រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តលឿនដូចហោះជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងណ្តាលឱ្យអ្នកបើករ៉ឺម៉ករបួសធ្ងន់រថយន្តបង្កមិនព្រមឈប់ប្រឹងបន្ថែមល្បឿនបើករត់ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់មួយកង់ទើបរថយន្តដាច់កាឡេកង់ឆ្វេងទៅមុខលែងរួច ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវសហព័ន្ធរុស្សី ទល់មុខសួនកំសាន្ត ភ្នំពេញវ៉តធឺផាក ស្ថិតក្នុងង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនបង្កទាំងពីរមិនបានត្រូវគេស្គាល់ឈ្មោះនោះទេតែនៅក្នុងរថយន្តគេរកឃើញឯកសារមួយសន្លឹកបញ្ចាក់ថាជនបង្កទាំង២នាក់នោះជាម្ចាស់សហគ្រាសសំណង់ឈ្មោះ រ៉ុង ហ្សុង ខនស្ត្រាក់សិន ឯ.ក(Rong Zhong Contruction Co.Ltd) ដែលមានទីតាំងនៅផ្ទះលេខ១៦ ផ្លូវ៦១៤ ភូមិ១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញមានរ៉ឺម៉កម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណបើកតែម្នាក់ឯងតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាក Lexus RX-300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២N-០៣៤៥ បើកបរដោយបុរសជនជាតិចិនស្រវឹងស្រាជោកជាំ២នាក់បើកលឿនដូចហោះទៅបុកម៉ូតូកង់បីពីក្រោយពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើង ហើយអ្នកបើករ៉ឺម៉កម៉ូតូបោកនឹងថ្នល់បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ភ្លាមៗនោះដែររថយន្តបង្កមិនព្រមឈប់បានព្យាយាមបើករត់គេចក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់មួយកង់ ធ្វើឲ្យរថយន្តបែកកង់នឹងដាច់កាឡេផ្នែកខាងឆ្វេងតែរថយន្តនៅតែមិនព្រមឈប់ទៀតបានបើកទាំងរថយន្តបែកកង់បាន២០០ម៉ែត្រទៅមុខលែងរួចទើបប្រជាពលរដ្ធឃាត់ជាប់ប្រគល់ឱ្យសមត្ថកិច្ចដោះស្រាយ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ធទូរស័ព្ទហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកជនបង្កត្រូវបានឃាត់ខ្លួនរួមជាមួយរថយន្ត និងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៏ជើងគោករងចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ