រាជធានីភ្នំពេញ ៖ រថយន្តធ្ងន់ធំមួយគ្រឿងបើកបោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នរួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបត់បញ្ច្រាសទិសដៅចរាចរណ៍បណ្តាលយុវជនម្នាក់កៀបជាប់ក្នុងកាប៊ីនរថយន្ត ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងច្រកចូលអធិការដ្ឋាននគរបាលខណ្ឌសែនសុខប្រមាណ២០០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែន
សុខ ។

បើតាមសម្តីពីអ្នកបើកបររថយន្តរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ក8251 ភព3 មានកូនប្រុសម្នាក់រួមទាំងក្មួយប្រុសពីរនាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ជាប្រភេទរថយន្តបាញ់បេតុង បានបើកឆ្លងមកពីផ្លូវម្ខាងទៀត រួចបើកបត់មកបញ្ច្រាសទិសដៅចរាចរណ៍ ហើយគាត់ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំកង់ខាងក្រោយរថយន្តបាញ់បេតុងពេញទំហឹងហើយរ៉េចង្កូតទៅបុកលូដាក់នៅតាមចិញ្ចើមផ្លូវបណ្តាលឱ្យកូនប្រុសរបស់គាត់កៀបជាប់ក្នុងកាប៊ីនរថយន្តរងរបួសបាក់ជើងទាំងសងខាង រីឯក្មួយប្រុសទាំងពីររួមទាំងគាត់រងរបួសស្រាល ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ដោយឡែករថយន្តបាញ់បេតុងបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយពេលកើតហេតុយុវជនជនរងគ្រោះចំនួនបីនាក់ដែលរួមដំណើរលើរថយន្តរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ដោយឡែករថយន្តត្រូវបានអ្នកបើកបរទាក់ទងទៅសាច់ញាតិឲ្យមកយករថយន្តទៅជួលជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ