ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នក​ភូមិ​មួយ​នៅ​ភ្នំពេញ ​ត្បាញ​បង្គី​​ពី​ដូនតា (មាន​វីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គី​គឺជា​វត្ថុ​ប្រើប្រាស់​ចាំបាច់​នៅ​ជនបទ ។ បច្ចុប្បន្ន​អ្នក​ចាប់​យកមុខ​របរ​ផលិត​បង្គី​លក់​ហាក់​នៅ​មាន​ចំនួន​តិចតួច ​ព្រោះ​វា​មាន​តម្លៃ​ថោក និង​ចំណាយពេល​ច្រើន​ក្នុង​ការ​ស្វែងរក​វត្ថុធាតុដើម​សម្រាប់​ផលិត ។ ពេល​បាន​វត្ថុធាតុដើម​មក​ហើយ​ត្រូវ​ចំណាយពេល​ត្បាញ​យូរ​ក្រែល​ទៀត ។…

រាជធានី​ភ្នំពេញ ៖ បង្គី​គឺជា​វត្ថុ​ប្រើប្រាស់​ចាំបាច់​នៅ​ជនបទ ។ បច្ចុប្បន្ន​អ្នក​ចាប់​យកមុខ​របរ​ផលិត​បង្គី​លក់​ហាក់​នៅ​មាន​ចំនួន​តិចតួច ​ព្រោះ​វា​មាន​តម្លៃ​ថោក និង​ចំណាយពេល​ច្រើន​ក្នុង​ការ​ស្វែងរក​វត្ថុធាតុដើម​សម្រាប់​ផលិត ។ ពេល​បាន​វត្ថុធាតុដើម​មក​ហើយ​ត្រូវ​ចំណាយពេល​ត្បាញ​យូរ​ក្រែល​ទៀត ។

ទាក់ទិន​នឹង​ការ​ផលិត​បង្គី មាន​ភូមិ​មួ​​យ​ឈ្មោះ​ភូមិ​កន្លែង​គល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្រៅពី​មុខរបរ​ធ្វើស្រែ​វស្សា​និង​ឡើងត្នោត អ្នក​ភូមិ​នេះ​ចាប់​យកមុខ​របរ​ត្បាញ​បង្គី​លក់​ជា​អាជីព​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ មុខរបរ​មួយ​នេះ​មាន​ច្រើន​តំណ​មក​ហើយ​តាំងពី​ដូនតា​ពួក​គាត់​មក​ម៉្លេះ ។

ស្ត្រី​ឈ្មោះ​រស់ ស្រី​មុំ អាយុ​៤៨​ឆ្នាំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​គាត់​មាន​ប្ដី និង​កូន​ចំនួន​៤​នាក់ ។ ប្ដី​គាត់​ធ្វើ​កម្មករ​សំណង់ ចំណែក​គាត់​តាំងពី​ដឹងក្ដី​មក​ចាប់​យកមុខ​របរ​ធ្វើស្រែ​និង​ត្បាញ​បង្គី​លក់​រហូត​មក ។ ចំណែក​អ្នក​ភូមិ​របស់​គាត់​ភាគច្រើន​ក៏​មានមុខ​របរ​ត្បាញ​បង្គី​លក់​ដូច​រូប​គាត់​ដែរ ថ្វី​ដ្បិតតែ​មុខរបរ​នេះ​រក​ប្រាក់​មិនសូវ​បាន​ច្រើន​ក្ដី ប៉ុន្តែ​វា​ជា​មុខ​របរ​មួយ​មិន​ចំណាយ​ដើមទុន​ច្រើន​ឡើយ ចំណាយ​តែ​កម្លាំង​ពលកម្ម និង​ពេលវេលា​ប៉ុណ្ណោះ ។ បង្គី​ផលិត​ពី​វល្លិ​រពាក់ ឆ្អឹង​របស់​វា​ធ្វើ​ពី​ដើម​ក្រវាន់​, ដើម​ស្នាយ ឬ​ដើម​ត្របែក​ជាដើម ។ កាលពីមុន​នៅ​ជិត​ភូមិ​របស់​គាត់​មិន​ខ្វះ​ទេ​រុក្ខជាតិ​ទាំ​នេះ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​គាត់ និង​អ្នក​ភូមិ​កាប់​យក​មក​ត្បាញ​បង្គី ដោយ​មិន​ចាំបាច់​ចំណាយ​ដើម​ទុន​អ្វី​ឡើយ ។

អ្នកស្រី​រស់ ស្រី​មុំ និយាយ​ថា​៖ «​ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ពួក​ខ្ញុំ​ហាក់​ជួប​ការ​លំបាក​ខ្លះ​ៗ​ក្នុង​ការ​ស្វែងរក​វល្លិ​រពាក់ ហើយ​ក៏​ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​ក្នុង​ធ្វើ​ដំណើរ​ទៅ​រក​វា​ផង​ដែរ ព្រោះ​សព្វ​ថ្ងៃនេះ​នៅ​ជិត​ភូមិ​ពួក​ខ្ញុំ​ត្រូវ​បាន​គេ​ដុត​ព្រៃ និង​ឈូស​ឆាយដី​រពាក់ វែង​ៗ​និង ចាស់​ៗ​អស់ នៅ​សល់​តែ​ដើម​ទើប​ដុះ​ក្រោយ ដូច្នេះ​វា​នៅ​ខ្លី ហើយ​ខ្ចី​ទៀត​ផង ហេតុនេះ​​ទើប​ពួក​ខ្ញុំ​ត្រូវ​ចេញ​ទៅ​រក​រពាក់​នៅ​ទី​ឆ្ងាយ​តាម​រយៈ​ការ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​។ ដូច្នេះ ម្នាក់​ៗ​ត្រូវ​ចំណាយ​ក្នុង​១​ថ្ងៃ​៥០០០​រៀល​ក្នុង​ការ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​នោះ​» ។

ដើម​រពាក់​ខ្លី​លំបាក​ត្បាញ​នាំ​ឲ្យ​មានការ​យឺតយ៉ាវ និង​ខាត​ពេល​វា​លា ។ ដើម​រពាក់​តែ​កាលណា​ខ្លី គឺ​បាន​ន័យ​ថា​វា​នៅ​ខ្ចី គុណភាព​មិនសូវ​ជាប់​ល្អ អាច​ប្រើប្រាស់​បាន​យូរ​ឡើយ​។ ដូច្នេះ​ទើប​អ្នក​ភូមិ​ភាគច្រើន​បាន​ជួល​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ជិះ​រួម​គ្នា​ទៅ​កាប់ (អ្នកស្រុក​ទម្លាប់​ហៅ​បោច​) រពាក់​នៅ​ខេត្តកំពង់ស្ពឺ​ចម្ងាយ​ពី​ភូមិ​កន្លែង​គល់​ប្រហែល​ជាង​២០​គីឡូម៉ែត្រ​។ អ្នក​ភូមិ​កាប់​១​ថ្ងែ​អាច​ត្បាញ​បង្គី​បាន​ត្រឹមតែ​២ ឬ​៣​សម្រាប់​ប៉ុណ្ណោះ ។

ក្រោយ​ពេល​បាន​វល្លិ​រពាក់​ហើយ អង្គុយ​ត្បាញ​ក្នុង​បង្គី​១​សម្រាប់​ជាង​២​ម៉ោង ។ អ្នកស្រី​រស់ ស្រី​មុំ ថា ប្រសិនបើ​ជាប់រវល់​ដាំបាយ ស្ល ឬ​ធ្វើ​នេះ​ធ្វើ​នោះ​ផង​១​ថ្ងៃ​បាន​ត្រឹមតែ​បង្គី​២ ឬ​៣​សម្រាប់​ប៉ុណ្ណោះ​។ ចំពោះ​តម្លៃ​លក់​ចេញ​វិញ​ក្នុង​បង្គី​១​សម្រាប់​ថ្លៃ​៦.៥០០​រៀល ផាត់​ទូទាត់​ទៅ​លើ​ថ្លៃ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ទៅ​បោចវល្លិ​រពាក់​នោះ គឺ​អស់​បង្គី​១​សម្រាប់​ទៅ​ហើយ ។

អ្នកស្រី​រស់ ស្រី​មុំ និយាយ​ថា «​ទោះជា​បែប​ណា​គាត់​ក៏​ដូច​ជា​អ្នក​ភូមិ​ទាំងអស់​គ្នា​មិន​បោះបង់​ចោល​នូវ​មុខរបរ​មួយ​នេះ​ជា​ដាច់ខាត​ព្រោះ​វា​ជា​មុខរបរ និង​ជា​ស្នាដៃ​ដែល​បន្សល់​ទុក​តាំងពី​ដូនតា​រៀង​មក ម្យ៉ាង​ពួក​គាត់​មិនដឹង​ថា​ត្រូវ​រក​អ្វី​ក្រៅពី​មុខរបរ​មួយ​នេះ​ឡើយ »​។

ស្ត្រី​ម្នាក់​ទៀត​មាន​ជីវភាព​ក្រីក្រ​ឈ្មោះ​ស៊ី​ម សា​ខន អាយុ​៤៣​ឆ្នាំ ប្ដី​ស្លាប់​ចោល​រយៈពេល​៥​ឆ្នាំ​មក​ហើយ រស់នៅ​ជាមួយ​កូនប្រុស​៣​នាក់ និង​កូនស្រី​ម្នាក់ ឲ្យ​ដឹង​ថា​បង្គី​ដែល​គាត់​ត្បាញ​រួច​មិន​ដែល​សល់​ទេ ត្រូវ​ម៉ូយ​ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ប្រមូល​ទិញ​យក​ទៅ​លក់​បន្ត​ទៀត​គ្មាន​សល់​ឡើយ​។ គ្រួសារ​អ្នក​ភូមិ​ទូទៅ​ដែល​ចាប់​យក​របរ​ត្បាញ​បង្គី​ដែរ មាន​ជីវភាព​គ្រាន់បើ​ជាង​គាត់ ព្រោះ​គេ​មាន​ស្វាមី​ជួយ​រកស៊ី​ផ្គួប​គ្នា ចំណែក​រូប​គាត់​វិញ​រកតែ​ម្នាក់ឯង​ចិញ្ចឹម​កូន ។ គ្រួសារ​គាត់​រស់នៅ​ក្នុង​ខ្ទម​តូច​មួយ​ធ្លុះ​មុខ​ធ្លុះ​ក្រោយ ។ ចំពោះ កូន​ៗ​របស់​គាត់​មិន​បាន​ចូល​សាលារៀន​ទេ ព្រោះតែ​គាត់​គ្មាន​លទ្ធភាព​ឲ្យ​ពួក​គេ​ទៅ​សាលា។

មុខរបរ​ត្បាញ​បង្គី​លក់​នេះ​អ្នកស្រី​ស៊ី​ម សា​ខន ឲ្យ​ដឹង​ថា​កម្រៃ​ដែល​ទទួល​បាន​ទិញ​អង្ករ​ហូប​មិន​គ្រប់​ផង គឺ​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក ជួនកាល​ដោយសារ​ខ្វះខាត​ខ្លាំង​ពេក​គាត់​ខ្ចី​លុយ​ម៉ូយ​ដែល​ជា​អ្នក​ប្រមូល​ទិញ​បង្គី​ចាយ​មុន រួច​ទើប​ធ្វើ​បង្គី​សង​គេ​វិញ​តាម​ក្រោយ ។ «​ដើម្បី​ក្រពះ​ខ្ញុំ​បាន​តស៊ូ​ទៅ​លើ​មុខរបរ​មួយ​នេះ ព្រោះ​គ្មាន​ដី​សម្រាប់​បង្ក​បង្កើន​​ផល​ដូច​អ្នក​ភូមិ​ឡើយ​សូ​ម្បី​តែ​ដី​ផ្ទះ​ក៏​គ្មាន​ដែរ សព្វថ្ងៃ​បាន​គេ​ឲ្យ​រស់នៅ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ រីឯ កូន​ៗ​របស់ខ្ញុំ​បាន​ទារ​ឲ្យ​គាត់​ទិញ​កង់​ឲ្យ​ជិះ តែ​ខ្ញុំ​គ្មាន​លុយ​ទិញ​ឲ្យ​ពួក​គេ​ឡើយ ពិតជា​ពិបាកចិត្ត​ខ្លាំង​ណាស់ »​។

ស្ត្រី​ម្នាក់​ជា​កូន​បុរស​ជា​អ្នក​ប្រមូល​ទិញ​បង្គី​លក់​និយាយ​ថា ឪពុក​របស់​នាង​ប្រមូល​ទិញ​បង្គី​នៅ​តាម​ផ្ទះ​អ្នក​ភូមិ ក្នុង​១​សម្រាប់​ថ្លៃ​ពី​៧.០០០​រៀល​ទៅ​៧.៥០០​រៀល ។ បន្ទាប់​ពី​ប្រមូល​ទិញ​បាន​ច្រើន​ហើយ ដឹក​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​យក​ទៅ​លក់​បោះ​ដុំ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ស្ពឺ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។ បង្គី​១​សម្រាប់​លក់​ចេញថ្លៃ​១​ម៉ឺន​រៀល ចំណេញ​ពី​២.៥០០​រៀល​ទៅ​៣​ពាន់​រៀល​តាម​ខ្នាត​បង្គី​ធំ ឬ​តូច​។ ចំណែក​ម៉ូយ​ដែល​ទិញ​បន្ត​ពី​ឪពុក​របស់​នាង​លក់​ចេញ​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ក្នុង​១​សម្រាប់​តម្លៃ​ពី​១២.០០០​រៀល​ទៅ​១៣.០០០​រៀល ។

ប្រភព​ដដែល​បន្ត​ថា​ក្រៅពី​ប្រមូល​ទិញ​បង្គី​ពី​អ្នក​ភូមិ​នោះ នាង និង​ឪពុក​នាង​ក៏​ត្បាញ​បង្គី​លក់ខ្លួន​ដោយ​ឯង​ផង​ដែរ ។

បុរស​ម្នាក់​មិន​ប្រាប់​អត្តសញ្ញាណ​និយាយ​ថា អ្នក​ភូមិ​របស់​គាត់​សុទ្ធតែ​ចេះ​ត្បាញ​បង្គី​លក់​​ស្ទើរ​គ្រប់​គ្នា ហើយ​មុខរបរ​នេះ​មិនមែន​ទើបតែ​ប្រកប​នៅ​ពេល​នេះ ឬ​ចេះ​ត្រឹម​ជំនាន់​ពួក​គាត់​នេះ​ទេ គឺ​ត​ពី​ដូនតា ។ គ្រួសារ​គាត់​មាន​គ្នា​ច្រើន ដូច្នេះ​អាច​ផលិត​បង្គី​ក្នុង​១​ថ្ងៃ​បាន​ច្រើន និង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ជាង​អ្នក​ផ្សេង​ទៀត ។ មុខរបរ​នេះ​គ្រួសារ​គាត់​មិន​អាច​បោះបង់​វា​ចោល​ឡើយ មាន​តែ​ពង្រីក​ថែម​ទៀត ។

បុរស​នោះ​អំពាវនាវ​ដល់​មហាជន​ជួយ​ទិញ​បង្គី​ប្រើប្រាស់​ព្រោះ​វា​ជា​វត្ថុ​បែប​ប្រពៃណី និង​ជា​ការ​រួមចំណែក​លើក​ស្ទួយ​ជីវភាព​កសិករ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ