ខេត្តកំពង់ស្ពឺ ៖ សពស្ត្រីម្នាក់ត្រូវបានម្តាយប្រទះឃើញអណ្តែតនៅក្នុងអណ្តូងទឹក ក្រោយផ្ទះចម្ងាយ៧០ម៉ែត្រស្ថិតក្នុងភូមិអូរគគីរ ឃុំតាំងក្រូច ស្រុកសំរោងទង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៣០ មេសា នៅក្នុងភូមិកើត ហេតុខាងលើ ។

បើតាមសម្តីលោក ណុល ដារ៉ា ប្រធានការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើលស្ត្រីម្នាក់ឈ្មោះ ម៉ន ឡង អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិអូរគគីរ ឃុំតាំងក្រូច ស្រុកសំរោងទង ត្រូវជាម្តាយស្ត្រីរងគ្រោះបានយកខោអាវទៅបោកគក់នៅអណ្តូងក្រោយផ្ទះ ពេលនោះក៏ប្រទះឃើញសពអណ្តែតក្នុងអណ្តូង ហើយគាត់ក៏មិនទាន់ដឹងថា សពក្នុងអណ្តូងនោះជាកូនស្រីរបស់គាត់នោះទេ ។ ប្រភពបានបន្តថា ក្រោយមន្ត្រីជំនាញស្រង់សពស្ត្រីរងគ្រោះមកពិនិត្យទើបដឹងថា សពនេះជាកូនស្រីរបស់គាត់មានឈ្មោះ ផៃ សុខគៀង អាយុ២០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ។
ស្ត្រីជាម្តាយបានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់បានបាត់ទាំងប្តី និងប្រពន្ធតាំងពីថ្ងៃទី២៨ មេសាមកម្លេ៉ះ តែមុនពេលបាត់កូនស្រីនិងកូនប្រសា ពួកគេទាំងពីរនាក់បានឈ្លោះប្រកែកគ្នា ដោយសារកូនប្រសាប្រចណ្ឌកូនស្រីរបស់គាត់។ រហូតដល់ព្រឹកថ្ងៃទី៣០ មេសា ទើបគាត់ប្រទះឃើញសពកូនស្រីក្នុងអណ្តូង តែមិនដឹងថាជាកូនរបស់ខ្លួនឡើយ ។
ករណីនេះសមត្ថកិច្ចជំនាញដាក់ការសង្ស័យថាជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ ។ ជនសង្ស័យដែលត្រូវជាប្តីស្ត្រីរងគ្រោះមានឈ្មោះ ម៉ាប់ វុទ្ធីហៅម៉ាប់ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ពេលនេះបានគេចខ្លួនបាត់ហើយ ។ បើទោះជាយ៉ាងណាសមត្ថកិច្ចបានដាក់ការសង្ស័យថា ជនដៃដល់គឺជាប្តីស្ត្រីរងគ្រោះ ពេលនេះមន្ត្រីជំនាញកំពុងស្រាវជ្រាវតាមចាប់ប្តីកំណាចនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ហើយ៕

ចែករំលែកព័តមាននេះ