ខេត្តព្រះសីហនុ ៖ ការគោរពគោលនយោបាយ៩ចំណុចស្តីពីភូមិឃុំមានសុវត្ថិភាព គឺជាយន្តការគន្លឹះនៃសន្តិភាព នេះបើយោងតាមសម្ដីលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០០គ្រួសារ ជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនមកពី៤សង្កាត់ (សង្កាត់លេខ១, ២, ៣, ៤) ។
លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលពាំនាំនូវការសាកសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារងាយរងគ្រោះ ដោយមិនប្រកាន់និន្នាកា ជាតិសាសន៍ ។
លោកក៏បានណែនាំប្រជាពលរដ្ឋចូលរួមគោរពគោលនយោបាយ៩ចំណុច ស្តីអីភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងបានសំណូមពរប្រជាពលរដ្ឋស្រឡាញ់ និងថែរក្សាសន្តិភាពដែលយើងមានសព្វថ្ងៃនេះ ។ កាលណាមានសន្តិភាពធ្វើឲ្យយើងមានជីវភាពកាន់តែប្រសើរ មានផ្លូវ មានសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនានា មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសពិសេសខេត្តព្រះសីហនុ ។ លោក យន្ត មីន ថ្លែងអំណរគុណចំពោះក្រុមហ៊ុនកោះពស់ (ខេមបូឌា) អិន វេសមែន អ៊ិលធីឌី បានជួយសហការណ៍រួមចំណែកជួយកិច្ចការសង្គមក្នុងខេត្តព្រះសីហនុ ជាពិសេសបានឧបត្ថម្ភអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេលនេះ ៕
ចែករំលែកព័តមាននេះ