ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ៊ិ​ស្លា​ម​មក​រដូវជាប់​បម្រាម​ក្នុង​ខែ​បួស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលប្រយោជន៍​ជា​ច្រើន​ដែល​សាសនិក​អ៊ិ​ស្លា​ម​ទទួល​បាន​ពី​ខែ​រ៉​ម៉ា​ឌ​ន គឺ​ពិតជា​វិសេសវិសាល​ខ្លាំង​បំផុត ព្រោះ​មួយ​ឆ្នាំ​មាន​តែ​ម្ដង ដែល​ជន​មូ​ស្ល៊ី​ម​ទូ​ទាំង​សាកល​លោក​បាន​បំពេញ​កាតព្វកិច្ច​បួស​(​តម​អាហារ​)​រយៈពេល​១​ខែ​(២៩ ឬ​៣០​ថ្ងៃ​) ។ ផលប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត​នោះ​គឺ​បាន​ទទួលផល​បុណ្យ​ពី​អ​ល់​ឡោះ​ជា​ម្ចាស់ សម្រាប់​ថ្ងៃ​បរលោក…

រាជធានី​ភ្នំពេញ ៖ ផលប្រយោជន៍​ជា​ច្រើន​ដែល​សាសនិក​អ៊ិ​ស្លា​ម​ទទួល​បាន​ពី​ខែ​រ៉​ម៉ា​ឌ​ន គឺ​ពិតជា​វិសេសវិសាល​ខ្លាំង​បំផុត ព្រោះ​មួយ​ឆ្នាំ​មាន​តែ​ម្ដង ដែល​ជន​មូ​ស្ល៊ី​ម​ទូ​ទាំង​សាកល​លោក​បាន​បំពេញ​កាតព្វកិច្ច​បួស​(​តម​អាហារ​)​រយៈពេល​១​ខែ​(២៩ ឬ​៣០​ថ្ងៃ​) ។

ផលប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត​នោះ​គឺ​បាន​ទទួលផល​បុណ្យ​ពី​អ​ល់​ឡោះ​ជា​ម្ចាស់ សម្រាប់​ថ្ងៃ​បរលោក និង​បាន​ផ្ដល់​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​សុខភាព​យើង​សព្វថ្ងៃ​ផង​ដែរ ។

លោក​អាប់​ឌុ​លក​ឌៀ​ត ហ៊ើ​រូ​ន គ្រូបង្រៀន​ផ្នែក​សាសនា​ប្រាប់​កោះសន្តិភាព កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ការ​បួស​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នកបួស​ចាក​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​អំពើ​អ​សីលធម៌ និង​អំពើ​ដែល​ច្បាប់​បាន​ហាមឃាត់ និង​មិន​ត្រឹមតែ​បាន​ផល​បុណ្យ​សម្រាប់​ថ្ងៃ​បរលោក​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​លោកីយ៍​នេះ​គឺ​វា​បាន​បំពេញ​នូវ​ផលប្រយោជន៍​សម្រាប់​សុខភាព​របស់​យើង​បន្ថែម​ទៀត ។

ផលប្រយោជន៍​សម្រាប់​ថ្ងៃ​បរលោក​ដែល​អ្នកបួស​ទទួល​បាន​ពី​ព្រះ​ជា​ម្ចាស់​រួម​មាន​៖
-​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ម្ចាស់​នៃ​ពិភពលោក​ទាំងអស់ ។

-​បួស​ជា​មូលហេតុ​នៃ​ការ​អភ័យទោស​ពី​អ​ល់​ឡោះ​ជា​ម្ចាស់​នូវ​កំហុស ផ្សេង​ៗ​ពេញ​មួយ​ឆ្នាំ ។

-​ជា​មូលហេតុ​ដែល​អ​ល់​ឡោះ​ទទួលយក​នូវ​ការ​បួងសួង​សុំ​ពី​ទ្រង់ ព្រោះ​ការ​បួងសួង​របស់​អ្នកបួស​មិន​ត្រូវ​បាន​អ​ល់​ឡោះ​បដិសេធ​ឡើយ ។

-​វា​ជា​ការ​ទាក់ទង​ដ៏​រឹង​មាំ​រវាង​ខ្ញុំបម្រើ​ទាំងឡាយ​ជាមួយ​ម្ចាស់​នៃ​ពិភពលោក​ទាំងអស់ ។

-​អ្នក​ដែល​បួស​អ​ល់​ឡោះ​នឹង​បញ្ជូន​គេ​ទៅ​តាម​ទ្វារ​អើ​រៃ​យ៉ា​ន​(​មាន​តែ​អ្នកបួស​ទេ​ដែល​អាច​ចូល​បាន​) ។

-​ការ​បួស​នឹង​ជួយ​អន្តរាគមន៍​ដល់​អ្នកបួស​នា​ថ្ងៃ​បរលោក ។

-​ក្លិន​មាត់​របស់​អ្នកបួស​នៅ​ថ្ងៃ​បរលោក​វា​នឹង​មាន​តម្លៃ​ចំពោះ​អ​ល់​ឡោះ គឺ​ក្រអូប​លើស​ទឹកអប់​ទៅ​ទៀត ។

-​ការ​ធ្វើបុណ្យ​ដល់​អ្នក​ដែល​ក្រខ្សត់ ក្នុង​ខែ​រ៉ា​ម៉ា​ឌ​ន គឺ​ទទួល​បុណ្យ​បាន​ទ្វេ​ដង​ជាង​ខែ​ដទៃ ។

-​ជន​ណា​ដែល​បួស​១​ថ្ងៃ​ដើម្បី​អ​ល់​ឡោះ ទ្រង់​នឹង​ឲ្យ​គេ​ចៀស​ឆ្ងាយ​ពី​ភ្លើង​នរក​ចំនួន​៧០​ឆ្នាំ (​បើ​គិត​នឹង​ការ​ដើរ​) ។

-​សម្រាប់​អ្នកមាន​សមត្ថភាព​ទៅ​ធ្វើ​ហា​ជ្ជី​តូច​នៅ​ក្នុង​ខែ​រ៉​ម៉ា​ឌ​ន​(​ធម្ម​យាត្រា​)​គឺ​ទទួល​បាន​ផល​បុណ្យ​ស្មើនឹង​យើង​ទៅ​បំពេញ​ហា​ជ្ជី​ធំ ។

-​ទទួល​បាន​នូវ​ថ្ងៃ​ពិសេស​សម្រាប់​អ្នក​ថ្វាយបង្គំ​ពេល​យប់ ដែល​ហៅ​ថា​យប់ «Lailat ul Qadr» គឺជា​រាត្រី​មួយ​ក្នុង​ចំណោម​ដប់​រាត្រី​ចុង​ក្រោយ​នៅ​ក្នុង​ខែ​រ៉​ម៉ា​ឌ​ន ហើយ​វា​ពោរ​ពេញ​ដោយ​ពរ​ជ័យ​ពី​ព្រះ​ជា​ម្ចាស់ ។

ចំណែក​នៅ​ក្នុង​លោកីយ៍​វិញ អ្នកបួស​នឹង​ទទួល​បាន​សុខភាព​ល្អ និង​អប់រំ​ចិត្ត​ឲ្យ​ធ្វើ​តែ​អំពើ​ល្អ ចៀស​ឆ្ងាយ​ពី​អំពើ​អកុសល ផ្សេង​ៗ និង​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ដែល​គាត់​គ្មាន​ម្ហូប​អាហារ ឬ​ទឹក​សម្រាប់​បរិភោគ​រយៈពេល​១​ថ្ងៃ​ពេញ​នេះ តើ​ហេវ​ហត់ អត់ឃ្លាន​កម្រិត​ណា?

លោក​អាប់​ឌុ​លក​ឌៀ​ត ហ៊ើ​រូ​ន​ថា​៖ «​សម្រាប់​ជីវិត​លោកីយ៍ បើ​យោង​តាម​ការ​បង្ហាញ​របស់​សាសនវិទូ​អ៊ិ​ស្លា​ម និង​ខាង​វិជ្ជា​សាស្ត្រ បាន​បង្ហាញ​ថា​៖ នៅ​ពេល​យើង​បួស​ឲ្យ​បាន​ត្រឹមត្រូវ យើង​នឹង​ទទួល​បាន​សារ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា​៖ ជម្រះ​ជាតិពុល​ក្នុង​ខ្លួន ផ្តល់​ឱកាស​សម្រាក​ដល់​អវយវៈ និង​ប្រព័ន្ធ​រំលាយ​អាហារ និង​វិធី​មួយ​ដើម្បី​គ្រប់គ្រង​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម ហើយ​វា​ជា​មធ្យោបាយ​ដ៏​សំខាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធាត់ និង​អាច​បំបាត់​អាលែកហ្ស៊ី ថែម​ទាំង​កាត់​បន្ថយ​បញ្ហា​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​បាន​ថែម​ទៀត​ផង​» ។

ការ​បួស គឺជា​កាតព្វកិច្ច​សម្រាប់​សាសនិក​អ៊ិ​ស្លា​ម​ទាំង​បុរស និង​ស្ត្រី ។ មនុស្ស​ពេញវ័យ និង​អ្នកមាន​សតិ​ស្មារតី​ល្អ (​មិន​ឆ្កួត​) សុខភាព​ល្អ មិន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ជ្រះ​ស្អាត​អំពី​ឈាម​រដូវ និង​ឈាម​សម្រាល គឺ​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​បួស​ក្នុង​ខែ​រ៉​ម៉ា​ឌ​ន តែបើ​ផ្ទុយ​ពី​នោះ​គឺ​មិន​អាច​បំពេញ​កាតព្វកិច្ច​បួស​បាន​ឡើយ ។

លោក​អាប់​ឌុ​លក​ឌៀ​ត ហ៊ើ​រូ​ន បន្ត​ថា មាន​ករណី​លើកលែង​មួយ​ចំនួន​ដែល​យើង​មិន​អាច​បួស​បាន​ក្នុង​ខែ​រ៉​ម៉ា​ឌ​ន តែ​ត្រូវ​តែ​បួស​សង​វិញ​បន្ទាប់​ពី​ចប់​ខែ​នូវ​ចំនួន​ថ្ងៃ​ដែល​គាត់​បាន​ឈប់​។ លោក​ថា​៖ «​ករណី​លើកលែង​ទាំងនោះ​រួម​មាន បុគ្គល​ដែល​ឈឺ​ក្នុង​ខែ​បួស គេ​អាច​សម្រាក​ពី​ការ​បួស​បាន តែ​ត្រូវ​បួស​សង​វិញ​នៅ​ពេល​ចប់​ខែ​បួស​ទៅ​តាម​ចំនួន​ថ្ងៃ​ដែល​បាន​ឈប់ អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​ស្ត្រី​ដែល​មាន​ឈាមរដូវ ឬ​សម្រាល ចាំបាច់​ត្រូវ​តែ​សម្រាក​បួស ហើយ​ត្រូវ​សង​វិញ​ពេល​ក្រោយ​តាម​ចំនួន​ដែល​គាត់​បាន​សម្រាក​នោះ​» ។

ប្រភព​ដដែល​បន្ថែម​ថា ចំណែក​មនុស្ស​ចាស់ជរា​ដែល​មិន​អាច​បួស​បាន និង​អ្នកជំងឺ​រ៉ាំរ៉ៃ​មិន​សង្ឃឹមថា​ជា​ស្បើយ​វិញ គាត់​ត្រូវ​បាន​អនុញ្ញាត​មិន​ចាំបាច់​បួស​ទេ តែ​ត្រូវ​ពិន័យ​ក្នុង​មួយ​ថ្ងៃ​ផ្តល់​ចំណីអាហារ​ដល់​អ្នកក្រ​ម្នាក់ ។ រីឯ​ចំនួន​ដែល​ត្រូវ​ចេញ​សម្រាប់ មួយ​ថ្ងៃ​ៗ​នោះ​​មានការ​ខ្វែងយោបល់គ្នា ក្នុង​នោះ​រវាង​សាសនវិទូ​អ៊ិ​ស្លា​ម​គឺ​កំណត់​ថា ៖​ចាប់ពី​៧៥​ក្រាម​រហូត​ដល់​មួយ​គីឡូ​កន្លះ​នៃ​ចំណីអាហារ ឬ​អង្ករ តែ​គេ​បង្ហាញ​ថា បើ​មួយ​គីឡូ​កន្លះ​ជា​ការ​ល្អ​ប្រសើរ ។

ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​កូន ប្រសិនបើ​គាត់​មានការ​ព្រួយបារម្ភ ផល​ប៉ះ​ពាល់​​ដល់​ទារក គាត់​អាច​សម្រាក​បួស​បាន តែ​ត្រូវ​បួស​សង​នៅ​ពេល​ក្រោយ ។ ករណី​នេះ​ក៏​មានការ​ខ្វែងយោបល់គ្នា​ថា​តើ​ត្រូវ​បួស​សង ឬ​ត្រូវ​បង់​ពិន័យ ?

ទស្សនៈ​ខ្លះ​លើក​ឡើង​ថា អ្នកមាន​ផ្ទៃពោះ​ប្រៀប​ដូច​ជា​អ្នកជំងឺ ពោល​គឺ​គ្រាន់តែ​បួស​សង​ជា​ការ​គ្រប់គ្រាន់​ហើយ តែ​អ្នក​បំបៅ​ក្មេង​ត្រូវ​បង់​ពិន័យ​ផង និង​បួស​សង​ផង ។

បើ​យោង​តាម​ទស្សនៈ​អិ​ប​នូ​ប៊ើ​ស និង​អិ​ប​នូ​អូ​សៃ​មីន​បាន​លើក​ឡើ​ថា​៖ ជា​ការ​ត្រឹមត្រូវ​សម្រាប់​គាត់​គឺ​ត្រូវ​បួស​សង​ដោយ​មិន​ត្រូវ​បង់​ពិន័យ​នោះ​ទេ ។ នេះ​ជា​ទស្សនៈ​អា​ប៊ូ​ហា​នី​ហ្វះ​។ ចំណែក​ទស្សនៈ​ស្ហា​ហ្វី​អ៊ី និង​អះ​ម៉ាត់ គឺ​ប្រសិនបើ​គេ​ខ្លាច​ប៉ះពាល់​ដល់​ខ្លួន​របស់​គេ​ទាំង​ពីរ គឺ​គេ​ត្រូវ​បួស​សង​ប៉ុណ្ណោះ តែបើ​គេ​ខ្លាច​ប៉ះពាល់​ដល់​កូន​របស់​គេ គឺ​គេ​ទាំង​ពីរ​ត្រូវ​បួស​សង និង​បង់​ពិន័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ