ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ៖ នៅវេលាម៉ោង១២និង២០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១២៥-១២៦ ក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

អ្នកបើកឈ្មោះ កែវ ផល្លី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ រត់តាក់ស៊ី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AO-4503 មានទីលំនៅ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ដែលដឹកជនជាតិចិនម្នាក់ មានទិសដៅពី ភ្នំពេញមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានវ៉ាជែងចូលចំណែកផ្លូវម្ខាងទៀត បានកៀររថយន្តដឹកកុងតឺន័រមួយគ្រឿងលេខ 3A-0486 ហើយទៅបុករថយន្តដឹកកុងតឺន័រលេខ 3B-4172 បញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង ។

តាមសេចក្តីរាយការណ៍បន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់អ្នកជិះរថយន្តហាយឡែនឌឺចំនួន២នាក់ ទី១-ឈ្មោះ កែវ ផល្លី អ្នកបើកបររថយន្ត ។ ទី២- ឈ្មោះAn yan ជនជាតិចិន អាយុ២៦ឆ្នាំ ។ រថយន្តទាំងពីរ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា កំពុងចាត់ចែងស្ទូចចេញ យកមករក្សាទុកនៅអធិការដ្ឋាន ៕

ចែករំលែកព័តមាននេះ