សហរដ្ឋអាមេរិក-ប្រទេសកូរ៉េខាងជើង ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ វាយតម្លៃកាលពីថ្ងៃទី៣០ មេសា ថា តំបន់ហាមមិនឱ្យមានកងទ័ពនៅព្រំដែនរវាងកូរ៉េទាំង២អាចជាកន្លែងល្អសម្រាប់ការជួបគ្នាកំពូលរបស់លោកនាពេលខាងមុខជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន រួចលោកក៏លើកពីលទ្ធភាពជ្រើសរើសយកប្រទេសសិង្ហបុរីផងដែរ ។
ក្នុងសន្និសីទសារព័ត៌មានមួយនាសួនច្បារសេតវិមានលោកត្រាំ មានប្រសាសន៍ថា មានរឿងខ្លះដែលខ្ញុំចូលចិត្តគំនិតនេះ ។ លោកថា ប្រសិនបើអ្វីៗប្រព្រឹត្តទៅដោយល្អ នោះវាមានលទ្ធភាពដែលពិធីធំមួយកើតមាននៅកន្លែងដដែល ហើយពុំមែននៅប្រទេសទី៣ណាមួយ ។ លោកសរសើរជាថ្មីម្តងទៀត ចំពោះការបើកចំហររបស់បុរសខ្លាំងក្រុងព្យុងយ៉ាង ។
ចំណែកប្រធានាធិបតីឥណ្ឌូណេស៊ី លោក JOKO WIDODO ប្រកាសនាថ្ងៃទី៣០ មេសា ថា ប្រទេសរបស់លោកក៏ត្រៀមទទួលការជួបគ្នាកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែរ ប្រសិនបើមេដឹកនាំទាំង២ពិតជាសម្រេចជួបគ្នា ដើម្បីពិភាក្សាពីសន្តិភាពនៅឧបទ្វីបកូរ៉េ ។
យោងតាមទូរទស្សន៍អាមេរិក CBS NEWS ថា ប្រទេស២ស្ថិតក្នុងបញ្ជីនៃការជ្រើសរើសគឺម៉ុងហ្គោលី និងសិង្ហបុរី ក៏ប៉ុន្តែតាមកាសែតជប៉ុន ASAHI SHIMBUN ថា ម៉ុងហ្គោលីត្រូវបានបដិសេធដោយសារហេតុផលសន្តិសុខ រួចក៏លើកដែរពីសិង្ហបុរី ព្រមទាំងក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ។
តាម TWITTER លោកត្រាំ សរសេរថា ប្រទេសជាច្រើនត្រូវបានលើកសម្រាប់ការជួបគ្នាកំពូលនេះ ក៏ប៉ុន្តែផ្ទះសន្តិភាពនៅព្រំដែនរវាងកូរ៉េទាំង២ មិនមែនជាទីតាំងមានលក្ខណៈតំណាងបំផុត សំខាន់បំផុត និងស្ថិតស្ថេរបំផុតជាប្រទេសទី៣មួយទេឬ? លោកលើកពីរូបភាពនៃការជួបគ្នាកំពូលអន្តរកូរ៉េកាលពីថ្ងៃទី២៧ មេសា ថាជាការជួបគ្នាប្រវត្តិសាស្ត្រដែលនៅមុខបណ្តាកាមេរ៉ាពិភពលោកទាំងមូលក្នុងបរិយាកាសធូរស្រាលបំផុតដែលលោកគីម ជុងអ៊ុន ជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក MOON JAE IN នៅភូមិប៉ានមុនហ្សូម ៕
ចែករំលែកព័តមាននេះ