រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកដើររើសអេតចាយចិញ្ចើមជីវិតម្នាក់បានខ្យល់គរស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩ព្រឹក ថ្ងៃទី៦ ឧសភា នៅចំណុចផ្លូវប៉េតុង ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
ស្ត្រីខាងលើឈ្មោះ សាំង សារ៉ន អាយុ៤០ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយកូនស្រីឈ្មោះ បូង៉ា អាយុ៨ឆ្នាំ ដោយយកចិញ្ចើមផ្លូវសាធារណៈជាទីជម្រ ពោលគឺនាងគ្មានផ្ទះសម្បែង និងស្រុកកំណើតឡើយ គឺនាងកើតធំដឹងក្តីនៅតំបន់ខាងលើ ហើយក៏ស្លាប់ទៅវិញនៅកន្លែងនឹងវិញដែរ ។

ប្រភពពីអ្នកស្រុកក្បែរនោះឱ្យដឹងថា ស្ត្រីរងគ្រោះមានគ្រួសារបន្សល់ទុកកូនប្រុស-ស្រី៣នាក់ ក្នុងនោះកូនប្រុសច្បងអាយុជាង២០ឆ្នាំចាកចោលម្តាយទៅធ្វើការនៅថៃបាត់ដំណឹងជាង១០ឆ្នាំមកហើយ ចំណែកកូនស្រីទី២ រស់នៅជាមួយឪពុកនៅខេត្តបាត់ដំបងក្រោយពួកគេចែកផ្លូវគ្នាអស់២ឆ្នាំ នៅសល់តែកូនស្រីតូចទើប៨ឆ្នាំរស់នៅជាមួយម្តាយ ដោយដេកតាមចិញ្ចើមផ្លូវ ស៊ីអត់ស៊ីឃ្លាន ហាលខ្យល់ហាលភ្លៀង មានទាំងក្តៅ និងរងាជាមួយគ្នា គួរឱ្យសង្វេគរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ។ ហើយពីមុននាងដើររើសអេតចាយចិញ្ចើមកូន លុះធ្លាក់ខ្លួនឈឺមិនអាចរកអ្វីឡើយ ដោយអ្នកស្រុកឃើញបែបនេះក៏ចេះតែយកបាយទឹកឱ្យនាង និងកូនដើម្បីរស់រានបន្ត ប៉ុន្តែប៉ុន្មានខែក្រោយនេះស្ត្រីរងគ្រោះផឹកតែស្រាមិនហូបអ្វីឡើយ ជាហេតុធ្វើឱ្យខ្សោយទៅៗ រហូតខ្យល់.គស្លាប់តែម្តង។

ក្រោយទទួលព័ត៌មានកម្លាំងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងជួយហៅរថយន្តសាមុយដឹកសពទៅធ្វើបុណ្យបូជាតាមប្រពៃណីនៅវត្តសំបួរមាសផងដែរ ។ រីឯលោក ឯម ភារី ឱ្យដឹងថា បច្ចុប្បន្នលោក និងអាជ្ញាធរសង្កាត់កំពុងព្យាយាមស្វះស្វែងរកអង្គការកុមារកំព្រា ដើម្បីឱ្យកុមារីដ៏កម្សត់បានទៅរៀន និងស្នាក់នៅ ព្រោះនាងគ្មានសាច់ញាតិទៀតទេ ៕

ចែករំលែកព័តមាននេះ