រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ក្នុងអំពើហិង្សាវាយតប់គ្នាមួយ ដោយគ្រាន់តែផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ហើយទាស់ពាក្យសម្តីគ្នាតិចតួច ស្ថិតនៅចំណុចមុខបន្ទប់ផ្ទះជួលមួយកន្លែងក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង១០យប់ថ្ងៃទី០២ ឧសភា ។ ជនរងគ្រោះឈ្មោះ ស្រ៊ុន វិចិត្រ អាយុ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅចំណុចកើតហេតុ ។ ដោយឡែកជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មេាះម៉េង ភារះ ហៅអាវ៉ូច អាយុ២៧ឆ្នាំ ជាអ្នករត់តុការ មានទីលំនៅក្បែរកន្លែងកើតហេតុ (អ្នកទាំង២ធ្លាប់ស្គាល់គ្នា) ។

តាមការរៀបរាប់របស់បុរសជាបងថ្លៃឈ្មោះ សម គុយ អាយុ៤៣ឆ្នាំ បានរៀបរាប់ថា កាលពីយប់ថ្ងៃកើតហេតុ វេលាម៉ោង៩នោះ ខ្លួននិងប្អូនប្រុសដែលជាជនរងគ្រេាះ បានហូបចុកជាមួយគ្នានៅផ្ទះ ។ លុះអស់សាច់ក្លែម ពួកគេទាំង២នាក់បាននាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា បំណងទៅទិញសាច់ក្លែម យកមកផឹកបន្ត ប៉ុន្តែមិនទាន់ធ្វើដំណើរដល់ផង ក៏ត្រូវជួបគ្រេាះថ្នាក់ចរាចរណ៍បើកបុកគ្នា ជាមួយម៉ូតូមួយគ្រឿងម៉ាកឃ្លីក ដែលជិះធ្វើថំណើរដោយបុរស២នាក់ផ្សេងទៀត ។ ពេលនោះក៏កើតមានពាក្យសម្តីគ្នា រហូតភាគីខាងម៉ូតូឃ្លីកបានទំនាក់ទំនងហៅគ្នីគ្នាមកយ៉ាងច្រើនបំណងបង្កជម្លោះ ប៉ុន្តែពេលបក្សពួកមកដល់ទីតាំងកើតហេតុ បានឃើញភាគីខាងម៉ូតូវីវ៉ា សុទ្ធតែជាមនុស្សធ្លាប់ស្គាល់គ្នា ដូច្នេះហើយសម្រេចចរចាបញ្ចប់ទំនាស់ដោយសម្តីតិចតួច ។

ភាគីខាងម្ចាស់ម៉ូតូឃ្លីក ដែលជាអ្នកជួបគ្រោះថ្នាក់ចរាចរណ៍មិនបាននៅកន្លែងកើតហេតុទៀតឡើយ ដោយបានលើកម៉ូតូចាកចេញទៅបាត់ នៅឡើយតែជនសង្ស័យម្នាក់ខាងលើ ឈ្មោះ ម៉េង ភារះ ហៅវ៉ូច នៅបង្ក
ជម្លោះពាក្យសម្តីយ៉ាងខ្លាំងក្លានៅកន្លែងកើតហេតុ ជាមួយភាគីម៉ូតូវីវ៉ាទាំងខ្លួនមិនមែនជាម្ចាស់ដើមចម នៃការកើតឱ្យមានគ្រេោះថ្នាក់ចរាចរណ៍ផង ។ បើទោះបីជាកើតមានជម្លោះខ្លាំងយ៉ាងណាក៏ដោយ ក៏ភាគីទាំងអស់បានបញ្ចប់គ្នា ហើយចាកចេញទៅផ្ទះរៀងៗខ្លួន ។ លុះពេលជនរងគ្រោះ ដែលជាភាគីខាងម៉ូតូវីវ៉ា ធ្វើទៅដល់មុខផ្ទះ បុរសជាបងថ្លៃបានជិះម៉ូតូចូលផ្ទះ ហើយបុរសជាប្អូនថ្លៃបានដើរសំដៅទៅបន្ទប់ជួល ដែលនៅទល់មុខគ្នានឹងបងប្រុស ។ ភ្លាមនោះ ស្រាប់តែលិចមុខជនសង្ស័យ ឈ្មេាះវ៉ូច និងបក្សពួកជាច្រើននាក់ បានមកវាយជនរងគ្រេាះជាប្អូនថ្លៃ ហើយរត់គេចយ៉ាងលឿនតែម្តង ។ ឃើញហេតុការណ៍ដូចនេះ បុរសជាបង បានរត់ទៅមើលប្អូនយ៉ាងលឿន តែទៅដល់ប្អូនត្រូវសន្លប់បាត់បង់ស្មារតីឈឹង ។

បុរសជាបងថ្លៃបន្តថា តាំងពីពេលកើតហេតុ រហូតដល់ម៉ោង៦ព្រឹកថ្ងៃទី០៣ ឧសភា នេះ ប្អូនថ្លៃមិនព្រមដឹងខ្លួនសោះ ទើបក្រុមគ្រួសារយកទៅពិនិត្យនៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យមិនប៉ុន្មានផង ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់តែម្តង ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ