ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​រៀបចំ​បទប្បញ្ញត្តិ​សម្រាប់​វិស្វករបរទេស​មក​បម្រើ​ការនៅ​ក្នុង​ប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​វិស្វករ​កម្ពុជា នឹង​បង្កើត​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​សម្រាប់​គ្រប់គ្រង​វិស្វករ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​គុណភាព​សំណង់ ។ ជាមួយ​គ្នា​នេះ គណៈ​វិស្វករ​កម្ពុជា​បាន​អំពាវនាវ​ដល់​វិស្វករ​ដែល​មិន​ទាន់​ចុះបញ្ជី​ទាំងអស់ ត្រូវ​រួសរាន់​មក​ចុះបញ្ជី​ជាមួយ​គណៈ​វិស្វករ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ គណៈ​វិស្វករ​កម្ពុជា នឹង​បង្កើត​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​សម្រាប់​គ្រប់គ្រង​វិស្វករ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​គុណភាព​សំណង់ ។ ជាមួយ​គ្នា​នេះ គណៈ​វិស្វករ​កម្ពុជា​បាន​អំពាវនាវ​ដល់​វិស្វករ​ដែល​មិន​ទាន់​ចុះបញ្ជី​ទាំងអស់ ត្រូវ​រួសរាន់​មក​ចុះបញ្ជី​ជាមួយ​គណៈ​វិស្វករ​កម្ពុជា ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈ​វិស្វករ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី អ៊ិត សំ​ហេង បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកាស​បិទ​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ របស់​គណៈ​វិស្វករ​កម្ពុជា ក្នុង​អាណត្តិ​ទី​២ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ មេ​សា នៅ​ទីស្ដីការក្រសួង​ការងារ​ថា គណៈ​វិស្វករ​កម្ពុជា​នឹង​រៀបចំ​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​ទៀត​សម្រាប់​វិស្វករ​បរទេស​ដែល​បម្រើ​ការ​នៅ​កម្ពុជា ។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​វិស្វករ​ខ្មែរ និង​វិស្វករ​បរទេស​ទាំងអស់ ដែល​បម្រើ​ការ​នៅ​កម្ពុជា និង​មិន​ទាន់​មក​ចុះបញ្ជី គប្បី​រួសរាន់​មក​ចុះបញ្ជី​ជាមួយ​គណៈ​វិស្វករ​កម្ពុជា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ។

លោក​ថា មុន​នឹង​គណៈ​វិស្វករ​កម្ពុជា​ទទួល​ចុះបញ្ជី វិស្វករ​នីមួយ​ៗ​ត្រូវ​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ និង​វាយតម្លៃ​ផ្នែក​គុណ​វ​ឌ្ឍិ ប្រកបដោយ​ភាព​ប្រាកដប្រជា​ពី​សំណាក់​គណៈ​កម្ម​ការ​ជំនាញ​មួយ​របស់​គណៈ​វិស្វករ​កម្ពុជា ។ ដូច្នេះ នៅ​ពេល​ទទួល​បានការ​ចុះបញ្ជី​ហើយ សាមី​វិស្វករ​នឹង​ទទួល​បានការ​ទទួលស្គាល់​ជា​សាធារណៈ​ថា ខ្លួន​ពិតជា​មាន​ជំនាញ​ពិត​ប្រាកដ​ច្បាស់លាស់ និង​មានឱកាស​ការងារ​ច្រើន ។

គិត​ត្រឹម​ឆ្នាំ​២០១៧ វិស្វករ​ខ្មែរ និង​បរទេស ដែល​បាន​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា មាន​ចំនួន​ជាង​៣​ពាន់​នាក់ ក្នុង​នោះ​វិស្វករ​បរទេស ដែល​បាន​ចុះបញ្ជី​មាន​តែ​១៤​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​តាម​ការដ្ឋាន​សំណង់​ខ្ពស់​ៗ​មួយ​ចំនួន គេ​សង្កេត​ឃើញ​វិស្វករ​បរទេស​មាន​ចំនួន​ច្រើន ។

ទោះបី​យ៉ាងណា លោក​រដ្ឋមន្ត្រី​ពន្យល់​ថា បញ្ហា​ប្រឈម​ថ្មី​សម្រាប់​គណៈ​វិស្វករ​កម្ពុជា​សព្វថ្ងៃ ដោយសារ​តែ​វិស្វករ​បរទេស​មួយ​ចំនួន ដែល​ចូល​មក​បម្រើ​ការងារ​នៅ​កម្ពុជា​ហើយ ក៏​ឆាប់​ចេញ​ទៅ​បរទេស​វិញ​លឿន ហើយ​ម្យ៉ាងទៀត ការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ឲ្យ​ពួក​គេ​មក​ចុះបញ្ជី​នោះ ក៏​មិន​ទាន់​ទូលំទូលាយ​ដែរ ។

ទោះ​យ៉ាងនេះ​ក្ដី លោក​បាន​បង្ហាញ​ដំណោះស្រាយ​ថា គណៈ​វិស្វករ​កម្ពុជា​បាន​ពិភាក្សា​លើ​ការ​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ថែម ដើម្បី​នាំ​ដំណឹង​នេះ​ទៅ​ដល់​បណ្ដា​វិស្វករ​ទាំ​ងឡាយ ដែល​មិន​ទាន់​មក​ចុះបញ្ជី​ជាមួយ​គណៈ​វិស្វករ​កម្ពុជា ។ ក្រៅពី​នេះ គណៈ​វិស្វករ​កម្ពុជា​នឹង​រៀបចំ​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​ទៀត​សម្រាប់​វិស្វករ​បរទេស​ដែល​ចង់​បម្រើ​ការ​ងារ​​នៅ​កម្ពុជា ពោល​គឺ​ពួក​គេ​ត្រូវ​បំពេញបែបបទ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​គ្រឹះស្ថាន​នានា​ទទួល​ពួក​គេ​ឲ្យ​ចូល​ធ្វើការ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​គុណភាព​នៃ​ការដ្ឋាន​សំណង់​នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី ក៏​មាន​គោលបំណង​ចង់​ឲ្យ​វិស្វករ​ខ្មែរ​ជំនាន់​ថ្មី​នេះ​បង្ហាញ​ស្នាដៃ​ឲ្យ​លេច​ធ្លោ​ណាមួយ ដើម្បី​ទទួល​បាន​កិត្តិនាម​ល្បីល្បាញ​ដូច​វិស្វករ​ខ្មែរ​ជំនាន់​ចាស់ ដូច​ជា​លោក​តា វណ្ណ មូលី​វណ្ណ ជាដើម ទោះបី​លោក​ទទួលមរណភាព​ក្ដី ដោយ​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ច្រើន​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ