ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព និង​តម្លៃ​ដីធ្លី​ជុំវិញ​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​រាជរដ្ឋាភិបាល​ប្រកាស​ពី​ទីតាំង​នៃ​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី ដែល​ស្ថិត​នៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​មក បាន​ធ្វើ​ឲ្យ​ការ​ទិញ​លក់​និង​តម្លៃ​ដីធ្លី​នៅ​ជុំវិញ​គម្រោង​នោះ មាន​សកម្មភាព​ផ្ទុះ​ឡើង​ខុស​ប្រក្រតី ។ ប៉ុន្តែ​បច្ចុប្បន្ន ទាំង​សកម្មភាព…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​រាជរដ្ឋាភិបាល​ប្រកាស​ពី​ទីតាំង​នៃ​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី ដែល​ស្ថិត​នៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​មក បាន​ធ្វើ​ឲ្យ​ការ​ទិញ​លក់​និង​តម្លៃ​ដីធ្លី​នៅ​ជុំវិញ​គម្រោង​នោះ មាន​សកម្មភាព​ផ្ទុះ​ឡើង​ខុស​ប្រក្រតី ។ ប៉ុន្តែ​បច្ចុប្បន្ន ទាំង​សកម្មភាព និង​តម្លៃ​ដី​ហាក់​នៅ​ទ្រឹង និង​មិន​មាន​សកម្មភាព​ទិញ​-​លក​ផុលផុស​ដូច​ពេល​មុន​ទេ ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្ដាល ។

លោក លឹ​ម ចាន់​សូ​ភី ប្រធាន​មន្ទីរ​រូប​នេះ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ម្សិលមិញ​ថា ៖« បន្ទាប់​ពី​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង​ច្បាស់លាស់ តម្លៃ​ដី​បាន​កើនឡើង​បន្តិច​ម្តង​ៗ​ដែល​ពី​មុន​តម្លៃ​ត្រឹមតែ​ី​៥​ដុល្លារ​ឬ​១០ បាន​កើន​ដល់​៣០ ឬ​៤០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ទៅ​តាម​ប្រភេទ​ទីកន្លែង​ជាក់ស្តែង ។

លោក​ថ្លែង​ថា ៖« ការ​ដែល​តម្លៃ​ដី​នៅ​តំបន់​នោះ​ឡើង វា​មិនមែន​ដោយសារ​តែ​មាន​គម្រោង​​ព្រ​លាន​យន្ដ​គ្រោង​សាងសង់​នៅ​ទីនោះ​ទេ តែ​វា​ស្រប​តាម​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​ទី​១-២ និង​ទី​៣ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​អភិវឌ្ឍន៍ ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​នៅ​ក្នុង​តំបន់​ឡើងថ្លៃ » ។

ទោះបី​យ៉ាងណា លោក​ប្រធាន​មន្ទីរ​គូសបញ្ជាក់​ថា ៖« បើ​គិត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ តម្លៃ​ហាក់​នៅ​នឹង ដោយសារ​វា​ឡើង​ដល់​កម្រិត​មួយ​មិន​អាច​ឡើងថ្លៃ​លើស​នេះ​ទៀត ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់ បាន​ប្រមូល​ទិញ​យក​ស្ទើរ​អស់​ទៅ​ហើយ ។ ចំណែក​ដី​ប្រកាស​លក់​មាន​ចំនួន​តិចតួច មិន​ដូច​ពេល​មុន​ៗ​ដែរ»។

លោក​បន្ត​ថា ៖« មក​ដល់​សព្វ​ថ្ងៃនេះ គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​នេះ មិន​ទាន់​ឃើញ​មាន​សកម្មភាព​អភិវឌ្ឍន៍​នៅឡើយ​ទេ តែបើ​តាម​ខ្ញុំ​តាមដាន​មើល​ព័ត៌មាន ប្រហែល​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៩ ហើយ​ទីតាំង​គម្រោង​នេះ បើ​មើល​តាម​ផែនទី គឺ​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​ស្អាង » ។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ៖« ជា​ទូទៅ តម្លៃ​អចលនទ្រព្យ​ទាំងអស់ នៅ​ពេល​ទើបតែ​ប្រកាស​ពី​គម្រោង​ណាមួយ ក្នុង​ដំណាក់កាល​ដំបូង​នៅ​ពេល​មាន​អ្នក​សួរនាំ​ចង់​ដឹង​ច្រើន នឹង​ធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង ប៉ុន្តែ​នៅ​មួយ​រយៈ​ពេល​ក្រោយមក វា​នឹង​ស្ងាត់ ឬ​អាច​ធ្លាក់​ចុះ​បន្តិច​វិញ​នៅ​ពេល​មាន​អ្នក​ចង់​លក់ » ។

លោក​បន្ត​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​នេះ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​មាន ក្រុមហ៊ុន​វិនិយោគ ក្រុមហ៊ុន​ផ្តល់​សេវា​អចលន​ទ្រព្យ មេធាវី និង​អ្នក​រត់​ប្លង់ ជា​ពិសេស ប្រជា​កសិករ​ដែល​មាន​ដីធ្លី​នៅ​ចំ​កន្លែង​ជា​ច្រើន​ហិ​កតា នឹង​ក្លាយជា​អ្នកមាន​ដោយ​ពុំ​ដឹងខ្លួន ដោយសារ​តែ​តម្លៃ​ដីធ្លី​ឡើងថ្លៃ​ខ្ពស់ បើ​ប្រៀប​ធៀប​នឹង​ពេល​មុន​មិន​ទាន់​មាន​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នេះ ។

លោក លឹ​ម ចាន់​សូ​ភី មាន​ប្រសាសន៍​បន្ត​ថា ៖« ចំពោះ​ខ្ញុំ បើ​នៅ​ថ្ងៃ​ខាង​មុខ គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​ពិតជា​បង្កើត​នៅ​ខេត្តកណ្តាល​មែន វា​ជា​ឱកាស​របស់​ខេត្តកណ្តាល នឹង​ទទួល​បានការ​អភិវឌ្ឍ​ពី​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​វិនិយោគ​នានា​នឹង​ចូល​មក​ច្រើន ហើយ​ធ្វើ​ឱ្យ​ខេត្តកណ្តាល​រីក​ចម្រើន​គ្រប់​វិស័យ ។ ដោយសារ​មូលហេតុ​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​បង្កើត​ឱ្យ​មាន​ផ្លូវ​ក្រវាត់​ទី​១ ទី​២ និង​ទី​៣ ឆ្លងកាត់​ខេត្តកណ្តាល​ទាំង​អស់»។

គួរ​រំឭក​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​នេះ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មី​ៗ​នេះ ។ គម្រោង​នេះ គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​១.៥០០​លាន​ដុល្លារ សហការ​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC​និង​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​មក​ពី​ប្រទេស​ចិន ដោយ​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​ដាក់​ឈ្មោះ​Cambodia Airport Investment Co., Ltd ។

យោង​តាម​លិខិត​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ចុះ​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១៧ បាន​បញ្ជាក់​ពី​កម្មវត្ថុ​សុំ​គោលការណ៍​អនុញ្ញាត​បង្កើត​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៊ិ​ន​វេស​មិន ខូ​អិ​ល​ធី​ឌី (Cambodia Airport Investment Co., Ltd) ជា​ក្រុម​ហ៊ុន​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​(PPP) ដោយ​យោង​តាម​លិខិត​លេខ​១៣៨ រ​.​ល​.​អ​.​ស ចុះ​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៧ និង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៧ ។

ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ឯកភាព​បង្កើត​ក្រុមហ៊ុន​ខាងលើ​ក្នុង​គោលបំណង​អភិវឌ្ឍន៍​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ 4F ដែល​មា​នទី​តាំងនៅ​ក្រុង​តា​ខ្មៅ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នៅ​លើ​ទំហំ​ដី​ចំនួន​២.៦០០​ហិ​កតា ក្រោម​ទុន​វិនិយោគ​សរុប​១.៥០០​លាន​ដុល្លារ ដែល​បាន​មក​ពី​កម្ចី​ធនាគារ​បរទេស​១.១០០​លាន​ដុល្លារ​, កម្ចី​ពី​ភាគទុន OCIC ២៨០​លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី​១២០​លាន​ដុល្លារ​។ ក្នុង​នោះ​ក្រុម​ហ៊ុន OCIC មាន​៩០% និង​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល តំណាង​រាជរដ្ឋា​ភិបាល​កម្ពុជា​មាន​១០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ