ខេត្តសៀមរាប ៖ នៅភូមិរកាធំ សង្កាត់ស្រងែក្រុងសៀមរាប កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែឧសភាកន្លងទៅ មានករណីអគ្គិភ័យលេបត្របាក់ភូមិគ្រឹះមួយធ្វើពីឈើរបស់ជនជាតិឥណ្ឌូស៊ី ។ ភូមិគ្រឹះនេះមានទំហំ៩ម៉ែត្រគុណនឹង១០ម៉ែត្រ ជារបស់ថៅកែតារាងវាយកូនហ្គោល«អង្គរហ្គោល រីសត» ឈ្មោះ ហូឡិច ភេទប្រុស អាយុ៤២ឆ្នាំ ។

ប្រភពព័ត៌មានពីនគរបាលឱ្យដឹងថា អគ្គិភ័យនេះកើតឡើងដោយសាររន្ទះបាញ់ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿងធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងនោះរបស់ស្នងការដ្ឋាននគរបាលខេត្ត៥គ្រឿងប្រើទឹកអស់៣៥រថយន្ត របស់កងរាជអាវុធហត្ថខេត្ត៦គ្រឿង ប្រើទឹកអស់៥រថយន្ត និងរបស់នគរបាលបេតិភណ្ឌ១គ្រឿង ប្រើទឹកអស់១០រថយន្ត ។

ក្រោមការជួយអន្តរាគមន៍បាញ់ទឹកពន្លត់របស់រថយន្តពន្លត់អគ្គិភ័យ ភ្លើងក៏បានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៧និង១៣នាទីយប់ថ្ងៃដដែល ឯសម្ភារនៅក្នុងផ្ទះទាំងប៉ុន្មានខូចខាតទាំងស្រុង តែពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ ។ សូមបញ្ជាក់ថា នៅក្នុងគ្រោះអគ្គិភ័យនេះ ចំពោះការខូចខាតបើគិតជាទឹកប្រាក់គឺរាប់ម៉ឺនដុល្លារ ៕

ចែករំលែកព័តមាននេះ