ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​អគ្គ​នាយក​គយ និង​រដ្ឋា​ករ​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​២៧ នៅ​កោះ​ឡាង​កាវី

7 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​)…

នៅ​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​ដឹកនាំ​គណៈប្រតិភូ​គយ​ចូលរួម​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៧ នៅ​កោះ​ឡា​ង​កា​វី ប្រទេស​ម៉ា​ឡេ​ស៊ី​។ កិច្ចប្រជុំ​នេះ​បាន​ដឹកនាំ​ដោយ​លោក Dato’ Subromaniam Tholasy​អគ្គនាយក​គយ​នៃ​រដ្ឋបាល​គយ​ម៉ា​ឡេ​ស៊ី ដោយ​មានការ​ចូល​រួម​ពី​អគ្គនាយក​គយ​អាស៊ាន​ទាំង​ដប់​ប្រទេស និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​។

កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៧​នេះ បាន​សម្រេច​លើ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ៖


១) -​ការ​បង្កើត​អនុ​ក្រុមការងារ​បច្ចេកទេស​ចំណាត់ថ្នាក់​ទំនិញ
២) – ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តី​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​គយ​អាស៊ាន ដោយ​សមាជិក​អាស៊ាន​ទាំង​ដប់​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​២ ស្តី​ពី​ការ​កំណត់​ការិយាល័យ​មាត់ច្រក​សម្រាប់​ដឹក​ទំនិញ​ឆ្លងកាត់​នៅ​ក្នុង​ក្រប​ខណ្ឌ​កិច្ចព្រម​ព្រៀង​​អាស៊ាន​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ (AFAFGIT) និង​សមាជិក​ចំនួន​ប្រាំបួន​បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​៧ ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​អាស៊ាន​នៅ​ក្នុង​ក្រប​ខណ្ឌ AFAFGIT

៣) – បង្កើត​ក្រុមការងារ​សិក្សា​អំពី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត​អាស៊ាន (ASEAN AEO)​។ បច្ចុប្បន្ន​នេះ មាន​ប្រទេស​សមាជិក​ចំនួន​ប្រាំមួយ​បាន​អនុវត្ត AEO​។ ដោយឡែក​កម្ពុជា​បាន​អនុវត្ត​កម្មវិធី​លើកទឹកចិត្ត​ដល់​ធុរជន​ដែល​មាន​អនុលោម​ភាព​ខ្ពស់ និង​កំពុង​ឈាន​ទៅ​អនុវត្ត​ពេញលេញ​នូវ​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត​នៅ​ពេល​អនាគត​ដ៏​ឆាប់​ខាង​មុខ

៤) – វឌ្ឍនភាព​នៃ​ការ​អនុវត្ត​បញ្ជរ​តែ​មួយ​អាស៊ាន​ដោយ​ប្រទេស​សមាជិក​ចំនួន​ប្រាំ រួម​មាន​ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី សឹ​ង្ហ​បុរី ថៃ និង​វៀតណាម បាន​ធ្វើការ​ផ្លាស់​ប្តូរ​វិញ្ញាបនបត្រ​ដើម​កំណើត​ទំនិញ COForm D តាម​អេ​ឡិ​ក​ត្រូ​និ​ច​។ ចំពោះ​ឯកសារ​ប្រតិវេទន៍​គយ​អាស៊ាន និង​វិញ្ញាបនបត្រ​អេ​ឡិ​ក​ត្រូ​និ​ច​អនាម័យ និង​ភូតគាម​អនាម័យ​សមាជិក​អាស៊ាន​កំពុង​ពិភាក្សា​និង​ពិចារណា​ដាក់​ឲ្យ​ផ្លាស់​ប្តូរ​តាម​រយៈ​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​អាស៊ាន​នៅ​ពេល​អនាគត​។ កម្ពុជា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​ក្នុង​កា​រត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​អាស៊ាន ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​វិញ្ញាបនបត្រ​ដើម​កំណើត​ទំនិញ CO Form D តាម​អេ​ឡិ​ក​ត្រូ​និ​ច និង​អាច​ចូលរួម​អនុវត្ត​ជា​ផ្លូវការ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៧ ក៏​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ដោយឡែក​ពី​គ្នា​ជាមួយ​គណៈប្រតិភូ​រដ្ឋបាល​គយ ចិន ជប៉ុន កូរ៉េ និង​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការងារ​គយ និង​បាន​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​វិស័យ​ឯកជន​សំខាន់​ៗ​ចំនួន​បី រួម​មាន ៖

១) ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក
២) ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អឺរ៉ុប និង

៣)​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​និង​វិស័យ​ឯកជន​របស់​ម៉ា​ឡេ​ស៊ី ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហការ​រវាង​រដ្ឋបាល​គយ​និង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក​បណ្ឌិត គុណ ញឹ​ម បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និ​ច​ក្នុង​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​តម្រូវការ​ក្នុង​ការ​គ្រប់គ្រង និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ជា​ពិសេស​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និ​ច​ឆ្លង​ដែន​ទាំង​ទំនិញ​រូប​វន្ត និង​ទំនិញ​ឌី​ជី​ថ​ល​។ លោក​ក៏​បាន​លើក​ឡើង​ពី​ជោគជ័យ​របស់ អគរ ក្នុង​ការ​ចូលរួម​អនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ (Container Control Program – CCP) នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដែល​ជា​កម្មវិធី​រួម​របស់​អង្គការ​គយ​ពិភពលោក (WCO) និង​ការិយាល័យ​អង្គការសហប្រជាជាតិ​ផ្នែក​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ហើយ​យោង​លើ​បទ​ពិសោធន៍​នេះ អគរ កំពុង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពង្រីក​កម្មវិធី​នេះ​ឲ្យ​គ្របដណ្ដប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផង​ដែរ​។

ឆ្លៀតឱកាស​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៧​នេះ គណៈប្រតិភូ​នៃ​អគរ ក៏​បាន​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ជប៉ុន​ដឹកនាំ​ដោយ​លោក​អគ្គ​នាយក Iizuka Atsuhi ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គយ​រវាង​រដ្ឋបាល​គយ​ទាំង​ពីរ​។​ទ ន្ទឹ​ម​នេះ គណៈប្រតិភូ​នៃ អគរ ក៏​បាន​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ថៃ ដឹកនាំ​ដោយ​លោក Auychai Kultipmontre អគ្គនាយករង​គយ​ថៃ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ និង​ពិភាក្សា​ពី​លក្ខខណ្ឌ ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ទំនិញ​ឆ្លងកាត់​។ គណៈប្រតិភូ​នៃ​អគរ ក៏​បាន​ប្រជុំ​ទ្វេភាគី​ជាមួយ​ក្រុមប្រឹក្សា​ធុរ​កិច្ច អាស៊ាន​-​អឺរ៉ុប និង​អាស៊ាន​-​អា​មេ​រិ​ក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង ​និង​កិច្ច​សហការ​រវាង​រដ្ឋបាល​គយ​កម្ពុជា​-​វិស័យ​ឯកជន ជា​ពិសេស​ជម្រាប​អំពី​វឌ្ឍនភាព​សំខាន់​ៗ​នៃ​កំណែទម្រង់​និង​ទំនើប​កម្ម​រដ្ឋបាល​គយ​កម្ពុជា ហើយ​ស្ដាប់ និង​ពិភាក្សា​រក​ដំណោះ​ស្រាយ​​លើ​កង្វល់ និង​បញ្ហា​ដែល​លើក​ឡើង​ដោយ​វិស័យ​ឯកជន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ