ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធពីរនាក់បានរងរបួសសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ដោយសារត្រូវរន្ទះបាញ់ ខណ:កំពុងតែជម្រះស្មៅនៅក្នុងចម្ការដំឡូងមីពេលមេឃរលឹមស្រិចៗ ក្រោយមកត្រូវបានសាច់ញាតិហៅរថយន្តមន្ទីរពេទ្យដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ។
ហេតុការណ៍រន្ទះបាញ់សន្លប់ទាំង២នាក់ប្តីប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ប្រពន្ធឈ្មោះ តិល អឿម អាយុ៦៣ឆ្នាំ រងរបួសសន្លប់ស្តូកស្តឹងនឹងនៅកន្លែង ចំណែកប្តីឈ្មោះ យន់ ហ៊ីង អាយុ៥៤ឆ្នាំ រងរបួសស្រាល ។
មុនពេលកើតហេតុ ប្តីប្រពន្ធទាំងពីរនាក់នេះកំពុងតែជម្រះស្មៅដំឡូងមីនៅក្នុងចម្ការរបស់ខ្លួន ស្របពេលដែលមេឃកំពុងតែភ្លៀង ពួកគាត់ទាំងពីរនាក់មិនបានរកកន្លែងជ្រកភ្លៀងនោះទេ ហើយនៅតែបន្តនាំគ្នាជម្រះស្មៅដំឡូង ដោយដៃកាន់កណ្តៀវដែលមានជាតិដែក ទើបបណ្តាលឲ្យត្រូវរន្ទះបាញ់សន្លប់ទាំងពីរនាក់តែម្តង ។
ប្រភពព័ត៌មានពីកូនស្រីរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា រហូតមកដល់ពេលនេះម្តាយរបស់នាងមានអាការធូរស្រាលឡើងវិញហើយ តែមិនទាន់អាចទទួលអាហារបានស្រួលនោះទេ ដោយសារតែនៅតឹងដើមទ្រូង និងថប់ៗដង្ហើម អស់កម្លាំង ឈឺចុកចាប់ពេញក្នុងទ្រូង និងខ្លួនប្រាណ ។
ចំណែកលោកគ្រូពេទ្យបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើត្រូវខ្សែរន្ទះឆក់រងរបួសធ្ងន់ អាចសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរយ:ពេលយូរបន្តិច ទើបអាចជាសះស្បើយដូចដើមវិញ ។ នេះចាត់ទុកថា សំណាងហើយ ដែលគាត់មិនប៉ះចំគ្រាប់រន្ទះ ដែលមានជាតិឆក់ខ្លាំង កុំអីអាចរលាក ពេញខ្លួន ឬក៏មិនអាចដឹងខ្លួនវិញជារៀងរហូតផងដែរ ៕
ចែករំលែកព័តមាននេះ