រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បានបើករថយន្តបុកជាមួយរថនយន្តមួយគ្រឿងទៀតប៊ិះធ្លាក់ចូលប្រឡាយបឹងត្របែក ក្រោយមកបានព្យាយាមបើករត់រហូតមកដល់ម្តុំទួលទំពូង ទើបចាប់ឃាត់បាន ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹកថ្ងៃទី០៤ ឧសភា ស្ថិតនៅចំណុចផ្លូវលេខ១០៥ កែងនិងផ្លូវលេខ៤២៨ (ផ្លូវមាត់ប្រឡាយ) ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

បុរសជនជាតិចិនខាងលើមិនស្គាល់ឈ្មោះទេ តែវ័យប្រមាណជាជាង៣០ឆ្នាំ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ ក្រោយពីរូបគេបើករថយន្តម៉ាកBMWមួយគ្រឿង ជាមួយនារីជនជាតិចិនដូចគ្នាម្នាក់ ដោយក្នុងស្ថានភាពស្រវឹងស្រា ។

តាមប្រភពពីសម្ថកិច្ចបានប្រាប់ឱ្យដឹងដែរថា មុនពេលកើតហេតុ គេបានឃើញមានរថយន្តមួយបាំងកន្លះ
ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ២AM-៥១៧០មួយគ្រឿង ត្រូវបានបុរសម្នាក់ជាម្ចាស់បើកយកមកចតទុកលើផ្លូវមាត់ប្រឡាយខាងស្តាំដៃ បែរមុខទៅទិសខាងជើង ។ បន្តិចក្រោយមក ក៏ស្រាប់តែមានរថយន្តម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២Y-៦៥២៣មួយគ្រឿង ដែលបើកដោយបុរសជនជាតិចិនម្នាក់រួមនិងស្ត្រីជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវលេខ ១០៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងទិសដៅ
បញ្ច្រាសទិសគ្នានោះ។ លុះមកដល់ចំណុចខាងលើ រថយន្តម៉ាកBMWក៏រេចង្កូតទៅខាងស្តាំដៃ ទៅបុករថយន្តពីចំហៀងធ្លាក់កង់ម្ខាងទៅក្នុងប្រឡាយទឹកបឹងត្របែក ប៊ិះធ្លាក់ទៅក្នុងទឹកស្អុយទៅហើយៗ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ