រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ផឹកស្រាអស់៣ទៅ៤កំប៉ុង និងស្រែកឡូឡា ហើយត្រូវបានអ្នកជិតខាងទៅប្រាប់កុំឲ្យឡូឡាបែកគំនិតទាញកាំបិតបុ័ងតោបម្រុងគប់អ្នកជិតខាងបង្កអោយផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកម្ពុជាក្រោម នៅចំណុចផ្ទះគ្មានលេខជាន់ទី១ ស្ថិតនៅក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា បុរសដែលស្រវឹងស្រាឈ្មោះបូ ចាន់ថិន អាយុ៤៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅចំណុចកើតហេតុខាងលើ បានផឹកស្រាអស់ចំនួន៣ទៅ៤កំប៉ុង ស្រាប់តែស្រែកឡូឡាពេញមុខផ្ទះ ហើយត្រូវបានអ្នកជិតខាងមកប្រាប់ក៏ទាញកាំបិតបុ័ងតោចង់គុបទៅលើគេទៀតបង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុដើម្បីណែនាំគាត់ បែរជាបុរសដែលស្រវឹងស្រានោះមិនព្រមស្តាប់នោះទេ នៅតែស្រែកឡូឡាផ្អើលគេឯងទៀត សមត្ថកិច្ចមិនបានធ្វើការឃាត់ខ្លួនទេ គ្រាន់តែអោយគាត់ចូលទៅសំរាកអស់ជាងកន្លះម៉ោងទើបគាត់ព្រមស្តាប់ ។
ប្រជាពលរដ្ឋនៅម្តុំនោះក៏បានប្រាប់អោយដឹងទៀតថា បុរសដែលបង្កហេតុខាងលើគាត់តែងតែផឹកស្រាស្រវឹងហើយអុកឡុកអោយផ្អើលអ្នកជិតខាង រាល់តែដង ។
ក្រោយពេលកើតហេតុ បុរសខាងលើនេះយល់ព្រមតាមសមត្ថកិច្ចហើយឈប់ឡូឡាចូល សំរាកបាត់ទៅ៕
ចែករំលែកព័តមាននេះ