រាជធានីភ្នំពេញ ៖ សត្វពស់ថ្លាន់ញីមួយក្បាលបានលូនចូលផ្ទះប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងចាប់បានកាលពីវេលាម៉ោង១២យប់ថ្ងៃទី៣០ មករា ព្រមទាំងបានធ្វើឱ្យមានការភ្ញាក់ផ្ញើលកាលពីព្រឹកថ្ងៃទី៣១ មករាដែលគេមានជំនឿថា នេះជាប្រថ្នូលល្អ និងអាចរំដោះគ្រោះចង្រៃ ខណៈដែលម្ចាស់ផ្ទះកំពុងមានជំងឺ ។ ពស់ថ្លាន់មួយក្បាលនេះមានទម្ងន់១៧គីឡូក្រាម គឺប៉ុនកំភួនជើងមនុស្សចាស់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ពស់ថ្លាន់មួយក្បាលនេះបានលូនចូលទៅក្រោមទូក្បែរជើងមុងរបស់ម្ចាស់ផ្ទះឈ្មោះប៉ែន ម៉ឺន ភេទប្រុស អាយុ៣៣ឆ្នាំ ដែលមានជំងឺច្រើនឆ្នាំមកហើយ នៅពេលកំពុងដេកលង់លក់កាលពីវេលាម៉ោង១២យប់ ។ ខណៈនោះត្រូវបានម្ចាស់ផ្ទះរួម ទាំងបងប្អូននាំគ្នាចាប់ច្រកការុង ។ លុះដល់ព្រឹកថ្ងៃទី៣១ មករា ក៏បានរៀបចំដាក់ក្នុងទូកញ្ចក់ដោយយកអួនគ្រប់ពីលើ មានអ្នកស្រុកដែលបានដឹងក៏នាំគ្នាចោមរោមមើល ។
តាមសម្ដីឈ្មោះប៉ែន ធា ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាប្អូនម្ចាស់ផ្ទះបានឱ្យដឹងថា កន្លងមកបងប្រុសរបស់ខ្លួនមានជំងឺរាំុរ៉ៃមើលមិនជាដែលជំងឺនោះខុសពីធម្មតាដូចជាមានខ្មោចចូលពេលខ្លះជា ពេលខ្លះឈឺ ។ នៅមុនយប់ថ្ងៃទី២៩ មករា បងប្រុសបានយល់សុប្ដិឃើញមានសត្វពស់ចំនួន៣ក្បាលចូលក្នុងផ្ទះ ស្រាប់តែកន្លងបាន១យប់គឺយប់ថ្ងៃទី៣០ មករា វេលាម៉ោង១២ បងប្រុសរបស់គាត់ភ្ញាក់ដឹងខ្លួនឃើញសត្វពស់ថ្លាន់ញីមួយក្បាលបានលូនចូលក្រោមទូក្បែរជើងមុង ហើយក៏នាំគ្នាចាប់ច្រកការ៉ុងព្រមទាំងនាំគ្នាដុតធូបបួងសួងសុំសេចក្ដីសុខ ។
ប្អូនប្រុសម្ចាស់ផ្ទះបានឱ្យដឹងទៀតថា ដោយយល់ថា ពស់ថ្លាន់ចូលផ្ទះជាប្រថ្នូលល្អ និងអាចរំដោះគ្រោះធ្វើឱ្យជំងឺបងជាសះស្បើយទើបនៅព្រឹកថ្ងៃទី៣១ មករា ក៏បានរៀបចំដាក់ក្នុងទូកញ្ចក់ជាទីសក្ការៈ ។ នៅព្រឹកនោះដែរម្ចាស់ផ្ទះក៏បាននិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំដើម្បីសុំសេចក្ដីសុខ និងសុំឱ្យជំងឺជាសះស្បើយ ។ លុះក្រោយមកក៏បានប្រគល់ពស់ថ្លាន់មួយក្បាលទៅឱ្យមន្ត្រីអភិរក្សបញ្ជូនទៅកាន់សួនសត្វភ្នំតាម៉ៅឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ព្រោះនៅភ្នំពេញគេលុបបឹងអស់កន្លែងស្នាក់នៅ ។ បើតាមម្ចាស់បានអះអាងឱ្យដឹងថា តាមការយល់សប្ដិ មានពស់៣ក្បាលចូលផ្ទះតែពេលនេះមានពស់មួយក្បាល ហើយថ្ងៃក្រោយអាចមាន២ក្បាលទៀតចូលផ្ទះដូចការយល់សប្ដិមិនខាន ។
គួរបញ្ជាក់ថា ផ្ទះដែលពស់លូនចូលនោះស្ថិតនៅក្បែរបឹងកំប្លោកខាងជើងវត្តញាណរង្សី ដែលកន្លងមកតំបន់នោះតែងតែមានពស់ថ្លាន់លូនចូលផ្ទះប្រជាពលរដ្ឋជាញឹកញាប់ ហើយត្រូវបានដេញឱ្យវាត្រឡប់ទៅវិញ ។ ទោះបីជាយ៉ាងណានៅក្នុងឆ្នាំរោងនោះនៅតាមផ្លូវនានានៅក្នុងរាជធានីភ្នំពេញតែងតែមានពស់លូនឆ្លងផ្លូវបង្កការភ្ញាក់ផ្អើលដែលនេះជាប្រថ្នូលល្អសម្រាប់ប្រទេសជាតិ ។
ប៉ុន្តែសម្រាប់ការពិនិត្យជាក់ស្ដែងវិញបានបង្ហាញថា ដោយសារតែមានការអភិវឌ្ឍន៍ផ្នែកលំនៅឋានបឹងបួ ប្រឡាយដែលមានក្នុងទីក្រុងបានរួញតូចពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យជម្រករបស់ពស់ថ្លាន់កាន់តែតូចទៅៗរកកន្លែរស់នៅលែងបាន ៕
ចែករំលែកព័តមាននេះ