ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យានៅកម្ពុជាកំពុងមានការរីកចម្រើនក៏ជាឱកាសល្អសម្រាប់ទាញយកផលប្រយោជន៍

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​បច្ចេកវិទ្យា នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ មាន​មនុស្ស​ជា​ច្រើន​បាន​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ ។ ប្រធាន​សមាគម​សហ​គ្រិន​វ័យក្មេង​កម្ពុជា លោក គួ​ច ផេង…

រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​បច្ចេកវិទ្យា នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ មាន​មនុស្ស​ជា​ច្រើន​បាន​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ ។ ប្រធាន​សមាគម​សហ​គ្រិន​វ័យក្មេង​កម្ពុជា លោក គួ​ច ផេង បាន​លើក​ឡើង​ថា បច្ចុប្បន្ន មាន​សហគ្រិន​ជា​ច្រើន​បាន​ចាប់ផ្ដើម​អាជីវកម្ម របស់​ខ្លួន ហើយ​ភាគច្រើន​ផ្ដោត​លើ​បច្ចេកវិទ្យា ខណៈ​សក្ដានុពល​សម្រាប់​បច្ចេកវិទ្យា​នៅ​កម្ពុជា នៅ​មាន​ភាព​ទូលំទូលាយ និង​ទាមទារ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​សម្រាប់​អាជីវកម្ម​ថ្មី​ៗ ។

លោក​បន្ត​ថា ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា គឺ​មាន​ភាព​ងាយស្រួល​ជាង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ផ្សេង​ៗ​ក្រៅពី​បច្ចេកវិទ្យា ព្រោះ​អាជីវកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា មិន​ត្រូវការ​ដើមទុន​ច្រើន និង​មិន​ត្រូវការ​ធនធាន​ច្រើន​សម្រាប់​ដំណើរការ​ដំបូង​នោះ​ទេ ។

លោក​ថា ៖« ការ​ចាប់ផ្ដើម​អាជីវកម្ម​បច្ចេកវិទ្យា​នៅ​កម្ពុជា នៅ​មាន​វិសាលភាព​ធំ​ជាង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ផ្សេង​ៗ ។ អាជីវកម្ម​បច្ចេកវិទ្យា​មិន​ត្រូវការ​ទុន​ច្រើន​ទេ ផ្ទុយ​ទៅ​វិញ វា​អាច​ទាក់ទាញ​វិនិយោគិន​ពី​ខាងក្រៅ​មក​វិនិយោគ​ជាមួយ​វា​បាន​ថែម​ទៀត ពោល​គឺ​អាច​ទាក់ទាញ​ទុន​ខាងក្រៅ​ដើម្បី​ពង្រីក ដែល​ខុស​ពី​អាជីវកម្ម​ផ្សេង​ត្រូវការ​ទុន​ច្រើន បើសិនជា​ម្ចាស់​អាជីវកម្ម​ត្រូវការ​ពង្រីក » ។

ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​រូប​នេះ​បន្ថែម​ថា សហគ្រិន​ខុស​ពី​អ្នក​រកស៊ី ។ អ្នក​រកស៊ី​គិតតែ​ពី​រក​ប្រាក់​ចំណេញ​មួយ​មុខ​គត់ តែ​សហគ្រិន​ត្រូវ​គិត​ទាំង​ប្រាក់​ចំណេញ ភាព​ល្បីល្បាញ​នៃ​អាជីវកម្ម និង​ការ​ពង្រីក​អាជីវកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស ថែម​ទាំង​មានគំនិត​ច្នៃប្រឌិត​ថ្មី​ៗ​បន្ថែម​ទៀត ។

លោក ហំ រឹ​ទ្ធី អ្នក​ព័ត៌មានវិទ្យា និង​កំពុង​ធ្វើ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​តាម​បច្ចេកវិទ្យា​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា វា​ជា​ការ​ពិត​ណាស់ ការ​វិនិយោគ​លើ​បច្ចេកវិទ្យា មិន​ត្រូវការ​ដើមទុន​ធំ ឬ​ច្រើន​ទេ តែ​អ្វី​ដែល​ត្រូវការ​នោះ គឺ​សមត្ថភាព និង​ជំនាញ ។

លោក​និយាយ​ថា ៖« ការ​ចាប់ផ្ដើម​អាជីវកម្ម​ជាមួយ​បច្ចេកវិទ្យា មិន​ទាមទារ​ទុន​សម្រាប់​ទិញ​សម្ភារ​ច្រើន​ដូច​ការ​វិនិយោគ​ផ្សេង​ៗ​ទៀត តែ​យើង​ត្រូវការ​បុគ្គលិក​ដែល​មាន​ជំនាញ និង​សមត្ថភាព​លើ​វិស័យ​មួយ​នេះ » ។

លោក​បន្ត​ថា ក្នុង​នាម​ជា​អ្នក​ចាប់​ផើ្ដ​ម​អាជីវកម្ម​ជាមួយនឹង​បច្ចេកវិទ្យា លោក​មើលឃើញ​ថា កម្មវិធី​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​មាន​បូក​បញ្ចូល​បច្ចេកវិទ្យា​នៅឡើយ​នៅ​កម្រិត​មធ្យមសិក្សា ។ ដូចនេះ សិស្ស​និស្សិត​អាច​ទទួល​បាន​ចំណេះដឹង​បច្ចេកវិទ្យា​បាន លុះត្រាតែ​ពួក​គេ​រៀន​នៅ​ខាងក្រៅ ឬ​រហូត​ដល់​ពួក​គេ​ចូល​ដល់​ថ្នាក់ឧត្តម​សិក្សា ។ លោក​ថា ៖« បើសិនជា​អាច កម្មវិធី​សិក្សា​នៅ​ថ្នាក់មធ្យមសិក្សា គួរតែ​បង្កើត​កម្មវិធី​សិក្សា​បច្ចេកវិទ្យា កុំព្យូទ័រ ឲ្យ​បាន​ច្រើន និង​ទូលំទូលាយ ដើម្បី​ឲ្យ​ចំណេះដឹង​វិស័យ​នេះ​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ធនធានមនុស្ស​ថ្មី បើ​ទោះបីជា​ពួក​គេ​មិន​បាន​រៀន​ដល់​ថ្នាក់ឧត្តម​ក៏​ដោយ » ។

លោក​បន្ថែម​ថា ចំណេះដឹង​បច្ចេកវិទ្យា​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម ជាក់ស្ដែង​ការងារ​រដ្ឋបាល​មួយ​ចំនួន​ទាមទារ​ឲ្យ​ចេះ​ជំនាញ​មួយ​នេះ ហើយ​បើសិនជា​ចំណេះដឹង​បច្ចេកវិទ្យា​កាន់តែ​ខ្លាំង អំពើ​ពុក​រលួយ​នានា​នៅ​ក្នុង​សង្គម ក៏​នឹង​កាត់​បន្ថយ​បាន​មួយ​ចំណែក​ដែរ ។

គួរ​បញ្ជាក់​ថា ក្រៅពី​វិស័យ​ឯកជន នៅ​តាម​ក្រសួង​ស្ថាប័ន​នានា បច្ចុប្បន្ន​ក៏​បាន​និង​កំពុង​អភិវឌ្ឍន៍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ផង​ដែរ ជា​អាទិ៍ ប្រព័ន្ធ​គ្រប់គ្រង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​(FMIS) របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ប្រព័ន្ធ​អាស៊ី​គូ​ដា​(ASYCUDA)​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​, ប្រព័ន្ធ​ចុះបញ្ជី​ពន្ធដារ និង​ប្រកាស​បង់ប្រាក់​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​, ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​, ប្រព័ន្ធ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​(CO) និង​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​(Trademark)​របស់​ក្រសួងពាណិជ្ជកម្ម​, ប្រព័ន្ធ​ចុះបញ្ជី​យានយន្ដ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​អុី​-​វិ​សា​(E-Visa)​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ