ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដឹងអត់ថា ហេតុអីនាងតូច​ជា«​កុមារទេព»?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយ​ការ​ខិតខំ​យកចិត្តទុកដាក់​នឹង​ការ​សិក្សា ​គួប​ផ្សំ​នឹង​ញាណ​ពិសេស​របស់​នាង​តូច​ផង ទើប​ធ្វើ​ឱ្យ​អ្នកគ្រូ លោកគ្រូ​ នៅ​សាលា​បឋម​សិក្សា​តា​នួន បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ក្រសួង​អប់រំ យុវ ជន…

ខេត្តកំពង់ស្ពឺ ៖ ដោយ​ការ​ខិតខំ​យកចិត្តទុកដាក់​នឹង​ការ​សិក្សា ​គួប​ផ្សំ​នឹង​ញាណ​ពិសេស​របស់​នាង​តូច​ផង ទើប​ធ្វើ​ឱ្យ​អ្នកគ្រូ លោកគ្រូ​ នៅ​សាលា​បឋម​សិក្សា​តា​នួន បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ក្រសួង​អប់រំ យុវ ជន និង​កីឡា​ រាយការណ៍​អំពី​សមត្ថភាព​ពិសេស​របស់​នាង​តូច​ រហូត​ដល់​លោក​រដ្ឋមន្ត្រី​ទទួលស្គាល់ និង​យល់​ស្រប ​ដោយ​អនុញ្ញាត​ឱ្យ​នាង​តូច​ដែល​មាន​អាយុ​ទើបតែ​៥​ឆ្នាំ​ បាន​រៀននៅ​ថ្នាក់​ទី​៤ ​ផ្នែក​បឋម​សិក្សា ខណៈ​ដែល​ក្មេង​អាយុ​ស្របាល​នាង​តូច​ ត្រូវ​រៀន​នៅ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​នោះ ។

នាង​តូច​ត្រូវ​បាន​អ្នកគ្រូ​លោកគ្រូ​ដាក់​រហស្សនាម​ថា​ ជា​កុមារ​ទេព​ ដោយសារ​តែ​នាង​មាន​សមត្ថភាព​លើស​ពី​ក្មេង​ដ​ទៃ​ដែល​មាន​អាយុ​ស្មើគ្នា ។ កុមារី ប៊ី​បាន់ ល​ក្ម្សី មាន​ឪពុក​ម្តាយ​ជា​កសិករ​ រស់នៅ​ភូមិ​ព្រៃ​ឃ្លៃ ឃុំ​ពោធិ​ម្រា​ល ស្រុក​បរ​សេដ្ឋ អាយុ​៥​ឆ្នាំ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ឱ្យ​បាន​ចូល​ថ្នាក់​ទី​៤ ជាមួយ​កុមារ​ផ្សេង​ៗ​ទៀត​ដែល​មាន​អាយុ​១០​ឆ្នាំ ។ ជា​ទូទៅ​«​កុមារ​គ្រប់​រូប​ទាល់តែ​មាន​អាយុ​គ្រប់​៦​ឆ្នាំ ទើប​អាច​អនុញ្ញាត​ឱ្យ​ចូល​រៀន​ថ្នាក់​ទី​១​នៃ​សាលា​បឋម​សិក្សា​បាន ហើយ​បើ​ខ្វះ​ថ្ងៃខែ មិន​ទាន់​គ្រប់​៦​ឆ្នាំ​ពេញ​ត្រូវ​បាន​លោកគ្រូ ឬ​អ្នកគ្រូ តម្រូវ​ឱ្យ​យកដៃ​ដាក់​លើ​ក្បាល ហើយ​មក​ចាប់​ត្រចៀក បើ​ចាប់​មិន​ដល់​ទេ​គឺ​សាលា​មិន​ទាន់​អនុញ្ញាត​ឱ្យ​ចូល​រៀន​ថ្នាក់​ទី​១​នៅឡើយ​ទេ ដោយ​តម្រូវ​ឱ្យ​ចូល​រៀន​នៅ​ឆ្នាំ​បន្ទាប់​» ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា ពេល​នាង​តូច​មាន​អាយុ​៣​ឆ្នាំ ឪពុក​ម្តាយ​នាង​បាន​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលាម​តេ្ត​យ្យ ។ ពេល​សិក្សា​នៅ​សា​លាម​តេ្ត​យ្យ​ដូច​ក្មេង​ដ៏​ទៃ​ទៀត​ដែរ គឺ​នាង​ទៅ​រៀន​មិន​ដែល​ខកខាន​មួយ​ថ្ងៃ​ណា​ឡើយ លើកលែងតែ​ថ្ងៃ​បុណ្យ​ជាតិ​ដែល​តម្រូវ​ឱ្យ​ឈប់​ទើប​នាង​ឈប់ ។ បើ​តាម​ការ​អះអាង​របស់​លោកគ្រូ អ្នកគ្រូ ប្រចាំ​សាលា គឺ​គ្រប់ពេល​ទៅ​រៀន​នាង​តែង​ត្រងត្រាប់​ស្តាប់​គ្រូ​យ៉ាង​យក ចិត្តទុកដាក់​បំផុត ជា​ពិសេស​ជាង​នេះ​ទៀត គឺ​នៅ​ពេលទំនេរ​នាង​តែង​ទៅ​ឈរ​លបមើល​នៅ​មាត់​បង្អួច​ថ្នាក់​ផ្សេង​ៗ ដែល​គេ​រៀន​ខ្ពស់​ជាង ហើយ​បាន​កត់ត្រា​យក​លំ​ហាត់​នោះ​មក​សួរ​គ្រូ​ប្រចាំ​ថ្នាក់​របស់​នាង​គ្រប់ពេល ។ ការ​ដែល​នាង​ចេះ​តែ​ទៅ​ឈរ​មើល​ថ្នាក់​កុមារ​ផ្សេង​ៗ​រៀន នៅ​សាលា​បឋម​សិក្សា​ជាមួយ​គ្នា​មិន​ដែល​ខាន រហូត​ដល់​នាង​តូច​អាច​អាន​អក្សរ​និង​ធ្វើ​លំ​ហាត់​នៅ​ថ្នាក់បឋមសិក្សា​ថ្នាក់​ទី​១+​ទី​២​និង​ទី​៣​បាន​យ៉ាង​ងាយ ស្រួល ។ អ្នកគ្រូ​និយាយ​ថា ពេល​ឃើញ​នាង​តូច​មាន​សមត្ថភាព​មិន​គួរ​ឱ្យ​ជឿ​បែប​នេះ ទើប​ខាង​គណៈ​គ្រប់ គ្រង​សាលា បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​ខាង​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ​ល​ទ្ឋ​ភាព​ឱ្យ​កុមារី​ដែល​ទើប​
មាន​អាយុ​៥​ឆ្នាំ​រូប​នេះ អាច​ចូល​រៀន​ថ្នាក់​ទី​៤​ចំណេះ​ទូទៅ បាន​ដូច​ក្មេង​ដ៏​ទៃ​ដែល​មាន​អាយុ​លើ​នាង​ពាក់កណ្តាល ។

បន្ទាប់​ពី​ពិនិត្យ​របាយការណ៍​របស់​សាលា​រួច​មក លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ ក៏​បាន​ចេញ​លិខិត​មួយ​ដោយ​យោង​តាម​របាយការណ៍​សាលា និង​មន្ទីរ​អប់រំ​គឺ​អនុញ្ញាត​ឱ្យ​កុមារី ប៊ី​ចាន់​ល​ក្ម្សី អាច​ចូល​រៀន​នៅ​ថ្នាក់​ទី​៤ ដូច​កុមារ​ដ៏​ទៃ​ទៀត​ដែល​មាន​អាយុ​១០​ឆ្នាំ​បាន ។ មានការ​និយាយ​ត​ៗ​គ្នា​ថា កុមារី​ខាងលើ​នេះ​មាន​ញាណ​ពិសេស​អ្វីមួយ​រក​មិន​ដូច​ទេ ដែល​អាច​ឱ្យ​នាង​មាន​សមត្ថភាព​ហួស​ពី​កុមារ​តូច​ៗ​ដទៃ​ទៀត ។ការ​ស្វែងរក​ជួប​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​វៃឆ្លាត​ខាងលើ​នេះ មិន​ទាន់​ជួប​នៅឡើយ​ទេ ខណៈ​ទទួល​ដំណឹង​នេះ​(​ថ្ងៃ​៣០ មេ​សា​)​ដោយ​បានដឹង​ថា​កុមារី ប៊ី​បាន់ លក្ស្មី ជា​កូនទោល​ក្នុង​គ្រួសារ​កសិករ​ដែល​មាន​ឪពុក​ឈ្មោះ ប៊ី​ទិ​ត្យ ថា​វង្ស និង​ម្តាយ​ឈ្មោះ ទៀក ស្រី​លក្ខ ។ លោកគ្រូ​ម៉ៅ ម៉ុ​ន ដែល​ជា​គ្រូ​ធ្លាប់​បង្រៀន​កុមារី ប៊ី​បាន់ លក្ស្មី និង​បច្ចុប្បន្ន​ ជានា​យក​វិទ្យាល័យ​ប​សេដ្ឋ​មាន​ប្រសាសន៍​ថា ទាំង​រូប​លោក​និង​គ្រូ​ដទៃ​ទៀត​នៅ​ក្នុង​សាលា​ពិតជា​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​គឺ​ឆ្ងល់​ត្រង់​ថា ក្មេង​ស្រី​រូប​នេះ​ពូកែ​អាន សរសេរ​ធ្វើ​លំ​ហាត់​បាន​ល្អ​ប្រសើរ​ជាង​ក្មេង​ដ៏​ទៃ​ឆ្ងាយ ព្រោះថា​ក្នុង​វ័យ​៥​ឆ្នាំ​ក្មេងដ៏​ទៃ​គ្រាន់តែ​រៀន​តាម​អក្សរ ដែល​គ្រូ​សរសេរ​ស្រះ ឬ​លេខ​ឱ្យ​សរសេរ​តាម​ប៉ុណ្ណោះ ហើយ​ខ្លះ​ក៏​សរសេរ​មិន​ត្រូវ​ថែម​ទៀត បែរជា​កុមារី​រូប​នេះ​ចេះ​សរសេរ ចេះ​អាន​រហូត​ទទួល​បាន​សិទ្ធិ​ចូល​រៀន​នៅ​ថ្នាក់​ទី​៤​តែ​ម្តង ពិតជា​កម្រ​នឹង​មាន​ណាស់ ។

នឹកឃើញ​កុមារ​ទេព​ម្នាក់​អាយុ​៧​ឆ្នាំ​នៅ​ខេត្តតាកែវគេ​នៅ​ចាំ​បាន​ថា កាលពី​ខែ​ក​កក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​កុមារ​វ័យឆ្លាត​ម្នាក់​ឈ្មោះ ហ៊ី​ទៀង គឹ​ម​ហុង ដែល​អាយុ​៧​ឆ្នាំ​ក៏​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ទូទៅ​ផង​ដែរ ចំពោះ​ការ​ឆ្លាត​វៃ​ប្រកបដោយ​ញាណ​ពិសេស ។ កុមារ​រូប​នេះ​រស់នៅ​ភូមិ​៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​បច្ចុប្បន្ន​បាន​នឹង​កំពុង​សិក្សា​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ដែល​ជា​គ្រឹះស្ថានសិក្សា​ឯកជន​មួយ​ឈានមុខ​នៅ​កម្ពុជា បាន​ជួយ​ឧបត្ថម្ភ​ឱ្យ​រូបគេ​បាន​សិក្សា និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ ។ឪពុក​កុមារ​វ័យឆ្លាត ហ៊ី​ទៀង គឹ​ម​ហុង បាន​មាន​ប្រសាសន៍​ថា ពេល​កូនប្រុស​របស់​ពួក​គាត់​ចាប់កំណើត​នៅ​ក្នុង​ផ្ទៃ​នោះ រូប​គាត់​ដែល​ជា​ម្តាយ​ពពោះ​មិន​បាន​យល់​សុបិន​ឃើញ​អ្វី​ទេ និង​មិន​មាន​ប្រផ្នូល​អ្វី​ទាំងអស់ រហូត​មក​ដល់​សព្វ​ថ្ងែ​នេះ​ពួក​គាត់​តែងតែ​លួច​សួរនាំ​កូន​ថា​«​កូន​ឯង​ពី​មុន​ជា​អ្នក​ណា និង​មកពីណា​» ប៉ុន្តែ​កូន​គាត់​មិន​និយាយ​អ្វី គឺ​គ្រាន់តែ​ប្រាប់​ថា​«​កូន​ចេះ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ផ្សេង​ទៀត​ធ្វើ​មិន​បាន​» ។

ហើយ​ពេល​ចាប់កំណើត​បាន​អាយុ​២​ឆ្នាំ​មក ពួក​គាត់​ដឹង​ថា កូន​ម្នាក់​នេះ​ដូច​ជា​ខុស​ប្លែក​ពី​ក្មេង​ដទៃ ព្រោះ​គេ​ចេះ​អាន​អក្សរ​ក្នុង​សៀវភៅ​បាន​យ៉ាង​ច្បាស់ តែ​ពួក​គាត់​ចេះ​តែ​លាក់​រហូត​មក ទើបតែ​នៅ​ថ្ងែ​ទី​១៣ កក្កដា គាត់​បញ្ចេញ​ភាព​អស្ចារ្យ​ពី​ការ​ធ្វើ​គណិត​វិទ្យា​ថ្នាក់​ទី​១២​ឱ្យ​គេ​បានដឹង​និង​ឃើញ រហូត​ដល់​សម្តេច​តេ​ជោ បានឱ្យ​លោក​ឧកញ៉ា ដួង តារា មក​ពិនិត្យ​និង​នាំ​កូន​គាត់​ទៅ​ជួប​សម្តេច​ដោយ​ផ្ទាល់​នៅ​ឯ​ភូមិ​គ្រឹះ ថែម​ទាំង​បាន​ផ្តល់​រហស្សនាម​ថា​«​ជា​ចៅ​ទេព​» និង​ជា​អ្នកប្រាជ្ញ​វ័យក្មេង​របស់​កម្ពុជា​ថែម​ទៀត​ផង ។ ឪពុក​ម្តាយ​កុមា​ទេព​បញ្ជាក់​ថា រាល់​ថ្ងែ​នេះ​កូនប្រុស​គាត់​បើ​លេង​អ្វីមួយ គឺ​គេ​មាន​គោលបំណង​លេងល្បែង​ផ្សេង​ៗ​ខុស​ពី​ក្មេង​ដទៃ​ទៀត ហើយ​គឹ​ម​ហុង តែងតែ​ហៅ​ពួក​គាត់​ឱ្យមក​រៀន​កំ​ព្យូ​ទ័​រ ដោយ​គេ​ជា​អ្នក​បង្រៀន​ទាំង​ភាសា​អង់គ្លេស ទាំង​ជំនាញ​ផ្សេង​ៗ​ទៀត ។ ពិសេស​អ្វី​ដែល​កូន​របស់​គាត់​ចេះ​នោះ គឺ​ពួក​គាត់​ជា​ឪពុក​ម្តាយ​អត់​ចេះ​ទាល់តែ​សោះ ហើយ​ពេល​នេះ​សម្តេច​តេ​ជោ​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គឹ​ម​ហុង ដោយ​ឱ្យ​លោក​ឧកញ៉ា​រក​សាលា​ណា​ដែល​សម​នឹង​គឹ​ម​ហុង​ចូល​រៀន បើ​ទោះបីជា​នៅ​ក្រៅប្រទេស​ក៏​ដោយ ៕

 

អត្ថបទសរសេរ ដោយ