រាជធានីភ្នំពេញ ៖ យុវជន៣បីនាក់បានជិះម៉ូតូរត់គេចពីគេដេញវាយក៏ជ្រុលទៅបុក និងរថយន្តមួយគ្រឿង ដែលបើកដោយបុរសម្នាក់ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ម្តុំផ្សារក្រមួនទល់មុខនិងផ្ទះ១៧៧ ផ្លូវបេតេអត់លេខ ភូមិព្រែកតាគង់ សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AP – 4442 ធ្វើដំណើរតាមផ្លូវបេតុងអត់លេខ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែបុរសបីនាក់បានជិះម៉ូតូម៉ាក់សង់ប៊ិច ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1O- 9410 មិនដឹងថា ប្រញាប់ទៅណានោះទេ គឺបានធ្វើដំណើរតាមផ្លូវបេតុង អត់លេខ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះបានជ្រុលទៅបុក និងរថយន្តដែលបើកដោយបុរសម្នាក់ ចេញពីមុខចំហៀងខាងស្តាំ យ៉ាងពេញទំហឹង បណ្តាលឲ្យឲ្យអ្នកបើកម៉ូតូរងរបួសរលាត់ដៃរលាត់ជើង និងអ្នកអង្គុយខាងក្រោយ រងរបួសបាក់ជើងស្តាំ ទាំង២នាក់ត្រូវរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លីនិក ឯកជន ។ ចំណែកបុរសម្នាក់ទៀតដែលអង្គុយកណ្ដាលគេ រងរបួសតិចតួចបានគេចខ្លួនពីកន្លែងកើតហេតុបាត់ ។ រីឯម៉ូតូរងការខូចខាត ខ្ទេចខ្ទីមួយចំហៀងខាងស្តាំ ។

ដោយឡែករថយន្តវិញ រងការខូចខាត ខ្ទេចផ្នែកខាងមុខចំហៀងខាងស្តាំ និងបែកកង់មុខចំហៀងខាងស្តាំ និងកញ្ចក់មើលក្រោយ តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។ បើតាមសម្តីអ្នកជិះម៉ូតូដែលរងរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នាបីនាក់បានជិះម៉ូតូ ចេញពីដើរលេងគោលបំណងទៅផ្ទះវិញ នៅម្តុំកន្លែងកើតហេតុខាងលើ តែជិះដល់ពាក់កណ្តាល់ផ្លូវ ក៏ស្រាប់តែក្រុមក្មេងស្ទាវមួយក្រុមដេញវាយពួកគេ ទើបពួកគេបន្ថែមល្បឿនម៉ូតូ ដើម្បីរត់គេចខ្លួនក៏ជ្រុលទៅបុកតែម្តងទៅ ។

ក្រោយពេលកើតហេតុ ដោយសារតែអត់មានដំណោះស្រាយ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

ចែករំលែកព័តមាននេះ