អាជ្ញាធរខេត្តស្ទឹងត្រែង ចុះណែនាំទីតាំងជួសជុលម៉ូតូចំនួន ៣ កន្លែង ឱ្យបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងបង្កសំឡេងរំខាន
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់ទីតាំងជួសជុលម៉ូតូចំនួន ៣ កន្លែង ដែលពាក់ព័ន្ធនឹងការកែច្នៃបំពង់ស៊ីម៉ាំងឱ្យបង្កសំឡេងខ្លាំងៗ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តស្ទឹងត្រែងសហការជាមួយអាជ្ញាធរក្រុង និងសង្កាត់ ដោយបានចុះពិនិត្យទីតាំងជួសជុលម៉ូតូចំនួន ៣ កន្លែង ស្ថិតនៅភូមិអូរឫស្សី ក្រុងស្ទឹងត្រែង ដែលត្រូវបានកំណត់ថា មានសកម្មភាពកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឱ្យមានសំឡេងខ្លាំងខុសពីលក្ខណៈបច្ចេកទេស។
ក្នុងឱកាសចុះពិនិត្យនេះ អាជ្ញាធរបានធ្វើការអប់រំ និងណែនាំដល់ម្ចាស់ទីតាំងជួសជុលម៉ូតូទាំងនោះ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ដោយបញ្ឈប់សកម្មភាពកែច្នៃបំពង់ស៊ីម៉ាំងដែលបង្កសំឡេងរំខាន និងគោរពតាមលក្ខណៈបច្ចេកទេស ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសរស់នៅប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរបានព្រមានថា ក្នុងករណីម្ចាស់ទីតាំងណាមិនអនុវត្តតាមការណែនាំ ឬនៅតែបន្តសកម្មភាពកែច្នៃបំពង់ស៊ីម៉ាំងបង្កសំឡេងរំខានដដែល អាជ្ញាធរនឹងពិនិត្យលទ្ធភាពចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមបទប្បញ្ញត្តិជាធរមាន។
ការចុះណែនាំនេះ ធ្វើឡើងបន្ទាប់ពីកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិកាដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានចុះអន្តរាគមន៍ឃាតខ្លួនយុវជនចំនួន ៦ នាក់ ក្រោយរកឃើញថា ពួកគេបានជិះម៉ូតូជាក្រុម និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃដែលមានសំឡេងខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋតាមដងផ្លូវក្នុងក្រុង។
យោងតាមការបញ្ជាក់របស់អភិបាលក្រុងស្ទឹងត្រែង យុវជនទាំង ៦ នាក់ មានលំនៅឋាននៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រោយពីទទួលបានការអប់រំ និងអនុវត្តវិធានការរដ្ឋបាលរួច ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយមានលក្ខខណ្ឌត្រូវដោះបំពង់ស៊ីម៉ាំងដែលបានកែច្នៃចេញ និងប្តូរមកប្រើប្រាស់បំពង់ស៊ីម៉ាំងដើមតាមលក្ខណៈបច្ចេកទេសវិញ ព្រមទាំងមានអាណាព្យាបាលចូលរួមធានា និងទទួលខុសត្រូវក្នុងការអប់រំកូនចៅផងដែរ។
សកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តវិធានការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការទប់ស្កាត់សកម្មភាពកែច្នៃ និងប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូដែលបង្កសំឡេងរំខានដល់ការរស់នៅប្រចាំថ្ងៃ។
អាជ្ញាធរបានអំពាវនាវដល់ម្ចាស់យានដ្ឋានជួសជុលម៉ូតូ អ្នកប្រើប្រាស់ម៉ូតូ និងអាណាព្យាបាលយុវជនទាំងអស់ ឱ្យចូលរួមគោរពច្បាប់ ចៀសវាងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងរួមគ្នាថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវសុខសន្តិភាព និងសេចក្តីសុខសាន្តក្នុងសហគមន៍ ៕



ចែករំលែកព័តមាននេះ