ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មហិច្ឆតាឌីជីថលកម្ពុជា ៖ អភិវឌ្ឍអ្នកជំនាញឌីជីថល ១០ម៉ឺននាក់ និងអភិវឌ្ឍសួនឌីជីថល ១០០ហិកតាក្នុងរយៈពេល ១០ឆ្នាំខាងមុខ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាកំណត់គោលដៅអភិវឌ្ឍអ្នកជំនាញឌីជីថលយ៉ាងតិច ១០ម៉ឺននាក់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ព្រមទាំងកំពុងអភិវឌ្ឍសួនឌីជីថលទំហំ ១០០ហិកតា ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាជាតិ ជំរុញនវានុវត្តន៍ និងទាក់ទាញការវិនិយោគ ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងវេទិការដ្ឋមន្ត្រីស្តីពីរដ្ឋាភិបាលឌីជីថល នៃព្រឹត្តិការណ៍ហ្វ្រង់កូតិច ឆ្នាំ ២០២៦ ​នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ។

ដើម្បីសម្រេចគោលដៅនេះ កម្ពុជាបានវិនិយោគលើអាហារូបករណ៍ កម្ចីសិក្សាគ្មានការប្រាក់ ថ្នាក់រៀនឌីជីថល និងមជ្ឈមណ្ឌលបច្ចេកវិទ្យានៅតាមសហគមន៍ ព្រមទាំងជំរុញសាកលវិទ្យាល័យឱ្យធ្វើទំនើបកម្មកម្មវិធីសិក្សាផ្នែកឌីជីថល ។ ការអភិវឌ្ឍជំនាញនេះមិនកំណត់ត្រឹមអ្នកជំនាញបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើមន្ត្រីរាជការ គ្រូបង្រៀន សហគ្រិន និងប្រជាពលរដ្ឋទូទៅ ដើម្បីឱ្យមានសមត្ថភាពចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ។

ទន្ទឹមនឹងការអភិវឌ្ឍធនធានមនុស្ស កម្ពុជាក៏កំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយបណ្តាញទូរស័ព្ទចល័តជំនាន់ទី ៤ គ្របដណ្តប់ដល់ប្រជាជន ៩៥,១ភាគរយ ខណៈបណ្តាញជំនាន់ទី ៥ សម្រេចបាន ៣៤,៥ភាគរយ ។ លើសពីនេះ ខ្សែកាបអុបទិកក្រោមបាតសមុទ្រថ្មីដែលមានសមត្ថភាពបញ្ជូនទិន្នន័យខ្ពស់ ត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៧ ដើម្បីពង្រឹងការតភ្ជាប់អន្តរជាតិ និងគាំទ្រដល់ការរីកចម្រើននៃសេវាឌីជីថល ។

លើវិស័យបច្ចេកវិទ្យាអនាគត កម្ពុជាបានបញ្ចប់ការវាយតម្លៃភាពត្រៀមខ្លួនជាតិផ្នែកបញ្ញាសិប្បនិម្មិត និងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជាតិបញ្ញាសិប្បនិម្មិត គោលនយោបាយបច្ចេកវិទ្យាពពក និងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ។ ជាមួយគ្នានេះ កម្ពុជាកំពុងជំរុញការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ដោយសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងបង្កើតឱកាសថ្មីៗសម្រាប់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច ។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ការវិនិយោគលើមនុស្សមានសារៈសំខាន់មិនចាញ់ការវិនិយោគលើបច្ចេកវិទ្យានោះទេ ព្រោះមនុស្សជាកម្លាំងចម្បងក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ។ ឯកឧត្តមក៏បានលើកឡើងពីសក្តានុពលរបស់បញ្ញាសិប្បនិម្មិតក្នុងការកែលម្អរដ្ឋបាលសាធារណៈ បង្កើនផលិតភាព និងផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋកាន់តែប្រសើរ ដោយសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិតត្រូវគាំទ្រការសម្រេចចិត្តរបស់មនុស្ស មិនមែនជំនួសការទទួលខុសត្រូវរបស់មនុស្សនោះទេ ៕