ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែកាបតរញ៉េរញ៉ៃ​កាត់ចោលឱ្យ​អស់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​ឱ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ពី​អង្គភាពអគ្គិសនី​កម្ពុជា និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ពេល​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ជំរុញ​ផែនការ​កាត់​ផ្តាច់​ប្រព័ន្ធ​ខ្សែភ្លើង ខ្សែកាប​អុ​ប​ទិ​ក និង​ប្រព័ន្ធ​ខ្សែ​ទូរស័ព្ទ ដែល​បាន​ចងនិងបន្តោង​រយីងរយោង​តាម​បណ្តោយ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​ឱ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ពី​អង្គភាពអគ្គិសនី​កម្ពុជា និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ពេល​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ជំរុញ​ផែនការ​កាត់​ផ្តាច់​ប្រព័ន្ធ​ខ្សែភ្លើង ខ្សែកាប​អុ​ប​ទិ​ក និង​ប្រព័ន្ធ​ខ្សែ​ទូរស័ព្ទ ដែល​បាន​ចងនិងបន្តោង​រយីងរយោង​តាម​បណ្តោយ​ផ្លូវ និង​កាត់​ទទឹង​ផ្លូវ​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៦​ផ្លូវ ។

ជា​ជំហាន​ទី​១ ​នៃ​ផែនការ​នេះ គឺ​កាត់​បញ្ចូលក្នុង​បំពង់​មេ​ក្រោម​ដី​ឱ្យ​បាន​រួចរាល់​នៅ​ចុងឆ្នាំ​២០១៨​នេះ ។
លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាលរាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ប្រព័ន្ធ​ខ្សែកាប ខ្សែភ្លើង និង​ប្រព័ន្ធ​ខ្សែ​ទូរស័ព្ទ នា​ពេល​កន្លងមក​ និង​សព្វ​ថ្ងៃនេះ ទាំង​ខ្សែ​កាត់​ទទឹង​ផ្លូវ និងបណ្តោយ​ផ្លូវ​ត​ភ្ជាប់​កួច​ចូល​គ្នា​យ៉ាង​ច្រើន​ស្អេកស្កះ បង្ក​នូវ​ភាព​រញ៉េរញ៉ៃ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ក៏​ដូច​ជា​សណ្តាប់ធ្នាប់​សាធា​រណៈ ។ ជា​ពិសេស​បញ្ហា​សុវត្ថិភាព​ ដូច​ជាទុ​ស្សេ​ចរន្ត​ភ្លើង និង​មាន​បញ្ហា​អគ្គិភ័យ​កើតឡើង​ម្តង​ៗ គឺ​អាជ្ញាធរ​មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​កាត់​ទម្លាក់​ប្រព័ន្ធ​ខ្សែ​ទាំងនោះ​ឱ្យ​ចូល​​ទៅ​ក្រោម​ដី​វិញ ។

លោក ម៉េ​ត មាស​ភក្តី បានឱ្យ​ដឹង​ទៀត​ថា ដោយ​ទទួល​បានការ​ឯកភាព​ពី​គណៈរដ្ឋមន្ត្រី អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​កាត់​ប្រព័ន្ធខ្សែ​ភ្លើង និង​ខ្សែកាប តាម​មហាវិថី​ធំ​ៗ​ចំនួន​៦​ខ្សែ គឺ​មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី មហាវិថី​ម៉ៅ​សេ​ទុង មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​ព្រះ​សីហ​នុ ដែល​អនុវត្ត​ដោយ​អង្គភាព​ចំនួន​៤ គឺ​អង្គភាព​ទូរគមនាគមន៍ ក្រុមហ៊ុន​ស៊ី​ហ្វុ​ក ក្រុមហ៊ុន​ភី​ភី​ស៊ី​ធី​វី និង​អង្គ​ការ​ចៃ​កា ដែល​ពាក់ព័ន្ធ​ជាមួយប្រព័ន្ធ​ចរាចរណ៍ ។ លោក​បន្ត​ថា ការងារ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៦ គឺ​ទុក​រយៈពេល​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ឯកជន ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ខ្សែកាប​ផ្សេង​ៗ​ទាំងនោះ​កាត់​ទម្លាក់​ចូល​ទៅ​ក្នុង​ដី​ដោយ​ខ្លួនឯង ។

ជាក់ស្តែង ចំពោះ​ការងារ​កាត់​ខ្សែទទឹង​ផ្លូវ រហូត​មក​ដល់​ពេល​នេះ​បាន​រួចរាល់​ទាំង​៦​ផ្លូវ​ហើយ ប៉ុន្តែ​សម្រាប់​តាម​បណ្តោយ​ផ្លូវ​វិញ គឺ​មហាវិថី​ព្រះនរោត្តម​អនុវត្ត​បាន​១០០%​ហើយ ។ ពេល​នេះ​កំពុង​ដំណើរការ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុ​ស្ស៊ី ចាប់ពី​ស្តុ​ប​កា​ណា​ឌី​យ៉ា​ដល់​ផ្លូវ​លេខ​២០០៤ និង​មហាវិថី​ព្រះ​មុនី​វង្ស ចាប់ពី​រង្វង់​មូល​កួច​កាណុ​ងរ​ហូត​ដល់​ស្តុ​ប​៤២​ជាន់ និង​បន្ត​រហូត​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ។ ចំណែកឯ​ផ្លូវ​៣​ខ្សែ​ទៀត នឹង​អនុវត្ត​បន្តបន្ទាប់​គ្នា​ទៅ​តាម​ផែនការ​ដែល​មាននៅ​ក្នុង​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​កាលពី​ពេល​កន្លង​មក ។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ផែនការ​នៃ​ការ​កាត់​ទម្លាក់​ប្រព័ន្ធ​ខ្ស​ភ្លើង ខ្សែកាប និង​ខ្សែ​ទូរ​ស័ព្ទ​សម្រាប់​ជំហាន​ទី​១​ចំនួន​ផ្លូវ​៦​ខ្សែ​នោះ តាម​គម្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨​នេះ​តែ​ម្តង ។ គួរ​កត់​សម្គាល់ថា នៅ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ភាព​អនាធិបតេយ្យ​នៃ​កា​រត​ភ្ជាប់​បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ខ្សែកាប ខ្សែ​ទូរស័ព្ទ​ពុំ​មាន​សណ្តាប់ធ្នាប់​នោះ​ទេ គឺ​ចេះ​តែ​ត​ភ្ជាប់​ចង​បន្តោង​គ្នា​រយីងរយោង ឬ​ធ្លាក់​រប៉ាត់រប៉ាយ ដែល​បង្ក​ឱ្យ​បាត់បង់​សោភ័ណ​ភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ។ មិន​តែប៉ុណ្ណោះ មាន​ពេល​ខ្លះ​រថយន្ត​បើក​ទាក់ ឬ​កៀរដាច់​រាប់​មិន​អស់ ដែល​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក៏​ត្រូវ​តែ​ចូលរួម​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នេះ ដើម្បី​ទីក្រុង​របស់​យើង​ទាំងអស់​គ្នា ៕ ​

អត្ថបទសរសេរ ដោយ