ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយ​ការណ៍​ពី​បាត់​ដំបង​តម្លៃ​សំបុត្រ​រថយន្ត​ឡើង​ថ្លៃ​ខណៈ​ព្រះ​រាជ​ពិធី​បុណ្យ​មក​ដល់

11 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ស្ទើរ​តែ​​គ្រប់​​​​​រថយន្ត​​របស់​​​ក្រុម​​ហ៊ុន​ដឹក​ជញ្ជូន​​អ្នក​ដំណើរ​​ពីខេត្ត​​បាត់​ដំបង​​ ទៅកាន់​រាជធានី​ភ្នំពេញ​​ ​បាន​​ចាប់​ផ្ដើម​ឡើង​ថ្លៃ​​សំបុត្រ​​ជា​បណ្ដើរ​​​ៗ​ហើយ​ ​​ខណៈ​​មាន​ប្រជា​ពល​រដ្ឋ​​​​កាន់​តែ​ច្រើន​នាំគ្នា​​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម​​ព្រះរា​ជ​ពិធី​​បុណ្យ​​ព្រះបរម​សព​សម្ដេច​ឪ​នៅ​រាជធានី​​ភ្នំពេញ​​​​​ដែលប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​​​ទី​១​​ កុម្ភៈ​​ ។

ខេត្តបាត់ដំបង​ ៖ ស្ទើរ​តែ​​គ្រប់​​​​​រថយន្ត​​របស់​​​ក្រុម​​ហ៊ុន​ដឹក​ជញ្ជូន​​អ្នក​ដំណើរ​​ពីខេត្ត​​បាត់​ដំបង​​ ទៅកាន់​រាជធានី​ភ្នំពេញ​​ ​បាន​​ចាប់​ផ្ដើម​ឡើង​ថ្លៃ​​សំបុត្រ​​ជា​បណ្ដើរ​​​ៗ​ហើយ​ ​​ខណៈ​​មាន​ប្រជា​ពល​រដ្ឋ​​​​កាន់​តែ​ច្រើន​នាំគ្នា​​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម​​ព្រះរា​ជ​ពិធី​​បុណ្យ​​ព្រះបរម​សព​សម្ដេច​ឪ​នៅ​រាជធានី​​ភ្នំពេញ​​​​​ដែលប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​​​ទី​១​​ កុម្ភៈ​​ ។

​តាម​ប្រភព​ពី​អ្នក​ដំណើរនានា​ថា​​​ នៅព្រឹក​​ថ្ងៃទី​​៣១ មករា ​​តម្លៃ​សំបុត្រ​រថយន្ត​ដឹក​អ្នក​ដំណើរ​​​​បាន​ឡើង​ថ្លៃ​ទាំង​អស់​​ជាពិសេស​​តម្លៃ​​រថយន្ត​ក្រុង​ ។ ប្រភព​​ដដែល​បន្ត​ថា ​តាមបណ្ដា​ក្រុម​ហ៊ុ​នរថយន្ត​​​​ដឹក​អ្នក​ដំណើរ​​​ទាំង​នេះបាន​ចាប់​ផ្ដើម​​ឡើង​ថ្លៃ​​តែមិន​ស្មើគ្នា​ទេ ។​ ក្រុម​ហ៊ុន​​ខ្លះ​ឡើង​​ថ្លៃ​៥.០០០​រៀល រីឯក្រុម​ហ៊ុន​​ខ្លះ​ទៀត​​​​ឡើង​ដល់​​​៧.០០០​​រៀល​​ ក្នុង​តម្លៃ​សំបុត្រ​​១​ពី​បាត់​ដំបង​​​ទៅ​​ភ្នំពេញ ។​​​ តាម​ការ​សាក​សួរ​​​អ្នក​ដំណើរ​​ទាំង​នោះ ភាគ​ច្រើន​គឺ​ពួកគាត់​​​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម​​ព្រះ​រាជពិធី​​បុណ្យ​​​ព្រះបរម​សព​​សម្ដេច​ឪ​​នៅ​រាជ​ធានី​ភ្នំពេញ ។

អ្នក​លក់​សំបុត្រ​​ម្នាក់​បាន​និយាយ​ទៅ​កាន់​អ្នក​ដំណើរ​​ កាលពីព្រឹក​ថ្ងៃទី​​៣១ មករា ថា​ នៅថ្ងៃនេះ​(៣១ មករា​ ) ​​គ្រប់បណ្ដា​ក្រុម​ហ៊ុន​​​រថយន្ត​​​​ដឹក​អ្នក​ដំណើរ​​ទាំង​អស់​ទើប​តែ​​ដំ​ឡើង​​ថ្លៃ​សំបុត្រ​ ចាប់ពី​​៥.០០០​​រៀល​​ ដល់ជិត​​១ម៉ឺន​​​​រៀល​ក្នុង​សំបុត្រ​​១ ។ ​ប៉ុន្តែ​អ្នក​​លក់​សំបុត្រ​​​ម្នាក់​នេះ​​និយាយបែប​ព្រមាន​​ថា បើមិន​​ឆាប់​ទៅ​ថ្ងៃនេះ​​ទេ​ចាប់​​ពី​ថ្ងៃ​ស្អែក​​​(១កុម្ភៈ​)​​តទៅ​​តម្លៃសំបុត្រ​​​អាច​ឡើង​ថ្លៃ​​ពាក់​កណ្ដាល​​​នៃ​តម្លៃ​​ធម្មតា​ ព្រោះ​​ពេល​នោះ​មាន​អ្នក​ដំណើរ​​​ច្រើន​ ។ ​បុរសនេះ​បាន​​និយាយ​បែប​​ប្រឹង​ឃោស​នា​ថា បើ​ចង់​​ទៅ​ភ្នំពេញ​​​​​​គួ​រ​តែ​ប្រញាប់​ធ្វើ​ដំណើរ​ថ្ងៃនេះ​​​តែម្ដង​​ទៅ ទាន់​សំបុត្រ​​​​រថយន្ត​​នៅថោក​គ្រាន់​បើ​​​​ តែ​បើ​​ចាប់​​ពី​ថ្ងៃ​ទី​​១ កុម្ភៈ​​តទៅ​​សំបុត្រ​​ឡើង​ថ្លៃ​ ហើយ​​អាច​គ្មាន​រថយន្ត​ជិះ​​ទៀត​ផង។​

ការ​ដំឡើង​ថ្លៃ​​សំបុត្រ​​រថយន្ត​ដឹក​​អ្នក​ដំណើរ​​​តាម​ទំនើង​​ចិត្ត​បែប​នេះ​​​ ​ធ្វើ​​​ឱ្យ​​​អ្នក​ដំណើរ​​​​ភាគ​ច្រើន​ដែល​​​ចង់​​​ទៅ​ចូល​​​​រួម​ព្រះ​​រាជពិធី​​បុណ្យ​​ព្រះ​បរ​ម​សព​​ព្រះបមរ​​​​រតនកោដ្ឋ​​​នៅ​រាជ​ធានី​ភ្នំពេញ​​​មាន​ការ​រារែក​​ ព្រោះតែ​គ្មាន​​​ថវិកា​គ្រប់​គ្រាន់ ​​​ទាំង​សម្រាប់​​ការ​ធ្វើដំណើរ​ ទាំងការស្នាក់នៅ​​​​ហូប​ចុក​​​​នៅ​ឯ​ភ្នំពេញ​​​ ព្រោះ​​​ពួក​​គេគាត់​​​ត្រៀម​ស្នា​​ក់នៅ​​រហូត​ដល់​ជិត​​១សប្ដាហ៍​​ឯណោះ​ ។

កសិក​​រវ័យ​​៦០​ឆ្នាំម្នាក់​​ ឈ្មោះ​​សូត្រ មក​ស្រុ​ក​​បវេល​​​​​និយាយ​​ថា គាត់ចង់​​ទៅ​ចូល​រួម​​​ព្រះរា​ជ​ពិធី​​​​បុណ្យ​​ព្រះ​បរម​​សព​​ចុងក្រោយ​​របស់​សម្ដេច​​​ឪ​​ ព្រោះកាល​​ព្រះអង្គ​​ចូ​លទិង្គត​​​គាត់​​មិន​​បាន​​ទៅ​ចូល​រួម​ទេ​​ដោយ​សារ​តែ​រវល់​​ការ​ងារ​ស្រែ​ចម្ការ​​​ខ្លាំង​ពេក​​ ។ ​​គាត់បន្ត​ថា ឥឡូវ​​គាត់​​​​​មាន​សោ​ហ៊ុយ​តិច​តួច​​​​ដែល​បាន​មក​ពី​ការ​​លក់ស្រូវ​ជិតកន្លះ​​តោន ​ជាមួយ​នឹង​អ្នក​​ភូមិ​ ប៉ុន្មាន​នាក់​​​ទៀត​ ​នាំគ្នា​​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម​​ព្រះ​រាជ​ពិធី​បុណ្យ​​ព្រះបរម​សព​​ស្រាប់​តែ​​ចំពេល​សំបុត្រ​រថយន្ត​​ឡើង​ថ្លៃ​​ទៀត ។

​​លោកសូត្រ​ក៏ដូចជា​​អ្នក​រួម​ដំណើរ​​ដទៃ​ទៀត​​​និយាយ​ថា ពួកគាត់​​ព្រួយបារម្ភ​​​ក្រែង​សោ​ហ៊ុយ​​​​ចាយ​​វាយ​មិន​គ្រប់​គ្រាន់​​ ព្រោះ​ការ​ធ្វើ​ដំណើរ​​នេះ​គឺ​ត្រៀម​​រយៈ​ពេល​​ទាល់​តែព្រះ​រាជពិធី​​បុណ្យ​​​បញ្ចប់​​ទើប​ពួក​គាត់​ត្រឡប់​មក​ស្រុក​វិញ​ ។ ​​ពួក​គាត់​​​ក៏​ដូចជា​​អ្នក​ដំណើរ​​ផ្សេង​ទៀត​​ដែល​​កំពុង​​​រង់​ចាំ​ឡើង​​​ជិះ​រថយន្ត​​ក្រុង​​​ ​សំណូម​ពរ​​សុំ​ឱ្យ​អាជ្ញាធរ​​ ឬ​រាជរដ្ឋា​ភិបាល​​​​​មេត្តា​ជួយ​​អន្ត​រាគមន៍​​​បញ្ចុះ​​តម្លៃ​សំបុត្ររថយន្ត​​ដើម្បី​​​ប្រជា​ពល​រដ្ឋ​​​ក្រីក្រ​​មួយ​ចំនួន​​មាន​លទ្ធ​ភាព​​​​ទៅ​ចូល​រួម​​ព្រះ​រាជពិធី​បុណ្យ​​ព្រះ​បរម​​សព​​ផង​ ព្រោះ​​នេះ​ជា​លើក​ចុង​​ក្រោយ​ ហើយ​​​​ដែល​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​​បាន​​ឃើញ​ និង​​​បាន​ចូល​​​រួម​​​ដង្ហែ​​ព្រះ​បរម​​សព​សម្ដេច​​តា សម្ដេច​​តាទួត​ ។

ទាក់​ទិន​នឹង​ការ​ឡើង​ថ្លៃសំបុត្រ​រថយន្ត​ស្រេច​តែ​ចិត្ត​របស់​ក្រុម​ហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ​​​នេះ ​ កន្លង​មក​គេ​មិន​ដែល​ឃើញ​មាន​ការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធ​ភាពទេ​ ​បើ​ទោះ​ជា​ប្រមុខ​រាជ​រដ្ឋ​ាភិបា​ល​​​​ប្រកាស​​មិន​ឲ្យ​ឡើង​ថ្លៃក្ដី​ ។ ការដំឡើង​​ថ្លៃ​សំបុត្រ​រថយន្ត​នេះ​ភាគ​ច្រើ​ន​ត្រូវ​គេកត់​សម្គាល់​ថា​ ក្រុម​ហ៊ុន​នីមួយៗ​តែង​ដំឡើង​ថ្លៃ​នៅ​ពេល​​មាន​ពិធី​បុណ្យ​ប្រពៃណី​ខ្មែ​រធំៗ​​ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​បុណ្យ​​ភ្ជុំបិណ្ឌ​ ឬ​ពេល​ដល់​អាណត្តិ​បោះ​ឆ្នោត​ជា​ដើម​​ ។​ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​មាន​សោហ៊ុយត​​ិ​ច​តួច ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំ​ង​នៅ​ពេល​​​ចង់​​ធ្វើ​​ដំណើរ​​ទៅ​​លេង​​ស្រុក​​កំណើត​​ម្ដងៗ​ ។​​

ជាមួយ​​នឹង​ការ​ដំឡើង​ថ្លៃ​សំបុត្រ​រថយន្ត​ដឹក​អ្នក​ដំណើរ​នេះ​ដែរ ​អភិបាល​ក្រុង​បាត់​ដំបង​លោក​​អឿម​ សុខុន​ ថ្លែង​​ថា​ លោក​​មិន​​មាន​ភារ​កិច្ច​ទៅ​​ចាត់​ការ​រឿង​សំបុត្រ​រថយន្ត​ឡើង​ថ្លៃ​នោះ​ទេ​​គឺ​​​លោក​មាន​ភារ​កិច្ច​ត្រឹម​តែ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ក្នុង​ក្រុង​​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​លោក​អភិ​បាល​​ក្រុង​រូប​នេះ​អះ​អាង​ថា ​ បើ​មាន​រឿង​បែប​នេះ​មែន​​ ​លោក​​នឹង​រាយ​ការណ៍​ជូន​លោក​អភិ​បាល​ខេត្ត​​​ឲ្យ​បាន​ជ្រាប ​ព្រោះ​ខាង​ខេត្ត​​​មាន​មន្រ្តី​សម្រាប់ធ្វើការ​ងារ​នេះ ។

អាជ្ញាធរ​គួរ​តែ​ជួយ​សម្រូល​លើ​​បញ្ហានេះ​ដើម្បីឱ្យ​​ប្រជា​ពល​រដ្ឋ​​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​​​​ពិធី​បុណ្យ​ព្រះ​បរម​​​សព​សម្ដេច​តា​ឲ្យ​បាន​ច្រើន​កុះ​ករ​ ព្រោះ​នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ​និង​ការ​បង្ហាញថា ​ប្រជា​​ជាតិ​ខ្មែរ​​​​មាន​​ភក្ដីភាព​រក​ទី​បំផុត​គ្មាន​​សម្រាប់​មហា​​​​បុរស​​​រដ្ឋ​​ដ៏អស្ចារ្យ​​របស់​ខ្លួន​​​ឱ្យ​ជន​បរទេស​​​​បាន​ឃើញ​​ច្បាស់​នា​ពេល​នេះ ៕