ខេត្តកំពង់ស្ពឺ ៖ ពិតណាស់ថាម្តាយឱពុកគ្រប់រូបរមែងមានមោទនភាពចំពោះកូនរបស់ខ្លួននៅពេលដែលកូនប្រកបដោយគន្លងធម៌ជាពិសេសគឺការយកចិត្តទុកដាក់ក្នុងការរៀនសូត្រតែម្តង ។ នេះជាសម្តីម្តាយរបស់កុមារីមួយរូបដែលនាងត្រូវបានលោកគ្រូអ្នកគ្រូចាត់ទុកថាជាក្មេងស្រីដ៏សែនឆ្លាតខុសពីក្មេងដទៃ ដែលសូម្បីតែលោករដ្ឋមន្ត្រីក្រសួងអប់រំក៏ទទួលស្គាល់ពីសមត្ថភាពរបស់នាងដែរ ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ លោកស្រី ទៀក ស្រីលក្ខ បានរៀបរាប់ថា គាត់រៀបការនៅឆ្នាំ២០១២ ក្រោយរៀបការតាំងពីកូនមកចាប់កំណើតក្នុងផ្ទៃគឺគាត់ និងស្វាមី ប្រកបកិច្ចការអ្វីបានសម្រេច និងទទួលជោគជ័យគ្រប់ពេល មិនដែលមានបញ្ហារាំងស្ទះអ្វីឡើយ មិនថាកាងារតូច ឬក៏ធំនោះទេ ។ ចាប់តាំងពីពេលប្រសូត្រមកដល់បច្ចុប្បន្ន គឺនាងមិនដែលឈឺស្កាត់ឲ្យគាត់ជាម្តាយលំបាកម្តងណាឡើយ ។ ក្នុងនាមជាម្តាយ គឺគាត់យកចិត្តទុកដាក់ថែទាំសុខភាពរបស់កូនយ៉ាងយកចិត្តទុកដាក់បំផុត ។ ជាងនេះទៅទៀត គឺគាត់បានបង្ហាត់បង្ហាញពីរបៀបរបររស់នៅ និងការធ្វើអនាម័យព្រមទាំងពន្យល់ឲ្យកូនផ្ដោតទៅលើការអានសៀវភៅតាំងពីនាងអាយុ៣ឆ្នាំមកម្ល៉េះ ។ នាងទើបតែចូលរៀនបាន១ឆ្នាំនេះ តែសមត្ថភាពកូនរបស់គាត់ធ្វើឲ្យគ្រូគ្រប់រូបមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ពេលខ្លះលោកគ្រូបានទាំងយកសៀវភៅថ្នាក់ទី៤មកឲ្យនាងអាននៅចំពោះមុខគ្រូៗជាច្រើនទៀតផង ក្រៅពីសិក្សានៅសាលារដ្ឋ គាត់បានយកកូនទៅសិក្សាបន្ថែមនៅសាលាឯកជនលើមុខវិជ្ជាកុំព្យូទ័រ និងភាសាអង់គ្លេសទៀតផង ។
ការខិតខំយកចិត្តទុកដាក់រៀនសូត្ររបស់កូន គួបផ្សំនឹងបញ្ញារបស់នាងផងនោះ ធ្វើឲ្យលោកនាយកសាលាសាកល្បងធ្វើតេស្តសមត្ថភាពនាងជាច្រើនលើកច្រើនសារ ឃើញថានាងមានសមត្ថភាពពិសេសអាចសិក្សានៅថ្នាក់ទី៤បាន ក៏ធ្វើរបាយការណ៍ដាក់ជូនទៅខាងមន្ទីរ ហើយខាងមន្ទីរក៏ធ្វើរបាយការណ៍បន្តទៅក្រសួង រហូតលោករដ្ឋមន្ត្រីយល់ព្រមអនុញ្ញាតឲ្យនាងបានសិក្សានៅថ្នាក់ទី៤តែម្តង ។ ក្នុងនាមគាត់ជាម្តាយ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលឃើញកូនស្រីមានសមត្ថភាពខ្ពស់បែបនេះ ។ កុមារី ប៊ី ចាន់លក្ស្មី ជាកូនទោលក្នុងគ្រួសារមួយដែលមានជីវភាពធូរធារគួរសម្យ ដែលមានឱពុកឈ្មោះ ប៊ី ទិត្យសាវង្ស អាយុ៣៣ ជាគ្រូបង្រៀន និងម្តាយឈ្មោះ ទៀក ស្រីលក្ខ ជាគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកបសេដ្ឋទៀតផង ។
លោកគ្រូ ម៉ៅ ម៉ុន ដែលជាគ្រូធ្លាប់បង្រៀនកុមារី ប៊ី ចាន់លក្ស្មី បច្ចុប្បន្នជានាយកវិទ្យាល័យបសេដ្ឋ បានប្រាប់ថា ទាំងរូបលោក និងគ្រូដទៃនៅក្នុងសាលា ពិតជាមានចម្ងល់យ៉ាងខ្លាំង គឺឆ្ងល់ត្រង់ថាក្មេងស្រីរូបនេះពូកែអានសរសេរ ធ្វើលំហាត់បានល្អប្រសើរជាងក្មេងដទៃ ជាពិសេសគឺអានភាសាអង់គ្លេសតែម្តង ។
សូមរំឭកថា កុមារី ប៊ី ចាន់លក្ស្មី ត្រូវបានមើលឃើញថា ជាក្មេងដែលមានញាណពិសេសជាងក្មេងដទៃ រហូតលោករដ្ឋមន្ត្រីយល់ព្រមទទួលស្គាល់ពីសមត្ថភាពរបស់នាង ហើយអនុញ្ញតឲ្យបានចូលរៀននៅថ្នាក់ទី៤ជាមួយក្មេងៗដែលមានអាយុ១០ឆ្នាំទៀតផង ៕
ចែករំលែកព័តមាននេះ