ខេត្តកំពង់ស្ពឺ ៖ ដោយការខិតខំយកចិត្តទុកដាក់នឹងការសិក្សាគួបផ្សំនឹងញាណពិសេសរបស់នាងផង ទើបធ្វើឱ្យអ្នកគ្រូ លោកគ្រូនៅសាលាបឋមសិក្សាតានួន ធ្វើរបាយការណ៍បញ្ជូនទៅក្រសួងអប់រំរាយការណ៍អំពីសមត្ថភាពដ៏ពិសេសរបស់នាង រហូតដល់លោករដ្ឋមន្ត្រីទទួលស្គាល់ និងយល់ស្របផងដែរ។ នាងត្រូវបានអ្នកគ្រូ លោកគ្រូដាក់រហស្សនាមថា «ជាកុមារទេពទៀតផង» គឺដោយសារតែនាងមានសមត្ថភាពលើសពីក្មេងដទៃដែលមានអាយុស្មើនាង។
កុមារីខាងលើឈ្មោះ ប៊ី បាន់លក្ម្សី អាយុ៥ឆ្នាំ មានឱពុកម្តាយជាកសិករ រស់នៅភូមិព្រៃឃ្លៃ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យចូលថ្នាក់ទី៤ ជាមួយកុមារផ្សេងៗទៀតដែលមានអាយុ១០ឆ្នាំ។
តាមការឲ្យដឹងពីអ្នកជិតខាងថា កុមារីខាងលើពេលអាយុ៣ឆ្នាំឱពុកម្តាយនាងយកទៅចុះឈ្មោះចូលរៀននៅសាលាមតេយ្យ ពេលសិក្សានៅសាលាមតេយ្យដូចក្មេងដទៃទៀតដែរ គឺនាងទៅរៀនមិនដែលខកខានមួយថ្ងៃណាឡើយ លើកលែងតែថ្ងៃបុណ្យជាតិដែលតម្រូវឱ្យឈប់ទើបនាងឈប់។

បើតាមការអះអាងរបស់លោកគ្រូអ្នកគ្រូប្រចាំសាលាថា គ្រប់ពេលទៅរៀននាងតែងស្តាប់គ្រូយ៉ាងយកចិត្តទុក ជាពិសេសជាងនេះគឺពេលទំនេរនាងតែងទៅឈរនៅមាត់បង្អួចថ្នាក់ផ្សេងៗដែលខ្ពស់ជាងនាង ហើយកត់ត្រាយកលំហាត់មកសួរគ្រូប្រចាំថ្នាក់គ្រប់ពេល។ ការដែលនាងចេះតែទៅលបមើលថ្នាក់កុមារផ្សេងៗមិនដែលខានរហូតធ្វើឱ្យនាងអាចអានអក្សរ និងធ្វើលំហាត់នៅថ្នាក់បឋមសិក្សាទី១ ទី២ និងទី៣បានយ៉ាងងាយស្រួល។ ដោយឃើញនាងមានសមត្ថភាពបែបនេះ ទើបខាងគណៈគ្រប់គ្រងធ្វើរបាយការណ៍ដាក់ជូនក្រសួងអប់រំ ដើម្បីពិនិត្យលទ្ធភាពឱ្យកុមារី ទើបកុមារីរូបនេះអាចចូលរៀនថ្នាក់ទី៤ចំណេះទូទៅបាន ។
បន្ទាប់ពីពិនិត្យរបាយការណ៍រួចមកលោករដ្ឋមន្ត្រីក្រសួងអប់រំក៏បានចេញលិខិតមួយដោយយោងតាមរបាយការណ៍សាលា និងមន្ទីរអប់រំ គឺអនុញាតិឱ្យកុមារី ប៊ី បាន់លក្ម្សី អាចចូលរៀននៅថ្នាក់ទី៤ដូចកុមារដែលមានអាយុ១០ឆ្នាំដទៃទៀត។
មានការនិយាយតៗគ្នាថា កុមារីខាងលើនេះប្រហែលនាងមានញាណពិសេសអ្វីមួយ ដែលអាចឲ្យនាងមានសមត្ថភាពអាចយល់ដឹងលើមុខវិជ្ជាសិក្សាថ្នាក់ទី៤ចំណេះទូទៅបានបែប៕

ចែករំលែកព័តមាននេះ