ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​អនុញ្ញាត​ឱ្យ​សម្ព័ន្ធមិត្ត​មួយ​ចំនួន​រួច​ផុត​ពី​ការ​ដាក់​ពន្ធ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Wilbur Ross បាន​និយាយ​ថា រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Wilbur Ross បាន​និយាយ​ថា រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មាន​គម្រោង​បន្ត​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​ចំនួន​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម ។

កាលពី​ថ្ងៃ​សៅរ៍ លោក Ross បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា នៅ​មុន​ថ្ងៃ​អង្គារ​នេះ នឹង​មាន​សេចក្តី​ប្រកាស​ពី​ឈ្មោះ​ប្រទេស​រួច​ពន្ធ​។ កាលពី​ថ្ងៃ​សុក្រ លោក​បាន​ផ្តល់​សញ្ញា​ថា ប្រទេស​ទាំងនេះ​នឹង​ត្រូវ​ទទួលយក​ការ​ដាក់​កូតា ជំនួស​ការ​ដាក់​ពន្ធ ។

ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម គឺ​កំពុង​តែ​ធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​សហ​រដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ជាមួយ​គ្នា​នេះ លោក​ត្រាំ បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​១៥០​ប៊ី​លាន​ដុល្លារ ប្រសិនបើ​ការ​ចរចា​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន ។

កាលពី​ស​ប្តា​ហ៍​មុន សហភាព​អឺរ៉ុប​ត្រូវ​បាន​ស្នើ​ឲ្យ​ចូលរួម​ក្នុង​ពាក្យបណ្តឹង​មួយ​នៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ប្រទេស​ចិន ដើម្បី​ប្រឆាំង​នឹង​ការ​ដាក់​ពន្ធ​របស់​សហរដ្ឋអាមេរិក លើ​ដែកថែប និង​អាលុយមីញ៉ូម ។

សហភាព​អឺរ៉ុប​ស្ថិត​ក្នុង​ចំណោម​អ្នក​រិះគន់​ពន្ធ​ទាំងនេះ​ខ្លាំង​ជាងគេ ដោយ​បាន​និយាយ​ថា វា​មិន​សម​ហេតុផល​ទេ ដែល​សហរដ្ឋអាមេរិក​ចង់​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយ​មីញ៉ូម​នាំ​ចូល ព្រោះ​វា​នឹង​មាន​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ ។

យោង​តាម​សេចក្តី​ប្រកាស​ពី​ការិយាល័យ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May បាន​ឲ្យ​ដឹង​ថា លោកស្រី និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ព្រមទាំង​លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់ Angela Merkel បាន​យល់ព្រម​សហការ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នៅ​សហភាព​អឺរ៉ុប ជាមួយ​រដ្ឋាភិបាល​លោក​ត្រាំ ដើម្បី​រួច​ផុត​ពី​ពន្ធ​ជា​អចិន្ត្រៃយ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ