លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំភរិយាថ្នាក់ដឹកនាំពិភពលោក ស្វែងយល់ពីសិល្បៈប៉ាក់ស្បៃខ្មែរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ភាពទន់ភ្លន់ តែពោរពេញដោយអត្ថន័យការទូត! មើលឃើញស្នាមញញឹមដ៏កក់ក្តៅរបស់ភរិយាថ្នាក់ដឹកនាំប្រទេសជាមិត្ត ពេលបានទស្សនាសិល្បៈ និងទទួលយក«ស្បៃខ្មែរ» ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

ជាក់ស្តែងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសនាយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះថា ៖ រីករាយដែលបានទទួលស្វាគមន៍ លោកជំទាវជាភរិយានៃប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីបណ្តាប្រទេសជាមិត្ត ដែលអញ្ជើញមកទស្សនាភូមិហ្វ្រង់កូហ្វូនី ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីបានបន្តថា ស្ថិតក្នុងបរិយាកាសដ៏កក់ក្តៅនេះ យើងបានទស្សនាការសម្តែងសិល្បៈប្រពៃណី ស្វែងយល់ពីសិល្បៈប៉ាក់ស្បៃខ្មែរជាមួយគ្នា និងបានជូនស្បៃខ្មែរជាវត្ថុអនុស្សាវរីយ៍ ។

បន្ថែមពីនេះទៀត ស្បៃខ្មែរមួយផ្ទាំង មិនត្រឹមតែជាមរតកវប្បធម៌ដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណងដៃនៃមិត្តភាព និងការយោគយល់គ្នា ដែលរួមចំណែកផ្សារភ្ជាប់បេះដូងមនុស្សជាតិ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពរួមគ្នា ៕




ចែករំលែកព័តមាននេះ