ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្ម​កម្ពុជា​ជំរុញ​ឱ្យ​ប្រើប្រាស់​បា​កូដ​គ្រប់មុខ​ទំនិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ផលិតផល​របស់​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន សភាពាណិជ្ជកម្ម​កម្ពុជា តំណាង​ឲ្យ​វិស័យ​ឯកជន​ក្នុងស្រុក បាន​ជំរុញ​ឲ្យ​អ្នក​ផលិត​ទាំងអស់​មក​ទទួលយក​នូវ​ការ​ប្រើប្រាស់​បា​កូដ​នៅ​លើ​គ្រប់​ផលិតផល និង​ទំនិញ​ទាំងអស់ ។ លោក តាន់…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ផលិតផល​របស់​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន សភាពាណិជ្ជកម្ម​កម្ពុជា តំណាង​ឲ្យ​វិស័យ​ឯកជន​ក្នុងស្រុក បាន​ជំរុញ​ឲ្យ​អ្នក​ផលិត​ទាំងអស់​មក​ទទួលយក​នូវ​ការ​ប្រើប្រាស់​បា​កូដ​នៅ​លើ​គ្រប់​ផលិតផល និង​ទំនិញ​ទាំងអស់ ។

លោក តាន់ មុនី​វណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨ ​នេះ សភា​ពាណិជ្ជកម្ម​តំណាង​ឲ្យ​វិស័យ​ឯកជន​កម្ពុជា ដែល​ជា​អ្នក​ផលិត​ទំនិញ​នានា​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក នឹង​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​បា​កូដ​ឲ្យ​បាន​ច្រើន មុន​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ឬ​ប្រើប្រាស់​ក្នុងស្រុក ។ លោក​ថា ៖« ជា​ធម្មតា នៅ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក គេ​ពិនិត្យ​មើល​ណាស់​នូវ​មុខទំនិញ និង​ផលិតផល មុន​នឹង​នាំ​ចូល​ប្រទេស​គេ ហើយ​បើ​ទំនិញ​ណា​មិន​មាន​បា​កូដ គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ ព្រោះ​គេ​មិនដឹង​ថា ទំនិញ​នោះ​មាន​ប្រភព​មកពីណា​ច្បាស់លាស់ មានការ​ក្លែងបន្លំ ឬ​យ៉ាងណា » ។

លោក​បន្ត​ថា សម្រាប់​ការ​ផ្ដល់​បា​កូដ​ទៅ​ឲ្យ​ម្ចាស់​សហគ្រិន ឬ​អ្នក​ផលិត​ណាមួយ គឺ​ត្រូវ​មានការ​ព្រមព្រៀង និង​អនុញ្ញាត​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​កុំ​ឲ្យ​មានការ​ជាន់​បា​កូដ​គ្នា​រវាង​ផលិតផល​ផ្សេង​ៗ​ទៀត ។ បា​កូដ​នេះ​ដែរ ក៏​បាន​ជួយ​ម្ចាស់​ផលិតផល​ពី​ការ​ក្លែងបន្លំ​ម៉ាក និង​ផលិតផល ហើយ​វា​ក៏​បាន​ជួយ​ដល់​អ្នក​ប្រើប្រាស់​ដើម្បី​សម្គាល់​ម៉ាក និង​គុណភាព​របស់​ផលិតផល​ទាំងនោះ​ផង​ដែរ ។

លោក ងួ​ន ម៉េ​ង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ពាណិជ្ជករ​ក្នុងស្រុក​តិចតួច​ណាស់​ដែល​យល់​ដឹង​ពី​បា​កូដ​នេះ ហើយ​បា​កូដ​នេះ​ដែរ វា​មាន​សារសំខាន់​ណាស់​សម្រាប់​ពាណិជ្ជករ ដែល​ជា​អ្នក​ផលិត​នូវ​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក៏​ដូច​ជា​នាំ​ចេញ ជាដើម ។ លោក​ថា ៖« បា​កូដ​នេះ វា​គ្រប់គ្រង​តាំងពី​កន្លែង​ផលិត គ្រប់គ្រង​បាន​ពី​តម្លៃ និង​មាន​ប្រភព​ច្បាស់លាស់​ទៀត​ផង » ។

លោក​បន្ត​ថា ដោយសារ​តែ​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ចូល​ជា​សមាជិក​បា​កូដ​ពិភពលោក ដូចនេះ សមាគម​នេះ​បាន​ផ្ដល់​បា​កូដ​ឲ្យ​តែ​សភាពាណិជ្ជកម្ម​មួយ​ប៉ុណ្ណោះ​សម្រាប់​ប្រទេស​កម្ពុជា​យើង ។ ដូចនេះ​ហើយ​ពាណិជ្ជករ​ទាំងអស់​គួរតែ​មក​ចូលរួម​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា និង​ទទួលយក​បា​កូដ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងផង​ដែរ​ថា វិស័យ​ឯកជន​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​។ ក្នុង​នាម​ជា​អ្នក​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិត​ក្នុងស្រុក ក្រសួងពាណិជ្ជកម្ម​តែងតែ​ផ្សព្វផ្សាយ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​កាន់តែ​ច្រើន ។

លោក​ថា ៖« កន្លង​មក កម្ពុជា​បាន​នាំ​យក​ផលិតផល​របស់​ខ្លួន​ទៅ​តាំង​បង្ហាញ​ទៅ​ក្នុង​ពិព័រណ៍​អន្តរជាតិ ដូច​ជា ប្រទេស​ចិន និង​ថៃ ដើម្បី​ឈាន​ជើង​ចូល​ទីផ្សារ​បរទេស​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ » ។

អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា ដើម្បី​បន្ត​ភារកិច្ច​ស្នូល​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ដល់​វិស័យ​ឯកជន ហើយ​សភាពាណិជ្ជកម្ម​ក៏​បាន​ស្វែងរក​ដៃគូ​សហការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជា​ច្រើន ដូច​ជា ប្រទេស​ចិន ជប៉ុន កូរ៉េ ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​រុ​ស្ស៊ី ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ