ខេត្តសៀមរាប ៖ ចោរស្ទើរភ្លើងម្នាក់បានជាប់អន្ទាក់ប៉ូលិសស្រុកស្វាយលើ ហើយបញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់រថយន្តថា ជននេះបានលួចរថ យន្តរបស់គាត់ម៉ាក Tiger ពណ៌ត្រាវ ស៊េរីឆ្នាំ១៩៩៩ ចំណុះមួយបាំងកន្លះ ពាក់ផ្លាកលេខបាត់ដំបង២A-១៤៣៩ និងមាសប្រាក់មួយចំនួនទៀត កាលពីថ្ងៃទី៣០ មេសា នៅមុខវត្តនាគគូរ ក្នុងភូមិកកោះជ្រំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ។ ការឃាត់ខ្លួនចោរលួចរថយន្តនោះ ធ្វើឡើងកាលពីវេលាម៉ោង០៤ និង១៦នាទីរសៀលថ្ងៃទី៣០ មេសា ស្ថិតនៅចំណុចផ្លូវក្រួសក្រហម ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ។

បើតាមការអះអាងពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកផែនកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់នៅថ្ងៃទី១ ឧសភា ថា យោងតាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្តឈ្មោះ សាង ង៉ន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគងថា ខ្លួនបានជិះរថយន្តទៅរកទិញបន្លែនៅភូមិអូរម្នាស់ ក្នុងស្រុកបន្ទាយស្រី ហើយទុករថយន្តមួយភ្លែត ក៏ត្រូវចោរលួចបើកយកទៅបាត់ ទើបលោកបានឱ្យកម្លាំងក្រោមឱវាទ ចុះសហការជាមួយកម្លាំងអធិការដ្ឋានតាមស្រុកស្វែងរកចាប់ជនល្មើស រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីលួចបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រ៉ាក ណារី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលាងដៃ ឃុំលាង
ដៃ ស្រុកអង្គរធំ ។ ប្រការដែលនាំឱ្យចោរលួចរថយន្តនោះ គឺដោយសារពេលម្ចាស់ឈប់រថយន្ត ហើយ
ចុះរកទិញកាំបិតដោយពុំបានដកសោចេញពីរថយន្ត ។ ពេលនោះ គាត់បានឃើញមនុស្សប្រុសម្នាក់ អាយុប្រហែលជាង២០ឆ្នាំ កម្ពស់ប្រហែល១,៦០ម៉ែត្រ ពាក់អាវពណ៌ប្រផេះ ស្លៀកខោខ្លីត្រឹមជង្គង់ ដើរជក់បារីតាមផ្លូវមកពីទិសខាងជើង មកដល់ក៏ឡើងទៅក្នុងរថយន្តរបស់គាត់ហើយបើកចេញទៅតាមផ្លូវ៦៧ឆ្ពោះទៅទិសខាងជើងបាត់តែម្តង ។

លោកបានបញ្ជាក់ថា នៅក្នុងរថយន្តដែលចោរបើកយកទៅនោះមានលុយមួយលានរៀល លុយអាមេរិក២០០ដុល្លារ ខ្សែកមាស១តម្លឹង ខ្សែដៃមាស១តម្លឹង កាតគ្រីរថយន្ត១ ប័ណ្ណបើកបរ២សន្លឹក និងទូរស័ព្ទមួយគ្រឿងម៉ាក Huawei ពណ៌ខ្មៅ ។ជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកវត្ថុតាងដែលដកហូតបានពីជនល្មើស ប្រគល់ឱ្យម្ចាស់ដើមវិញហើយ ៕

ចែករំលែកព័តមាននេះ