព្រោះ​ខ្លាច​កុំ​ឲ្យ​មាន​ដូច​ជា​ករណី​ខាងលើ​ម្តងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ