ខេត្តកំពង់ស្ពឺ ៖ ពិតជាអស្ចារ្យ និងអាចចាត់ទុកជាក្មេងអច្ឆរិយម្នាក់ចំពោះកុមារី ប៊ី បាន់លក្ស្មី អាយុ៥ឆ្នាំ ត្រូវបានក្រសួងអប់រំចេញលិខិតអនុញ្ញាតឱ្យរៀនថ្នាក់ទី៤ ខណៈដែលអាយុរបស់នាងតូចអាចរៀនបានត្រឹមថ្នាក់មត្តេយ្យប៉ុណ្ណោះ។

តាំងពីនាងតូចចាប់កំណើតក្នុងផ្ទៃ ប្រកបកិច្ចការអ្វីៗតែងបានសម្រេច ៖ ជួបជាមួយអ្នកយកព័ត៌មានកោះ
សន្តិភាព នៅព្រឹកថ្ងៃទី១ ឧសភា អ្នកស្រី ទៀក ស្រីលក្ខ ជាម្តាយបានរៀបរាប់ថា អ្នកស្រីរៀបការនៅឆ្នាំ២០១២ ។ ក្រោយរៀបការចាប់តាំងពីកូនស្រីនេះ មកចាប់កំណើតក្នុងផ្ទៃ គឺគាត់និងស្វាមីតែងប្រកបកិច្ចការអ្វីបានសម្រេច និងទទួលជោគជ័យគ្រប់ពេល មិនដែលមានបញ្ហារាំងស្ទះឡើយ មិនថាកាងារតូច ឬក៏ធំនោះទេ ។
ម្តាយនិយាយថា ចាប់តាំងពីពេលប្រសូត្រមកដល់បច្ចុប្បន្ន គឺលក្ស្មីមិនដែលឈឺថ្កាត់ឱ្យគាត់ជាម្តាយលំបាកម្តងណាឡើយ ។ ក្នុងនាមជាម្តាយ អ្នកស្រីតែងយកចិត្តទុកដាក់ថែទាំសុខភាពកូនយ៉ាងយកចិត្តទុកដាក់បំផុត ជាងនេះទៅទៀត អ្នកស្រីបានបង្ហាត់បង្ហាញពីរបៀបរបបរស់នៅ និងការធ្វើអនាម័យ ព្រមទាំងពន្យល់ឱ្យកូនផ្តោតការយកចិត្តទុកដាក់ ចំពោះការអានសៀវភៅតាំងពីនាងមានអាយុ៣ឆ្នាំមកម្លេ៉ះ ។
អ្នកស្រីរៀបរាប់ទៀតថា លក្ស្មីទើបតែចូលរៀនបាន១ឆ្នាំនេះប៉ុណ្ណោះ តែសមត្ថភាពកូនរបស់អ្នកស្រីធ្វើឱ្យគ្រូគ្រប់រូប មានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ពេលខ្លះ លោកគ្រូបានទាំងយកសៀវភៅថ្នាក់ទី៤ មកឱ្យនាងអាននៅចំពោះមុខគ្រូផ្សេងៗទៀត ។ ក្រៅពីកូនសិក្សានៅសាលារដ្ឋអ្នកស្រីបានយកកូនទៅសិក្សាបន្ថែមនៅសាលាឯកជនលើមុខវិជ្ជាកុំព្យូទ័រ និងភាសាអង់គ្លេសផងដែរ ។

ការអនុញ្ញាតឱ្យនាងតូចរៀនថ្នាក់ទី៤ ទាំងអាយុក្មេងខ្ចីដោយសារចំណេះខ្ពស់ស្មានមិនដល់
តាមអ្នកស្រីជាម្តាយបានឱ្យដឹងទៀតថា ការខិតខំយកចិត្តទុកដាក់រៀនសូត្ររបស់កូនគួបផ្សំនិងបញ្ញពិសេសរបស់នាងផងនោះបានធ្វើឱ្យលោកនាយកសាលា បានសាកល្បងធ្វើតេស្តសមត្ថភាពនាងជាច្រើនលើកច្រើនសាឃើញថា នាងពិតជាមានសមត្ថភាពពិសេសអាចសិក្សានៅថ្នា្់ទី៤បាន ក៏ធ្វើរបាយការណ៍ដាក់ជូនទៅខាងមន្ទីរអប់រំ យុវជន និងកីឡា ហើយខាងមន្ទីរក៏ធ្វើរបាយការណ៍បន្តទៅក្រសួង រហូតលោករដ្ឋមន្ត្រីយល់ព្រមអនុញ្ញាតឱ្យនាងបានសិក្សានៅថ្នាក់ទី៤តែម្តង តាមរយៈលិខិតចុះថ្ងៃទី២៦ មេសា កន្លងមក និងចុះហត្ថលេខាដោយរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ។ ប៊ី បាន់លក្ស្មី ត្រូវបានអនុញ្ញាតឱ្យរៀនថ្នាក់ទី៤ ក្នុងសាលាបឋមសិក្សាតានួន ស្រុកបសេដ្ឋ ស្របតាមសមត្ថភាពមានលក្ខណៈពិសេសនិងតាមគោលបំណងរបស់នាង ។ ក្នុងនាមអ្នកស្រីជាម្តាយពិតជាមានមោទនភាពខ្លាំងណាស់ដែលឃើញកូនស្រីមានសមត្ថភាពលើសពីកុមារដ៏ទៃបែបនេះ ។

ប៊ី បាន់លក្ស្មី គឺជាកូនទោលក្នុងគ្រួសារដែលមានជីវភាពល្អប្រសើរ មានឪពុកឈ្មោះប៑ីទិត្យ សាវង្ស អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យបសេដ្ឋ និងម្តាយឈ្មោះទៀក ស្រីលក្ខ ជាគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកបសេដ្ឋ ។ មុននេះ លោកគ្រូ ម៉ៅ ម៉ុន ដែលបានស្គាល់កុមារីប៊ី បាន់លក្ស្មី និងជានាយកវិទ្យាល័យ
បសេដ្ឋ ក៏បានថ្លែងដែរថា ទាំងរូបលោក និងគ្រូដទៃទៀតពិតជាមានចម្ងល់យ៉ាងខ្លាំង គឺឆ្ងល់ត្រង់ថាក្មេងស្រីរូបនេះពូកែអាន សរសេរ និងចេះធ្វើលំហាត់បានល្អប្រសើរជាងក្មេងដ៏ទៃជាពិសេសគឺអានភាសាអង់គ្លេសតែម្តងហាក់ដូចជានាងចេះតាំងពីជាតិមុន ។


ចែករំលែកព័តមាននេះ