ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីធ្លី​តំបន់​មាត់សមុទ្រ​នៅ​តែ​មាន​សញ្ញា​ល្អ ខណៈ​វិនិយោគិន​បរទេស​កំពុង​បេតី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គេ​ឃើញ​ថា​ភាគ​ច្រើន​​សំដៅ​តែ​នៅ​រាជធានី​ភ្នំពេញ ទាំង​ការ​សាងសង់​អគារ​ខុន​ដូ សណ្ឋាគារ ការិយា​ល័យ និង​សំណង់​លំនៅ​ឋាន ជាដើម ។…

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គេ​ឃើញ​ថា​ភាគ​ច្រើន​​សំដៅ​តែ​នៅ​រាជធានី​ភ្នំពេញ ទាំង​ការ​សាងសង់​អគារ​ខុន​ដូ សណ្ឋាគារ ការិយា​ល័យ និង​សំណង់​លំនៅ​ឋាន ជាដើម ។ ក៏​ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ​វិស័យ​ស្នូល​មួយ​នេះ បាន​ងាក​ចេញ​ទៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​មួយ​ចំនួន​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

សម្រាប់​អចលនទ្រព្យ ជា​ពិសេស​វិស័យ​ដីធ្លី នៅ​តំបន់​ខេត្ត​ជាប់មាត់​សមុទ្រ គេ​ឃើញ​ថា មាន​ខេត្ត​ពីរ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​សម្រាប់​អភិវឌ្ឍន៍ ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ​អាច​ថា ជា​ខេត្ត​មាត់សមុទ្រ​ជាប់​លេខ​១ និង​តាម​ប្រកៀក​ប្រកិត​ដោយ​ខេត្តកំពត ស្រប​ពេល​មាន​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​ជា​ច្រើន​កំពុង​ចែចង់​សម្រាប់​អភិវឌ្ឍន៍​គម្រោង​នានា ។

បើ​សង្កេត​មើល​វិស័យ​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​បច្ចុប្បន្ន​នេះ ទាំង​ការ​ជួល និង​ការ​ទិញ​-​លក់ ហាក់​មាន​សកម្មភាព​ផុសផុល​យ៉ាង​ខ្លាំង ហើយ​តម្លៃ​វិញ ក៏​មិន​ចាញ់​តំបន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ។ ជាក់ស្ដែង តម្លៃ​ដីធ្លី​ដែល​នៅ​ជិត​មាត់សមុទ្រ កំពុង​ត្រូវ​ប៉ាន់​សម្រាប់​ជួល ឬ​លក់​ទៅ​ឲ្យ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ដើម្បី​អភិវឌ្ឍន៍​ជា​កន្លែង​​លំហែកាយ​ផ្សេង​ៗ ។ អ្វី​ដែល​ពិសេស​នោះ ខេត្ត​ព្រះ​សីហ​នុ​មិន​ត្រឹមតែ​ជា​ខេត្ត​ទេស​ចរណ៍​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ខេត្ត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទំនិញ​សំខាន់​ៗ​ក៏​ត្រូវ​បាន​ឆ្លងកាត់​តាម​ខេត្ត​នេះ​ដែរ។

តាម​ការ​លើក​ឡើង​របស់​វិនិយោគិន​ចិន​មួយ​រូប ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​ប្រធានាធិ​បតី​ចិន ស៊ី ជី​ន​ពីង មក​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុម​វិនិយោគិន​ដែល​បាន​មក​ដល់​កម្ពុជា ជាមួយ​ក្រុម​លោក នឹង​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​ទៅ​មុខជា​បន្តបន្ទាប់​ទាំង​អចលនទ្រព្យ និង​ទេសចរណ៍ ។

លោក​ថា ៖« មិនយូរ​ទៀត​ទេ ក្រុម​យើង​នឹង​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​រីក​ចម្រើន​ដូច​ជាទី​ក្រុង​របស់​ប្រទេស​ចិន​អីចឹង​ដែរ ពីព្រោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន វា​បាន​កើត​ឡើង​តាំងពី​យូរ​មក​ហើយ មិនមែន​ទើបតែ​ថ្មី​ៗ​នេះ​ទេ » ។

លោក​បន្ត​ថា ពេល​នេះ លោក​មាន​គម្រោង​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​គម្រោង​ទាំងនោះ​ក៏​មានការ​យល់ព្រម​ពី​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​រួច​ហើយ​ដែរ ។ ដូចនេះ មិនយូរ​ទេ គម្រោង​របស់​លោក​នឹង​លេច​រូបរាង​នៅ​ក្នុង​ទឹកដី​មាត់សមុទ្រ​មួយ​នេះ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​មួយ​នេះ​បាន​បញ្ជាក់​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហ​នុ មាន​ក្រុមហ៊ុន​វិនិយោគ​ជាតិ និង​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​បាន​និង​កំពុង​វិនិយោគ និង​បណ្ដាក់ទុន​រកស៊ី​លើ​វិស័យ​សំណង់ កសិកម្ម រោង​ចក្រ សិប្បកម្ម​កែ​ច្នៃ ផលិតផល​សម្រេច និង​ពាក់កណ្ដាល​សម្រេច រោងចក្រ​កាត់ដេរ ឧស្សាហកម្ម ទេសចរណ៍ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ។

របាយការណ៍​ដដែល​បង្ហាញ​ថា ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំ​ៗ​ចំនួន​៣ រួម​មាន តំបន់​​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, តំបន់​សេដ្ឋកិច្ច​អ៊ែ​ត​វូ​ត ស្រុក​ស្ទឹង​ហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

ចំណែក​សកម្មភាព​ទិញ​-​លក់​ដីធ្លី ដើម្បី​វិនិយោគ​លើ​គម្រោង​នានា​ក្នុង​ខេត្តកំពត​វិញ ក៏​មិន​ស្ងប់ស្ងាត់​ដែរ ។ បច្ចុប្បន្ន​នេះ មាន​ទាំង​អ្នក​វិនិយោគ​មក​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស​កំពុង​ចាប់អារម្មណ៍​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដោយសារ​តែ​ខេត្ត​នេះ​មាន​សក្ដានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ ហើយ​វា​ក៏​ជា​ខេត្ត​នៅ​ជាប់​នឹង​ខេត្ត​ព្រះ​សីហ​នុ​ដែរ ។

លោក សុខ គែន ភ្នាក់ងារ​អចលនវត្ថុ​មួយ​រូប​នៅ​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ការ​ទិញ​-​លក់​ដីធ្លី​ក្នុង​ខេត្ត​នេះ​នៅ​តែ​មាន​សកម្មភាព​ខ្លាំង​ដដែល ហើយ​វិនិយោគិន​ចិន​ក៏​បាន​មក​ខេត្តកំពត ដើម្បី​ស្វែងរក​ការ​វិនិយោគ​ផង​ដែរ ។

លោក​ថា ៖« បច្ចុប្បន្ន​នេះ នៅ​ខេត្តកំពត​ក៏​មាន​គម្រោង​វិនិយោគ​បុរី​ដូច​នៅ​ភ្នំពេញ​ដែរ ហើយ​តម្លៃ​វិញ​ក៏​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ជា​ពិសេស​តំបន់​នៅ​ជាប់មាត់​ព្រែក ព្រោះ​អ្នកលក់​មាន​តិច តែ​អ្នក​ស្វែងរក​ទិញ​មាន​ច្រើន ។ ដូចនេះ​ហើយ​កាលណា​តម្រូវការ​ច្រើន​ជាង​ការ​ផ្គត់ផ្គង់ នឹង​ធ្វើ​ឲ្យ​ឡើងថ្លៃ​ហើយ » ។

តាម​របាយការណ៍ និង​ការ​ព្យាករ​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ផង​ដែរ​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ចូលរួម​ចំណែក​កាន់តែ​ធំ​នៅ​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​នោះ​តម្រូវការ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​តំបន់​ជិតខាង បាន​ធ្វើ​ឲ្យ​វិស័យ​សំណង់​ស្ទុះ​ងើបឡើង​បន្ត​ទៀត ខណៈ​អគារ​ខ្ពស់​ៗ​បាន​បញ្ចប់​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ