កម្ពុជាជំរុញរដ្ឋាភិបាលឌីជីថល ដើម្បីផ្តល់សេវាសាធារណៈកាន់តែងាយស្រួល និងរហ័សជូនប្រជាពលរដ្ឋ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងជំរុញការកែប្រែរបៀបផ្តល់សេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធឌីជីថលរបស់ក្រសួង និងស្ថាប័នរដ្ឋឱ្យធ្វើការរួមគ្នា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងវេទិការដ្ឋមន្ត្រីស្តីពីរដ្ឋាភិបាលឌីជីថល នៃព្រឹត្តិការណ៍ហ្វ្រង់កូតិច ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ។

ជាផ្នែកមួយនៃការជំរុញនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធី DG SuperApp ជាច្រករួមសម្រាប់ទទួលសេវារដ្ឋាភិបាលឌីជីថល ព្រមទាំងមានប្រព័ន្ធសម្រាប់ឯកសារផ្លូវការ បែបបទឌីជីថល ការទំនាក់ទំនងរបស់រដ្ឋាភិបាល និងបញ្ញាសិប្បនិម្មិតជាភាសាខ្មែរ ។ គោលដៅគឺធ្វើឱ្យសេវាសាធារណៈមានការតភ្ជាប់គ្នា និងឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរជន ។
ក្នុងចំណោមសមិទ្ធផលសំខាន់ៗ វេទិកា Verify.gov.kh ដែលជាប្រព័ន្ធជាតិផ្ទៀងផ្ទាត់ឯកសារឌីជីថល បានទទួលពានរង្វាន់សេវាសាធារណៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ ២០២៦ ។ គិតត្រឹមខែតុលា វេទិកានេះត្រូវបានប្រើប្រាស់ដោយក្រសួង និងស្ថាប័នសាធារណៈចំនួន ៣៨ និងគ្រឹះស្ថានអប់រំចំនួន ៧៧ ដោយគាំទ្រការផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២លានឯកសារ ដែលជួយសម្រួលនីតិវិធីរដ្ឋបាល កាត់បន្ថយពេលវេលាផ្ទៀងផ្ទាត់ និងទប់ស្កាត់ការក្លែងបន្លំឯកសារ ។

ឯកឧត្តមបានបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថលមិនមែនគ្រាន់តែយកនីតិវិធីរដ្ឋបាលដែលមានស្រាប់ទៅដាក់លើប្រព័ន្ធអនឡាញនោះទេ ប៉ុន្តែត្រូវរៀបចំរបៀបដំណើរការរបស់រដ្ឋាភិបាលឡើងវិញ និងលុបបំបាត់នីតិវិធីដែលមិនចាំបាច់ ។ ជាពិសេស ប្រជាពលរដ្ឋមិនគួរចាំបាច់យល់ពីរចនាសម្ព័ន្ធក្រសួង និងស្ថាប័នរដ្ឋ ដើម្បីទទួលបានសេវានោះទេ ព្រោះប្រព័ន្ធរដ្ឋាភិបាលត្រូវតែធ្វើការរួមគ្នាដើម្បីបម្រើប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ កម្ពុជាប្តេជ្ញាពង្រឹងសុវត្ថិភាពប្រព័ន្ធឌីជីថល និងធានាថា ការធ្វើបរិវត្តកម្មនេះផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្ត្រី យុវជន និងប្រជាពលរដ្ឋនៅតំបន់ជនបទ ដោយមិនបង្កើតគម្លាតថ្មីក្នុងការទទួលបានសេវា ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «បច្ចេកវិទ្យាត្រូវតែបម្រើមនុស្ស មិនមែនមនុស្សត្រូវបម្រើបច្ចេកវិទ្យានោះទេ» ៕




ចែករំលែកព័តមាននេះ